ពលរដ្ឋរស់នៅតាមផ្លូវរថភ្លើងទាមទាររដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីឲ្យពួកគេ
Posted On : April, 28, 2017 | By Thak Sreyleak

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព ៖ VOD

ក្រុមប្រជាពលរដ្ឋរស់នៅតាមផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រស្បត្តិ៍ទី២៧មេសានេះ នាំគ្នាតវ៉ានៅមុខសាលារាជធានីភ្នំពេញ ដើម្បីជំរុញឲ្យស្ថាប័ននេះ បញ្ជាក់ពីការផ្ដល់សំណងឲ្យពួកគេ ដោយបារម្ភខ្លាចមានការបណ្ដេញចេញទាំងបង្ខំដូចសហគមន៍ផ្សេងៗទៀត។

តំណាងសហគមន៍ផ្លូវរថភ្លើងទួលសង្កែ A ម្នាក់ លោក ស៊ីម វីរៈ ប្រាប់អ្នកសារព័ត៌មានមុខសាលារាជធានីភ្នំពេញថា កន្លងមកសាលារាធានីភ្នំពេញ ប្រាប់ពួកគាត់ថា នឹងដោះស្រាយប៉ះពាល់ ទាំងអស់ឲ្យពលរដ្ឋ ប៉ុន្តែមកដល់ពេលនេះពួកគាត់មិនទាន់ដឹងពីដំណោះស្រាយសាលារាធានីភ្នំពេញនោះឡើយ។

លោកបន្តថា ពួកគាត់មកដាក់ញត្តិនៅថ្ងៃនេះ គឺចង់ឲ្យសាលារាជធានីបញ្ជាក់ពីយន្តការនៃការដោះស្រាយផលប៉ះពាល់ឲ្យបានច្បាស់។

លោកថា៖ «ខ្ញុំដាក់លិខិតម្ដងហើយ ប៉ុន្តែមានការឆ្លើយបង្វៀង ហើយមានការភូតកុហក រហូតមកដល់ពេលនេះ ពួកខ្ញុំយើងញត្តិមកដាក់ម្ដងទៀត ដើម្បីឲ្យគាត់ឆ្លើយជូនប្រជាពលរដ្ឋថាតើដំណោះស្រាយជូនប្រជាពលរដ្ឋដោះស្រាយយ៉ាងដូចម្ដេច។ ចឹងប្រជាពលរដ្ឋរាល់ថ្ងៃកំពុងព្រួយបារម្ភ ពីការទូទាត់សំណង ពីព្រោះថាបោះឆ្នោតជិតមកដល់ តើបោះឆ្នោតរួមពួកខ្ញុំទៅនៅណា រាល់ថ្ងៃគាត់ភ័យខ្លាច មុចមិនជ្រៅទៅមិនឆ្ងាយ គាត់រកស៊ីអីក៏គាត់ចាប់អីខុស ដោយសារគាត់ព្រួយបារម្ភពីផ្ទះ។ បើសិនសាលារាជធានីប្រាប់ទីតាំងគាត់ថានៅទីណា នៅពេលណាចឹងឲ្យគាត់ស្ងប់ចិត្តបន្តិច»

តំណាងពលរដ្ឋម្នាក់ទៀតលោក ឡុង ចាន់ឌី លើកឡើងថា ពួកគាត់បារម្ភខ្លាចត្រូវបានបណ្ដេញចេញទាំងបង្ខំ ដូចសហគមន៍ដទៃទៀតខណៈដែលរដ្ឋាភិបាលបើកការដ្ឋានសាងសងផ្លូវបេតុងកាត់សហគមន៍របស់ពួកគេតែមិនទាន់បានដោះស្រាយពីផលប៉ះពាល់ឲ្យពួកគាត់នៅឡើយ។

លោកថា៖ «ដំណោះស្រាយពួកគាត់គិតថាល្អ ប៉ុន្តែពួកយើងមើលអត់ទាន់ឃើញ អាហ្នឹងហើយយើងបារម្ភ បារម្ភពីដំណោះស្រាយហ្នឹង អាចដូចគេឬយ៉ាងណា អាហ្នឹងយើងកំពុងបារម្ភរឿងហ្នឹង បានយើងពន្យាយាមប្រឹងមក តាមដានសួរហ្នឹង»។

