3_story_2_22

ភ្លៀង និង​ខ្យល់​កន្ត្រាក់​នឹង​បន្ត​កើតឡើង​ដល់​ថ្ងៃ​ទី ៩ មេសា ឆ្នាំ២០១៧

ប្រភព ៖ ភ្នំពេញបុស្តិ៍

ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករថាភ្លៀងកក់ខែដែលនាំមកនូវ ខ្យល់កន្ត្រាក់ និងផ្គររន្ទះនឹងបន្តធ្លាក់រហូតដល់ថ្ងៃទី ៩ ខែមេសាហើយថារដូវវស្សាអាចនឹងមកដល់នៅសប្ដាហ៍ទី ១ នៃខែឧសភាដែលលឿនជាងឆ្មាំមុនៗ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានថ្លែងកាលពីម្សិលមិញថាយោងតាមការព្យាករអាកាសធាតុបង្ហាញថាជ្រលងសម្ពាធទាបដែលកំពុងរុញច្រានមកពីភាគខាងត្បូងនៃសមុទ្រចិនភាគខាងត្បូងបានប្រសព្វគ្នាជាមួយជ្រលងសម្ពាធខ្ពស់ដែលរុញមកពីភាគខាងត្បូងប្រទេសចិនត្រង់ចំណុចដែនដីសណ្ដទន្លេមេគង្គហើយវានឹងរំកិលមកគ្របដណ្ដប់លើប្រទេសកម្ពុជានៅថ្ងៃអង្គារនេះ ដែលនឹងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយពេញលើផ្ទៃប្រទេសក្នុងកម្រិតពីមធ្យមទៅច្រើន។

លោកបញ្ជាក់ថា៖ «តំបន់ទំនាបកណ្ដាលភាគខាងត្បូង តំបន់ខ្ពង់រាបភាគឦសាន និង តំបន់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនចាប់ពីថ្ងៃអង្គារនេះរហូតដល់ថ្ងៃអាទិត្យខាងមុខនេះ»។

ជាមួយគ្នានេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋពិសេសប្រជានេសាទសមុទ្រ និងទេសចរមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតខ្យល់កន្ត្រាក់ និងផ្គររន្ទះដែលអាចនឹងកើតមានឡើងនៅពេលមេឃរកកលភ្លៀង។

លោក យុត្ថា ក៏បានឲ្យដឹងផងដែរថាអាកាសធាតុឆ្នាំនេះមានការប្រែប្រួលទៅរកភាពល្អប្រសើរច្រើនជាងឆ្នាំមុនដោយឆ្នាំនេះប្រទេសកម្ពុជាបានរួចផុតពីឥទ្ធិពលនៃបាតុភូត El Nino ដែលក្ដៅហើយរាំងស្ងួតស្ទើរពាក់កណ្ដាលពិភពលោកហើយពេលនេះកម្ពុជាកំពុងស្ថិតនៅចន្លោះនៃបាតុភូត El Nino និង La Nina ដែលអាកាសធាតុមិនក្ដៅហួតហែងដូចឆ្នាំមុននោះទេ៕

Leave a Reply