9-ppwsa

ប្រាក់​ចំណេញ​របស់​រដ្ឋាករ​ទឹក​ភ្នំពេញ​ នៅ​ត្រី​មាស​ទី​២ ​ធ្លាក់​ចុះ​យ៉ាង​គំហុក

ប្រភព ៖ ភ្នំពេញបុស្តិ៍

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) ដែលជាសហគ្រាសរដ្ឋដែលចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជា បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ២ របស់ខ្លួនកាលពីសប្តាហ៍មុន ដោយបង្ហាញពីការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៃប្រាក់ចំណេញសុទ្ធ បើទោះបីជាចំណូលដុលបានកើនឡើងក្តី។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ PPWSA ដែលចេញផ្សាយនៅលើគេហទំព័រផ្សារមូលបត្រកម្ពុជា (CSX) កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកនៅរាជធានីភ្នំពេញមួយនេះទទួលបានប្រាក់ចំណូលសរុប ១៤,៧ លានដុល្លារក្នុងរយៈពេល ៣ ខែចាប់ពីខែ មេសា ដល់ ខែមិថុនា ឆ្នាំនេះ គឺកើនឡើងប្រមាណ ១៥,៥ ភាគរយ ពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប៉ុន្តែប្រាក់ចំណេញសុទ្ធ (ចំណេញបន្ទាប់ពីបង់ពន្ធរួច) នៅត្រីមាសទី ២ នេះបានធ្លាក់យ៉ាងខ្លាំងមកនៅត្រឹម ៧៩ ម៉ឺនដុល្លារនៅត្រីមាសទី ២ ឆ្នាំនេះពីប្រមាណ ៣ លានដុល្លារកាលពីត្រីមាសទី២ ឆ្នាំ២០១៦។

ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងសុំការពន្យល់ពីតំណាងក្រុមហ៊ុនPPWSA ទាក់ទងនឹងការធ្លាក់ចុះប្រាក់ចំណេញសុទ្ធនេះបានទេកាលពីម្សិលមិញ។

យ៉ាងណាក៏ដោយ របាយការណ៍ ហិរញ្ញវត្ថុបង្ហាញថា ការចំណាយ ថ្លៃហិរញ្ញវត្ថុ (រួមមានថ្លៃការប្រាក់លើកម្ចី និងការខាតបង់លើអត្រាប្តូរប្រាក់នៃការប្រាក់លើប្រាក់កម្ចី) របស់ PPWSA បានចំណាយច្រើននៅត្រីមាសទី ២ ឆ្នាំនេះ ធៀបនឹងត្រីមាសទី ២ ឆ្នាំ ២០១៦។

នៅត្រីមាសទី២ឆ្នាំ ២០១៧ PPWSA បានចំណាយប្រមាណជិត៥លានដុល្លារទៅលើចំណាយថ្លៃហិរញ្ញវត្ថុ ខណៈកាលពីត្រីមាសទី ២ ឆ្នាំ ២០១៦ PPWSA ចំណាយត្រឹមតែជាង ១ លានដុល្លារលើ ចំណាយថ្លៃហិរញ្ញវត្ថុ (Financial Costs)។

របាយការណ៍ដដែលបង្ហាញថា នៅឆមាសទី ១ ឆ្នាំ ២០១៧ នេះPPWSA ទទួលបានចំណូលដុល ២៨,១ លានដុល្លារ គឺកើនឡើងប្រមាណ១៦ភាគរយពី២៤,២លានដុល្លារនៅឆមាសទី ១ ឆ្នាំមុន។ ប្រាក់ចំណេញសុទ្ធនៅឆមាសទីមួយឆ្នាំនេះមានចំនួន៣,៥លានដុល្លារ ធ្លាក់ចុះពីប្រមាណ៥លានដុល្លារក្នុងរយៈពេល ដូចគ្នាឆ្នាំ ២០១៦។

កាលពីសប្តាហ៍មុន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបារាំង Vinci Construction Grands Projects ក្នុងគម្រោងស្តារឡើងវិញរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដើម្បីពង្រីកសមត្ថភាពផលិតទឹកស្អាតរបស់រោងចក្រនេះពី ២ ម៉ឺនម៉ែត្រគុបនាពេលបច្ចុប្បន្នដល់ ៥២ ០០០ ម៉ែត្រគុប។ សកម្មភាពសាងសង់នឹងចាប់ផ្ដើមនៅខែកញ្ញាឆ្នាំនេះហើយរំពឹងថា នឹងបញ្ចប់នៅក្នុងរយៈពេល២ឆ្នាំទៀត។

ការចំណាយសរុបលើគម្រោងស្តារឡើងវិញនេះមានប្រហែល ២៣,៥៦ លានដុល្លារ ហើយការងារសាងសង់នឹងត្រូវបានអនុវត្តដោយគម្រោង Vinci Construction Grands Project៕

Leave a Reply