gaur

នាយក​រដ្ឋមន្ត្រី​ បង្ហើប​ពី​ការ​សាងសង់​អគារ​ខ្ពស់​ជាង​គេ​នៅ​ក្រុង ​ភ្នំពេញ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ក្តីសង្ឃឹមដល់អ្នកទន្ទឹងរង់ចាំមើលការសាងសង់អគារខ្ពស់ជាងគេនៅរាជធានីភ្នំពេញដោយលោកបានលើកឡើងពីអនាគតក្រុងភ្នំពេញនឹងមានអគារចំនួន ១២៥ ជាន់ និងមានកម្ពស់ ៥២០ ម៉ែត្រដែលអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។

មានប្រសាសន៍ក្នុងពិធីសម្ភោធផ្លូវទំហំ ៦០ ម៉ែ្រតជាផ្លូវវែង និងធំជាងគេនៅទីក្រុងភ្នំពេញដែលដាក់ឈ្មោះរបស់លោកកាលពីព្រឹកថ្ងៃច័ន្ទ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាការអភិវឌ្ឍមានភាពស៊ីជម្រៅដែលកាលពីមុនដីនៅទីក្រុងភ្នំពេញ និងជាយក្រុងភ្នំពេញក្នុងមួយគីឡូម៉ែត្រមានសំណង់ត្រឹមតែ ៣ ឬ ៥ ពាន់ម៉ែត្រការ៉េតែប៉ុណ្ណោះ ប៉ុន្តែឥឡូវដីមួយហិកតាអាចមានសំណង់រហូតដល់ ៥ ម៉ឺន ឬ ១០ ម៉ឺនម៉ែត្រការ៉េក៏អាចថាបាន។

លោកបានបន្តថា៖ «ពីមុននៅទីក្រុងភ្នំពេញមានសំណង់កម្ពស់ត្រឹម ៣ ទៅ ៨ ជាន់ឥឡូវមានសំណង់រហូតដល់ ៤០ ឬ ៥០ ជាន់ហើយគ្រោងនៅពេលខាងមុខនេះមានអគារកម្ពស់ ១២៥ ជាន់អាចខ្ពស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍យើងនេះដោយមានកម្ពស់រហូតដល់ ៥២០ ម៉ែត្រអ៊ីចឹងយើងអាចនាំគ្នាឡើងទៅតេស្តមេឃ» បាន។

លោកបន្តថាទីក្រុងភ្នំពេញមានការអភិវឌ្ឍយ៉ាងលឿនដែលមានទីក្រុងរណបយ៉ាងរស់រវើក ហើយទីក្រុងរណបនោះហើយបានបន្ថែមហេដ្ឋារចនាសម្ព័ន្ឋនានាទើបអាចធ្វើឲ្យវាក្លាយជាទីក្រុងរណបបាន។

លោកបានបន្តថាប្រវត្តិទីក្រុងភ្នំពេញមានការអភិវឌ្ឍពិសេសក្នុងដំណាក់កាលទសវត្សរ៍ឆ្នាំ ១៩៥០ ឆ្នាំ ១៩៦០ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេសម្រាប់ប្រទេសរបស់យើងដោយទីក្រុងនេះមានការអភិវឌ្ឍយ៉ាងលឿនក្នុងដំណាក់កាលដែលលោករួមទាំងសហការី បាននិងកំពុងដឹកនាំប្រទេសហើយពីមុនទីក្រុងនេះមានផ្ទៃដីជាង ៣០០ គីឡូម៉ែត្រការ៉េ ឥឡូវមានផ្ទៃដីជិត ៧០០ គីឡូម៉ែត្រការ៉េ។

លោកបានបន្តថា៖ «នេះជាស្ថានភាពប្រែប្រួលមួយដ៏សំខាន់ដែលនាំមកសម្រាប់ទីក្រុងភ្នំពេញរបស់យើង»។

យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថាគិតត្រឹមដំណាច់ឆ្នាំ ២០១៦ កន្លងមកនេះទីក្រុងភ្នំពេញមានសំណង់អគារកម្ពស់ ៥ ជាន់ដល់ ៤៥ ជាន់ជាង ៦០០ អគារ។

លោកសាស្ត្រាចារ្យ ទួស សាភឿន ស្ថាបត្យករមួយរូបដែលបានចូលរួមគូអគារពាណិជ្ជកម្មជាប្រវត្តិសាស្ត្រនេះបានថ្លែងឲ្យដឹងថាបច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំកែលម្អរចនាសម្ព័ន្ឋអគារពាណិជ្ជកម្មនេះ បន្ទាប់ពីមានការស្នើសុំពីឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ទើបការងារនេះត្រូវពន្យារពេលសាងសង់រហូតមកទល់ពេលនេះ។

