ការជួសជុលកែលម្អផ្លូវរថភ្លើងផ្តល់ផលប៉ះពាល់អ្វីខ្លះដល់ប្រជាសហគមន៍
Posted On : កញ្ញា, 6, 2016 | By សំឡេងទីក្រុង

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើងត្រូវបានប្រាប់អោយរើចេញចំងាយ៧ម៉ែត្រ ពីផ្លូវ នេះបើយោងតាមអត្ថបទមួយពីកាសែតភ្នំពេញប៉ុស្តិ៍កាលពី ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៦។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅសាលាក្រុងធ្វើការវាយតម្លៃផ្លូវរថភ្លើងពីតំបន់បឹងកក់ទៅកាន់ផ្លូវជាតិលេខប្រាំ និងធ្វើការអភិវឌ្ឍទៅជាផ្លូវថ្មី។

ដូចបានដឹងស្រាប់ហើយ មានប្រជាពលរដ្ឋជាច្រើន១០០ គ្រូសារនៅតែបន្តររស់នៅតំបន់នោះ លោកប៉ាសុជាតិវង្សអភិបាលរាជធានីភ្នំពេញបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីខែមិថុនា ថាផ្លូវរថភ្លើងដែលគ្រោងនឺងធ្វើថ្មីមានចំងាយ ៥,៦២ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៥ ទៅកាន់តំបន់បឹងកក់។

ការអភិវឌ្ឍនេះមិនមានការសារទរពីប្រជាពលរដ្ឋដែលរស់នៅយូរឆ្នាំក្នុងតំបន់នោះទេ ហើយពួកគេមានការព្រួយបារម្ភអំពីកន្លែងថ្មីដែលពួកគេនឹងទៅ។ អ្នកភូមិមួយចំនួនបានបញ្ចេញអារម្មណ៍របស់ពួកគេពីការរើចេញពីកន្លែងនោះ ប៉ុន្តែអ្នកភូមិមួយចំនួនទៀតមិននិយាយអ្វីទាំងអស់ ហើយអ្នកខ្លះនិយាយថាពួកគេខ្លាច មិនហ៊ាននិយាយ ព្រោះតែពួកគេក្រ  មិនមានអំណាច បើធៀបទៅនឹងអាជ្ញាធរ។

អ្នករត់រ៉ឺម៉កកង់បី អាយុ៣៧ឆ្នាំម្នាក់  ក្នុងដៃពរកូនស្រីអាយុ៣ឆ្នាំ  បាននិយាយ ជាមួយនិងកែវភ្នែកដែលមានទុក្ខក្រៀមក្រំ ដោយសុំមិនបញ្ចេញឈ្មោះ គាត់បានប្រាប់ថា គាត់បានរស់នៅទីនោះអស់រយះពេល១៩ឆ្នាំហើយ  គាត់មិនទទួលបានសិទ្ធជាម្ចាស់ដី  ហើយក៏មិនដឹងកន្លែងណាដែលត្រូវទៅ។ ប្រពន្ធរបស់គាត់លក់ចាបហ៊ួយ នៅតំបន់នោះ។ គាត់បានបន្ថែមថា ដី ជាកម្មសិទ្ធរបស់រដ្ឋ ហើយគេអាចបណ្ដេញចេញយើងបានគ្រប់ពេល ។ ផ្ទះរបស់គាត់ធ្វើអំពីឈើ ហើយមានចំងាយ៣ម៉ែត្រពីផ្លូវរថភ្លើង។

Children at Phnom Penh railwayលើសពីនេះទៀត ភាគច្រើននៃប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងគឺជាអ្នកក្រីក្រដែលមកពីជនបទ ដើម្បីស្វែងរកការងារធ្វើក្នុងទីក្រុង។  ពួកគេលក់លៀសនៅរដូវក្ដៅ ហើយលក់ខ្យងនៅរដូវវស្សា។  ប្រាក់ចំនូលរបស់ពួកគេទាប ដូច្នេះហើយពូកគេមិនមានលទ្ធភាព ក្នុងការទិញដី ឬក៏ជួលផ្ទះនៅក្នុងទីក្រុង ។  លើសពីនេះ ពួកគេក៏មិនមានដីនៅជនបទ ឬស្រុកកំណើតរបស់គេដែរ។

ជាទូទៅការអភិវឌ្ឍគឺជាសញ្ញាក្នុងការផ្លាស់ប្តូរស្ថានភាពរស់នៅក្នុងប្រទេស ឧទាហរណ៍ដូចជាការជួសជុលកែលម្អផ្លូវរថភ្លើងដែលមិនបានប្រើប្រាស់ជាយូរឆ្នាំមកហើយ។ ប៉ុន្តែចុះអ្នកដែលរស់នៅតាមបណ្តោយផ្លូវនេះ? តើរដ្ឋគិតយ៉ាងណាចំពោះពួកគាត់? តើពួកគេ នឹងទទួលបានទីកន្លែងថ្មីសំរាប់រស់នៅដែរឬទេ នៅពេលដែលពួកគាត់ត្រូវបានបណ្តេញចេញពីផ្លូវរថភ្លើង?

ក្នុងនាមប្រជាពលរដ្ឋកម្ពុជា ខ្ញុំពិតជាចង់ឃើញការអភិវឌ្ឍគម្រោងផ្លូវរថភ្លើងថ្មី ប៉ុន្តែខ្ញុំកាន់តែមានការំភើប ប្រសិនបើប្រជាពលរដ្ឋដែលរស់នៅតំបន់នោះត្រូវបានផ្ដល់កន្លែងរស់នៅជាក់លាក់ ជាពិសេស ក្នុងសហគមន៍ដែលមានចំនួន ក្មេងៗ និងយុវជនជាច្រើន។ ពួកគេជាអ្នកជំនាន់ក្រោយ ហើយអនាគត់របស់ប្រទេសរបស់យើង គឺត្រូវការពួកគេ  ប្រសិនបើយើងរំពឹងឱ្យប្រទេសកម្ពុជាកាន់តែល្អប្រសើរ មានសុវត្ថិភាពនិងវិបុលភាព៕

 

សំឡេងទីក្រុង!

សំឡេងទីក្រុង!