10413394_737560092998096_1588054220772814774_n

រដ្ឋាភិបាលប្រទេសស្វីសចុះហត្ថលេខាបន្ដផ្ដល់ជំនួយដល់មន្ទីរពេទ្យ​គន្ធបុប្ផា

រដ្ឋាភិបាលកម្ពុជានិងស្វីស នៅរសៀលថ្ងៃអង្គារនេះ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្ដិការបច្ចេកទេស ហិរញ្ញវត្ថុសេដ្ឋកិច្ចនិងជំនួយមនុស្សធម៌ ដែលក្នុងនោះមានការផ្តល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

សេចក្ដីជូនព័ត៌មានមួយចុះថ្ងៃទី១៤ ខែមីនា បានឲ្យដឹងថានៅថ្ងៃទី១៥ ខែមីនា វេលាម៉ោង៣និង៣០នាទីរសៀលនេះ នៅទីស្ដីការក្រសួងការបរទេស លោក ហោ ណាំហុង រដ្ឋមន្ដ្រីការបរទេសកម្ពុជានិងលោក អ៊ីវ៉ូ ស៊ីបី(Ivo SIEBER)ឯកអគ្គរដ្ឋទូតស្វីសប្រចាំប្រទេសកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលសហព័ន្ធស្វីស ស្ដីពីកិច្ចសហប្រតិបត្ដិការបច្ចេកទេស ហិរញ្ញវត្ថុសេដ្ឋកិច្ចនិងជំនួយមនុស្សធម៌។

សេចក្ដីជូនព័ត៌មានបានឲ្យដឹងទៀតថាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះបានបញ្ជាក់ជាថ្មីម្ដងទៀតពីការប្ដេជ្ញាចិត្ដរបស់ប្រទេសស្វីសក្នុងការជួយដល់ការអភិវឌ្ឍកម្ពុជា។ ក្រសួងបានបន្ដថាបច្ចុប្បន្នជំនួយហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ស្វីសចំពោះកម្ពុជាមានចំនួន១២លានដុល្លារអាមេរិក ដែលផ្ដោតលើអភិបាលកិច្ចមូលដ្ឋាននិងការចូលរួមរបស់ពលរដ្ឋ កសិកម្មនិងសន្ដិសុខស្បៀង ការអភិវឌ្ឍជំនាញនិងការងារនិងជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

បើតាមក្រសួងការបរទេសកម្ពុជា រដ្ឋាភិបាលស្វីសបានជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ចាប់តាំងពីឆ្នាំ១៩៩៤ ក្នុងថវិកាសរុបចំនួន៥៥លានដុល្លារអាមេរិក។ ថវិការួមវិភាគទានប្រចាំឆ្នាំរបស់ស្វីសដល់មន្ទីរពេទ្យគន្ធបុប្ផា មានចំនួន៤លានដុល្លារអាមេរិក៕

ប្រភពពី ៖ VOD

Leave a Reply