ក្រុមអ្នកតវ៉ា ព្រមានថា ប្រសិនបើរយៈពេលមួយសប្ដាហ៍មិនទទួលបានការឆ្លើយតបទេ ពួកគេនឹងនាំគ្នាយកសម្ភារៈមកបោះតង់ស្នាក់នៅមុខសាលារាជធានីភ្នំពេញ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មានប្រសាសន៍ថា សាលារាជធានីភ្នំពេញនឹងធ្វើការដោះស្រាយឲ្យប្រជាពលរដ្ឋរួចរាល់សិន ទើបធ្វើការសាងសងផ្លូវបេតុងនោះ។

លោកថា៖ «គ្រាន់តែអ្វីដែលគាត់មានការងឿឆ្ងល់ ហើយមានការបារម្ភថា ហេតុអ្វីបានជាមានកាដ្ឋានសាងសង់ចឹងបានជា ខ្ញុំចង់ជម្រាបជូនថាអានេះ គ្រាន់តែជាកាដ្ឋានគំរូ ដែលយើងត្រូវធ្វើដូចជាផ្ទះគំរូ។ គំរូនឹងឲ្យគាត់មើលឃើញជាក់ស្ដែង ថាផ្លូវយើងគឹចឹងរបៀបចឹង ហើយអញ្ចឹងគាត់មកជាមួយគ្នា ហើយពិភាក្សាអី ទៅលើការងារដោះស្រាយផលប៉ះពាល់ជូនពួកគាត់ដូចគ្នាទេ ដដែលទេមិនមានអី ជាបារម្ភក្នុងការរុះរើ បណ្ដេញអីពួកគាត់ដូចការបារម្ភនោះទេ»។

នាយកលេខាធិកាដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា កន្លងមក អភិបាលរាជធានីភ្នំពេញបាន បើកវេទិកាសារធាណជាមួយពលរដ្ឋថានឹងដោះស្រាយប៉ះពាល់នោះឲ្យ ដោយមិនឲ្យពលរដ្ឋណាម្នាក់រងគ្រោះដោយសារ ការអភិវឌ្ឍន៍បេតុងនោះឡើយ។

លោកបន្តថា សាលារាជធានីភ្នំពេញ គួរតែពន្លឿការដោះស្រាយ បញ្ហានេះឲ្យបានឆាប់ ដើម្បីកុំពលរដ្ឋព្រួយបារម្ភបន្តទៀត។

លោកថា៖ «យើងសូមលើកទឹកចិត្តទៅដល់សាលារាជធានីភ្នំពេញ គួរតែជំរុញការងារហ្នឹង ទៅថ្នាក់ក្រោម រាជធានីថ្នាក់ខណ្ឌ ឬថ្នាក់សង្កាត់ដើម្បីឲ្យគាត់អាចពន្យល់ប្រជាពលរដ្ឋឲ្យបានច្បាស់លាស់កុំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច កុំឲ្យគាត់មានការបារម្ភអំពីការប៉ះពាល់ផ្សេងៗហ្នឹងដោយសារអភិវឌ្ឍន៍ផ្លូវហ្នឹង»។

កាលពីថ្ងៃទី២០ខែធ្នូឆ្នាំ២០១៦ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានចុះបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែរ ចាប់ពីគីឡូម៉ែត្រលេខ៦ ដល់ផ្លូវទំនប់៧០ មានប្រវែង ៤.៥១០ម៉ែត្រ ទទឹង៧ម៉ែត្រសងខាងផ្លូវដែក ដែលនឹងត្រូវសង់ឲ្យហើយក្នុងរយៈពេល៥ខែ។

លោកបន្តថា ចំពោះផលប៉ះពាល់វិញ សាលារាជធានីមិនអាចដោះស្រាយឲ្យប្រជាពលរដ្ឋមុនបានទេ ដោយសារពលរដ្ឋខ្លះប៉ះពាល់តិច ហើយពលរដ្ឋខ្លះប៉ះពាល់ច្រើន ដូចនេះលោកថាលោកនឹងឲ្យក្រុមការងារចុះសិក្សាទៅតាមសហគមន៍នីមួយៗសិន៕

Urban Voice Cambodia

Urban Voice Cambodia