17-7-028

“ការ​បើកបរ​លើស​ល្បឿន​កំណត់​គឺ​ជា​បញ្ហា​ចម្បង​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍”

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព ៖ RFA

អង្គការសហប្រជាជាតិបានរៀបចំប្រារព្ធទិវាសប្ដាហ៍សុវត្ថិភាពចរាចរណ៍សកលបានចំនួន ៤លើកហើយ ហើយក្នុងចំណោមទាំង៤លើកនេះ គឺធ្វើឡើងក្រោមប្រធានបទផ្សេងៗគ្នា។ ដោយឡែកនៅក្នុងឆ្នាំ២០១៧ នេះ ក្រុមបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ បានជ្រើសយកប្រធានបទថ្មីគឺ “បន្ថយល្បឿនដើម្បីបន្ថយគ្រោះថ្នាក់ចរាចរណ៍”។

ការប្រារព្ធទិវាសប្ដាហ៍សុវត្ថិភាពចរាចរណ៍ក្នុងឆ្នាំ២០១៧នេះ ជំរុញឱ្យរដ្ឋាភិបាលអង្គការសង្គមស៊ីវិល និងអ្នកប្រើប្រាស់ផ្លូវទាំងអស់នៅក្នុងប្រទេសនីមួយៗ ស្វែងរកយន្តការរួមមួយ រួចហើយនាំគ្នាប្រើប្រាស់យន្តការនោះកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយការបើកបរល្បឿនលើសកំណត់។

នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកស្រី លឹម សុខជា ថ្លែងថា ចាប់តាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៦ អង្គការសហប្រជាជាតិបានរៀបចំប្រារព្ធទិវាសប្ដាហ៍សុវត្ថិភាពចរាចរណ៍ចំនួន ៣លើកមកហើយ ដោយលើកទី១ ក្រោមប្រធានបទ “ការចូលរួមរបស់យុវជនដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍” លើកទី២ ក្រោមប្រធានបទ “ការយកចិត្តទុកដាក់លើអ្នកថ្មើរជើង” និងលើកទី៣ ក្រោមប្រធានបទ “ការសង្គ្រោះជីវិតរបស់កុមារ”។

លោកស្រីបន្តថា ចំណែកប្រធានបទលើកទី៤ ក្នុងឆ្នាំ២០១៧ នេះ គឺអង្គការសហប្រជាជាតិសម្រេចឱ្យបណ្ដាប្រទេសនានា ជ្រើសយកប្រធានបទ “បន្ថយល្បឿនដើម្បីបន្ថយគ្រោះថ្នាក់ចរាចរណ៍”។

លោកស្រី លឹម សុខជា បញ្ជាក់ថា កន្លងមកទាំងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល មិនសូវចាប់អារម្មណ៍នឹងប្រធានបទបើកបរលើសល្បឿនកំណត់ ដូចជាការបើកបរក្នុងស្ថានភាពស្រវឹង និងការមិនពាក់មួកសុវត្ថិភាព ថ្វីត្បិតក្នុងមួយឆ្នាំៗអត្រាគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់ និងរងរបួសដោយសារបើកបរលើសល្បឿនកំណត់មានចំនួន ៤១% ក្ដី៖ «អត្រាគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយល្បឿននឹងថយចុះ ព្រោះចាប់ពីពេលនេះទៅ យើង (អង្គការសង្គមស៊ីវិល រដ្ឋាភិបាល និងអ្នកប្រើប្រាស់ផ្លូវ) នឹងមានសកម្មភាពរួមគ្នា»

ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងវេទិកាសារព័ត៌មានស្ដីពីសប្ដាហ៍សុវត្ថិភាពចរាចរណ៍សកលឆ្នាំ២០១៧ ក្រោមប្រធានបទ “បន្ថយល្បឿនដើម្បីបន្ថយគ្រោះថ្នាក់ចរាចរណ៍” ដែលរៀបចំនៅក្នុងសាលាបឋមសិក្សាព្រែកឯង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧។