លោកបន្តថាការកែលម្អរចនាសម្ព័ន្ធរបស់អគារនេះនឹងខិតគម្លាត ២៥ ម៉ែត្រពីរបងនៅទល់មុខសណ្ឋាគារ និងកាស៊ីណូណាហ្កា។

លោកបន្តថា៖ «ប្រសិនជាមិនមានអ្វីរាំងស្ទះការសាងសង់អគារភ្លោះកប់ពពកនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំក្រោយព្រោះដែក និងការងារបច្ចេកទេសគ្រឹះរបស់អគារនេះយើងមានអស់ហើយ»។ លោកបន្តថា៖ «ក្រុមហ៊ុនក៏មានថវិកានៅក្នុងដៃ និងក្រុមហ៊ុនសហការនៅតែបន្តធ្វើការជាមួយយើងដើម្បីសាងសង់អគារនេះ»។

លោក ទួស សាភឿន បានបន្តថាតាមគម្រោងអគារពាណិជ្ជកម្មកប់ពពកនេះនឹងចំណាយទុនវិនិយោគសម្រាប់សាងសង់ចំនួន ២១០០ លានដុល្លារអាមេរិក និងថវិកា ៣០០០ លានដុល្លារទៀតនឹងទុកប្រើប្រាស់សម្រាប់រៀបចំអគារនេះឲ្យអាចដំណើរការប្រកបដោយភាពរស់រវើក។ ការរៀបចំរចនាប្លង់អគារនេះបានបញ្ចប់ហើយ និងកំពុងរង់ចាំការអនុម័តពីថ្នាក់ដឹកនាំក្រសួងដើម្បីចាប់ផ្តើមការងារបន្តតែប៉ុណ្ណោះ។

តាមគម្រោងអគារពាណិជ្ជកម្មកប់ពពកនេះនឹងធ្វើការសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុនសំណង់ Hsin Chong Construction Group Ltd. និងសហការវិនិយោគរវាងក្រុមហ៊ុន Thai Boon Rong Group និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅទីក្រុងម៉ាកាវ Sun Kian Ip Group។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថាប្រសិនជានាយករដ្ឋមន្ត្រីប្រកាសពីការមានអគារនេះច្បាស់ជាមានការសាងសង់ហើយ ហើយក្នុងនាមជាខ្មែរម្នាក់លោកសប្បាយចិត្តដែលមានអគារខ្ពស់បែបនេះនៅប្រទេសកម្ពុជាហើយវាជាអគារខ្ពស់ជាងគេក្នុងតំបន់អាស៊ាន។ លោករំពឹងថាបន្ទាប់ពីសាងសង់ចប់អគារនេះនឹងដំណើរការដោយរលូន សម្រាប់ទីផ្សារនាពេលអនាគត។

លោកបន្តថា៖ «ការមានវត្តមានរបស់អគារនេះវាបង្ហាញពីមោទនភាពជាតិបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជាបង្ហាញពីស្ថិរភាពនយោបាយ និងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគដែលពួកគេនឹងមកវិនិយោគបន្ថែមទៀតនៅកម្ពុជា»។

គម្រោងនេះក៏ធ្លាប់ទទួលបានការអនុម័តរួចហើយពីអតីតរដ្ឋមន្ត្រីក្រសួងដែនដីលោក អ៊ឹម ឈុនលឹម ប៉ុន្តែក្រោយមកក្រសួងនេះបានផ្លាស់ប្តូរថ្នាក់ដឹកនាំដោយមានលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ជារដ្ឋមន្ត្រី គម្រោងសាងសង់អគារត្រូវបានផ្អាកដោយសារទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានសម្រេចឲ្យគម្រោងនេះបង្ខិតអគារចូលខាងក្នុងដើម្បីកុំឲ្យអគារនេះនៅកៀកផ្លូវជាប់សួនច្បារសម្តេចតេជោពេក។

លោក ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបដិសេធមិនអត្ថាធិប្បាយដោយជំរុញឲ្យសួរលោក សេង ឡូត អ្នកនាំពាក្យក្រសួងនេះ។

លោក សេង ឡូត មន្ត្រីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រាប់ប៉ុស្តិ៍អចលនទ្រព្យកាលពីព្រឹកម្សិលមិញថា៖ «ឥឡូវនេះឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានសម្រេចឯកភាពទៅលើការកែប្រែប្លង់មេរបស់អគារនេះរួចហើយ»៕

ប្រភព ៖ ភ្នំពេញបុស្តិ៍

Leave a Reply