18-7-003

នគរបាល​នឹង​ចាប់​ផាក​ពិន័យ​ ​អ្នក​ចត​យានយន្ត​ខុស​ច្បាប់

ប្រភព ៖ ភ្នំពេញបុស្តិ៍

នៅដើមខែសីហាខាងមុខនេះក្រុមការងារពិសេសនគរបាលក្រសួងមហាផ្ទៃនឹងចាប់ផ្ដើមអនុវត្តការផាកពិន័យចាប់ពី ៥ ម៉ឺនទៅដល់ ១០ ម៉ឺនរៀល ទៅលើយានយន្តទាំងឡាយណាដែលឈប់ចតរំលោភច្បាប់ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលអាចដឹងច្បាស់ពីអត្តសញ្ញាណ និងអាសយដ្ឋានពិតប្រាកដរបស់ម្ចាស់យានយន្ត។

លោក ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃបានថ្លែងថា អ្នកចតយានយន្តរំលោភច្បាប់ និងស្លាកសញ្ញាគំនូសចរាចរណ៍សាធារណៈនឹងត្រូវប្រឈមចំពោះការផាកពិន័យពី ៥ ម៉ឺនដល់ ១០ ម៉ឺនរៀលអាស្រ័យទៅលើប្រភេទយានយន្ត ការដកប័ណ្ណបើកបរ (ចំពោះរថយន្ត) ហើយអាចប្រឈមទៅនឹងការចាត់វិធានការតាមផ្លូវតុលាការផងដែរក្នុងករណីជនប្រព្រឹត្តបទល្មើស ខកខានបង់ប្រាក់ផាកពិន័យតាមកាលកំណត់របស់មន្ត្រីនគរបាលចរាចរណ៍។

លោក រ័ត្នវាសនា បញ្ជាក់ថា៖ «នៅពេលនេះក្រុមការងាររបស់យើងកំពុងចុះអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋ ពិសេសម្ចាស់យានយន្តអំពីវិធាននៃច្បាប់ និងគំនូសសញ្ញាចរាចរណ៍ខ្សែគន្លងដែលត្រូវរត់ និងឈប់ចតយានយន្តឲ្យមានសណ្ដាប់ធ្នាប់នៅលើដងផ្លូវសាធារណៈ។ ជាមួយគ្នានេះ យើងក៏កំពុងបណ្ដុះបណ្ដាលមន្ត្រីនគរបាលចរាចរណ៍របស់យើងអំពីរបៀបប្រើប្រាស់ឧបករណ៍បច្ចេកទេសតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបក្នុងការត្រួតពិនិត្យ និងស្វែងរកទិន្នន័យរបស់ម្ចាស់យានយន្តដែលចតល្មើសច្បាប់ និងការស្ទូចរថយន្តល្មើសច្បាប់ទៅរក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ផងដែរ»។

បើតាមលោក រ័ត្នវាសនា ការចុះផ្សព្វផ្សាយអប់រំពលរដ្ឋពីបញ្ហាខាងលើនេះមានរយៈពេលពីរសប្ដាហ៍កន្លងមកហើយ និងទទួលបានការគាំទ្រ និងចូលរួមយ៉ាងពេញទំហឹងពីគ្រប់មជ្ឈដ្ឋានទូទៅក្នុងរាជធានីភ្នំពេញ។

លោក យ៉ាន ប៊ុនធឿន អាយុ ៤៦ ឆ្នាំអ្នកបើកបររថយន្តតាក់ស៊ីម៉ែត្រឲ្យក្រុមហ៊ុន ហ្គ្រេតវ៉ល (Great Wall) បានថ្លែងដោយស្វាគមន៍ឲ្យមានចំណាត់ការផ្លូវច្បាប់ដោយស្មើភាពគ្នាចំពោះជនដែលឈប់ចតរថយន្តរំលោភច្បាប់ និងគំនូសសញ្ញាចរាចរណ៍។