មន្ត្រីជំនាញចរាចរណ៍របស់រដ្ឋាភិបាលឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជា ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ដែលបណ្ដាលឱ្យមនុស្សស្លាប់ និងរងរបួស គឺបង្កឡើងដោយសារបើកបរលើសល្បឿនកំណត់មានចំនួន ៣៥%។ ដោយឡែកក្នុងរយៈពេល ៣ខែក្នុងឆ្នាំ២០១៧ នេះ អាជ្ញាធរបានឃាត់យានយន្តដែលបើកលើសល្បឿនមានជាង ១ម៉ឺន (១០.៧៧៨) គ្រឿង។

ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ចេវ ហាក់ ថ្លែងថា ការបើកបរលើសល្បឿនកំណត់ គឺជាបញ្ហាចម្បងនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ហេតុនេះហើយ បានជានៅតាមផ្លូវជាតិសំខាន់គ្រប់ខេត្តទាំងអស់ អាជ្ញាធរបានពង្រាយម៉ាស៊ីនតាមដានល្បឿនយានយន្ត ហើយបច្ចុប្បន្ន អាជ្ញាធរបានដាក់លិខិតអញ្ជើញម្ចាស់យន្តយានដែលបើកបរលើសល្បឿនមានជាង ១ម៉ឺនករណី ដើម្បីមកបំពេញបែបបទតាមនីតិវិធីច្បាប់៖ «ម្ចាស់យានយន្តទាំងឡាយ ដែលមិនចូលមកបំពេញបែបបទតាមនីតិវិធីទេ យើងនឹងបញ្ជូនទៅតុលាការ»

លោក ចេវ ហាក់ បន្តថា ការបើកបរលើសល្បឿនកំណត់កើតឡើងច្រើនក្នុងអំឡុងពិធីធំៗ ជាពិសេសគឺអ្នកបើករថយន្តឈ្នួល និងអ្នកបើកបរផ្គើននឹងច្បាប់។ ទោះជាយ៉ាងនេះក្ដី លោកបញ្ជាក់ថា រដ្ឋាភិបាលកំពុងរឹតបន្តឹងច្បាប់ចរាចរណ៍បន្ថែមទៀត រួមទាំងការចុះអប់រំនៅតាមសាលារៀនក្រុមហ៊ុន និងនៅតាមបណ្ដាចំណតយានយន្តនានា។

នាយកសាលាបឋមសិក្សាព្រែកឯង លោក ពៅ សុផាត លើកឡើងថា រៀងរាល់ថ្ងៃនៅពេលដល់ម៉ោងត្រូវចេញទៅផ្ទះ សាលាលោករៀបចំដាក់បារាស បិទផ្លូវដើម្បីឱ្យកូនសិស្សឆ្លងផ្លូវ ប៉ុន្តែកន្លងកូនសិស្សធ្លាប់រងរបួសដោយសារអ្នកបើកបរលើសល្បឿនមួយចំនួន បើកបរជ្រុលមកបុកបារាសបិទផ្លូវនោះ៖ «សាលាយើងបារម្ភណាស់! កន្លងមកធ្លាប់មានករណីបើកបរលើសល្បឿន មកបុកក្មេងៗរបួសដៃ របួសជើង»

តួលេខរបស់អង្គការសហប្រជាជាតិឱ្យដឹងថា នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំមនុស្សប្រហែល ១,៣លាននាក់ បានស្លាប់ និងជាង ៥០លាននាក់ រងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។ អង្គការពិភពលោកមួយនេះបញ្ជាក់ថា ពាក់កណ្ដាលនៃអ្នកស្លាប់ទាំងនេះ គឺជាអ្នកថ្មើរជើង អ្នកជិះកង់ អ្នកជិះម៉ូតូ។ ក្រៅពីមានអ្នកស្លាប់ និងរងរបួស គ្រោះថ្នាក់ចរាចរណ៍ក៏ធ្វើឱ្យខាតបង់ទាំងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់សង្គមនីមួយៗផងដែរ៕

Leave a Reply