express-logo-for-hotnews

ទីលាន​ប្រជាធិបតេយ្យ​ចាស់៖ អាជ្ញាធរ​ព្រមាន​ស្ទូច​រថយន្ត​ឬ​ម៉ូតូ​ដែល​ចត​អាណាធិបតេយ្យ ចាប់​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ

ប្រភព  ៖ វិទ្យុបារាំង

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដាក់ឱសានវាទត្រឹមថ្ងៃចន្ទទី២៨សីហា ឲ្យប្រជាពលរដ្ឋឈប់លក់ដូរនិងចតឡានម៉ូតូនៅជុំវិញទីលានប្រជាធិបតេយ្យចាស់។ បើពុំដូច្នេះទេ អាជ្ញាធរនឹងស្ទូចរថយន្តនិងម៉ូតូដែលចតនៅលើទ្រូងផ្លូវទាំងអស់នោះ ទៅទុកនៅរដ្ឋបាលខណ្ឌ ដោយគ្មានការដោះស្រាយភ្លាមៗទេ។ លោកអភិបាលខណ្ឌ បានព្រមានយ៉ាងដូច្នេះ នៅព្រឹកថ្ងៃសៅរ៍នេះ។ អត្ថបទដោយ ជក់ សុភា

ក្នុងពេលចុះពិនិត្យស្ថានភាពនៅជុំវិញទីលានប្រជាធិបតេយ្យចាស់ នៅព្រឹកថ្ងៃសៅរ៍នេះ លោក សុខ ពេញវុធ បានអះអាងថា រដ្ឋបាលខណ្ឌបានផ្សព្វផ្សាយពីវិធានការបោសសម្អាតការចតយានយន្ត ទៅកាន់ប្រជាពលរដ្ឋអស់រយៈពេល៧ថ្ងៃមកហើយ។ ពោលគឺចាប់តាំងពីថ្ងៃទី១៩សីហាមកម្ល៉េះ។ ប៉ុន្តែប្រជាពលរដ្ឋនៅតែសំណូមពរឲ្យខណ្ឌពន្យារពេល។

ឆ្លើយតបទៅនឹងសំណូមពរនេះ ខណ្ឌបានសម្រេចទុកពេលឲ្យពីរថ្ងៃទៀត។ ហើយចាប់ពីថ្ងៃចន្ទ ទី២៨សីហាតទៅ អាជ្ញាធរខណ្ឌនឹងចាត់វិធានការស្ទូចយានយន្តណាដែលនៅតែបន្តចតអាណាធិបតេយ្យលើទ្រូងផ្លូវជុំវិញទីលានប្រជាធិបតេយ្យចាស់ យកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌ ដោយគ្មានការដោះស្រាយភ្លាមៗឡើយ។

អភិបាលខណ្ឌរូបនេះ បានបញ្ជាក់បន្ថែមយ៉ាងដាច់អហង្ការថា គ្មានទៀតឡើយ ការវិលត្រឡប់ទៅចតយានយន្តយ៉ាងអាណាធិបតេយ្យនៅជុំវិញអតីតទីលានប្រជាធិបតេយ្យដូចមុន។ បើតាមលោក សុខ ពេញវុធ សាលាខណ្ឌនឹងដាក់កម្លាំងប្រចាំការព្រឹកល្ងាច នៅលើផ្លូវ១០៦ និង១០៨ ស្របតាមបណ្ដោយទីលានប្រជាធិបតេយ្យចាស់ ដើម្បីឃ្លាំមើលជាប់ជាប្រចាំ។ កម្លាំងប្រចាំការនោះ មានសមាសភាពតាំងពី អភិបាលរងខណ្ឌ នគរបាល កងរាជអាវុធហត្ថ ប្រជាការពារខណ្ឌ និងចៅសង្កាត់ជាដើម។

ក្រៅពីនោះ សាលាខណ្ឌក៏នឹងស្នើសុំទៅអភិបាលក្រុងនិងមន្ទីរសាធារណការផងដែរ ឲ្យលុបគំនូសពណ៌ស ដែលពលរដ្ឋគូសវាសសម្រាប់ចតយានយន្តពីមុនចេញ ដើម្បីកុំឲ្យយល់ច្រឡំថា ជាទីតាំងចតយានយន្ត។

លោក សុខ ពេញវុធ មានប្រសាសន៍ថា ការរៀបចំសណ្តាប់ធ្នាប់នេះ បានសាទរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រោះពួកគាត់មានចំណតចេញចូលក្នុងផ្ទះរបស់ខ្លួនវិញ រួមទាំងបញ្ហាសណ្តាប់ធ្នាប់ អនាម័យ និងសន្តិសុខផងដែរ៕

Leave a Reply