លោកថ្លែងថា៖ «បច្ចុប្បន្នផ្លូវសាធារណៈជាច្រើននៅក្នុងរាជធានីនេះត្រូវបានគេយកធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ បង្កធ្វើឲ្យមានការកកស្ទះចរាចរណ៍លើដងផ្លូវសាធារណៈជាមួយគ្នានេះមន្ត្រីចរាចរណ៍មួយចំនួនហាក់ដូចជាខ្លាចឥទ្ធិពលរបស់ម្ចាស់អាជីវកម្ម និងម្ចាស់យានយន្ត ពិសេសយានយន្តដែលមានស្លាកលេខ (ខ.ម) និង (ន.ប) ពួកគេមិនហ៊ានផាកពិន័យ ឬហាមឃាត់នៅពេលដែលឃើញម្ចាស់យានយន្តទំនើបៗទាំងនោះឈប់ចតរថយន្តរំលោភច្បាប់ និងគំនូសសញ្ញាចរាចរណ៍នោះទេ ប៉ុន្តែបែរជាលើកដៃគំនាប់ហើយសុំលុយទៅវិញ។ ករណីនេះខ្ញុំបានជួបប្រទះជាច្រើនលើកមកហើយ»។

ទោះជាបែបណាក្ដី អ្នកស្រី ម៉ុន យ៉ា អាយុ ៣៨ ឆ្នាំជាអ្នកលក់ប្រហិត និង បន្លែចៀននៅលើដងផ្លូវសុធារសក្បែរសួនច្បារមុខវត្តបទុមវតីបានសម្ដែងក្ដីព្រួយកង្វល់អំពីការបាត់បង់ទីកន្លែងសម្រាប់ការលក់ដូរប្រចាំថ្ងៃរបស់ខ្លួន ខណៈទីតាំងផ្សេងពីនេះមិនអំណោយផលដល់ការលក់ដូររបស់គាត់។ សម្រាប់ទីតាំងនេះអ្នកស្រីអាចរកចំណូលបានពី ៥ ម៉ឺនដល់ ៧ ម៉ឺនរៀលក្នុងមួយថ្ងៃ ដែលចំនួននេះគឺជាប្រាក់ចំណេញដុល ក្រោយការទូទាត់ទៅលើថ្លៃដើម ថ្លៃសេវាដឹកជញ្ជូន និង ការបង់ពន្ធផ្សេងៗទៅឲ្យសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងតំបន់នោះរួច។

អ្នកស្រីថ្លែងដោយស្ទាក់ស្ទើរក្នុងចិត្តថា៖ «បើគេឈប់ឲ្យលក់នៅលើដងផ្លូវនេះខ្ញុំនឹងទៅរកកន្លែងផ្សេងទៀត ប៉ុន្តែសូមឲ្យមានការអនុវត្តជាទូទៅកុំអនុវត្តតែលើអ្នកលក់ដូរតូចតាចដូចខ្ញុំ ហើយមិនអនុវត្តទៅលើអ្នកមានលុយ និងមានអំណាច»។

ទាក់ទិននឹងបញ្ហានេះលោក រ័ត្នវាសនា ថ្លែងថា ដើម្បីឲ្យរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានសណ្តាប់ធ្នាប់ល្អប្រសើរ អ្នកគ្រប់គ្រងផ្សារ អ្នកម៉ៅការចំណត ម្ចាស់ចំណត ម្ចាស់ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋារ… និងក្លិបកម្សាន្តត្រូវរៀបចំចំណតសម្រាប់ភ្ញៀវរបស់ខ្លួនចូលចតឲ្យបានត្រឹមត្រូវចៀសវាងការឈប់ចតយានជំនិះនៅលើផ្លូវថ្នល់រំខានដល់ការធ្វើចរាចរ និងត្រូវចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា។

«ចាប់ពីដើមខែសីហាខាងមុខនេះទៅ សមត្ថកិច្ចយើងនឹងចុះអនុវត្តច្បាប់ផាកពិន័យដោយគ្មានការយោគយល់ឡើយ។ អ្នកចតយានជំនិះរំលោភច្បាប់ និងស្លាកគំនូសសញ្ញាចរាចរណ៍នឹងត្រូវរងការផាកពិន័យពី ៥ ម៉ឺនរៀលដល់ ១០ ម៉ឺនរៀល…ក្នុងករណីខកខានមិនបានបង់តាមកាលកំណត់របស់មន្ត្រីនគរបាលចរាចរណ៍ ការផាកពិន័យនឹងត្រូវកើនឡើងទ្វេដង (៣០ ថ្ងៃ) នឹងត្រូវពិន័យកើនឡើងបីដង (៦០ ថ្ងៃ) ហើយបើលើសពី ៩០ ថ្ងៃនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការជាស្វ័យប្រវត្តិ»៕

Leave a Reply