8-5-030

OCIC គ្រោង​ចំណាយ​​​ជាង​ ១ ​លាន​ដុល្លារ​​សង់​ផ្លូវ​ថ្មើរជើង​ថ្មី​ នៅ​ចំណុច​ប្រសព្វ​រង្វង់មូល​នាង​គង្ហីង

ប្រភព ៖ ភ្នំពេញបុស្តិ៍

ក្រុមហ៊ុន OCIC គ្រោងចំណាយទឹកប្រាក់ជាង ១ លានដុល្លារដើម្បីសាងសង់ផ្លូវថ្មើរជើងថ្មីមួយស្ថិតនៅចំណុចប្រសព្វអតីតៈរង្វង់មូលនាងគង្ហីងជាទីតាំងស្ថិតនៅទល់មុខគម្រោង Olympia City ដែលវិនិយោគដោយក្រុមហ៊ុនមួយនេះ។

អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សាពីផលប៉ះពាល់ និងប្លង់មេនៃគម្រោងនេះជាមួយសាលាក្រុងភ្នំពេញ មុនពេលចាប់ផ្តើមសាងសង់ដែលអាចនឹងធ្វើឡើងនៅក្នុងត្រីមាសទី ៣ ឆ្នាំនេះ។ លោកបន្តថាផ្លូវថ្មើរជើងថ្មីនេះមានចំនួន ៥ ដែលអាចឲ្យប្រជាពលរដ្ឋដើរឆ្លងកាត់បានគ្រប់ទិសដើម្បីសម្រួលការធ្វើដំណើរ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។

លោកបន្តថា៖ «តាមធម្មតាគម្រោងអ្វីមួយតែងមានគុណវិបត្តិ និងគុណសម្បត្តិ ប៉ុន្តែប្រទេសយើងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍហេតុនេះគម្រោងនេះនឹងត្រូវតែទៅមុខ»។

លោកបន្តថា៖ «គម្រោងនេះត្រូវបានឌីសាញឡើងដោយស្ថាបត្យករខ្មែរ ១០០ ភាគរយហើយថវិកាវិនិយោគលើគម្រោងនេះមានចន្លោះ ១ ទៅ ១,៥០ លានដុល្លារអាមេរិកជាថវិការបស់ក្រុមហ៊ុន»។

ប្រសិនជាការសាងសង់ផ្លូវថ្មើរជើងនេះដំណើរការនេះគឺជាផ្លូវថ្មើរជើងឆ្លងកាត់ថ្នល់ទី ២ ហើយនៅទីក្រុងភ្នំពេញដែលគម្រោងទី ១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ម្តុំវត្ត និងផ្សារជម្ពូរវ័ន ប៉ុន្តែស្ពានឆ្លងកាត់ផ្លូវធ្វើដំណើរលើកទី ១ ដែលបានបើកឲ្យដំណើរការនាពេលថ្មីៗនេះរងការរិះគន់ពីប្រជាពលរដ្ឋដោយសារការសាងសង់ស្ពាននោះមិនសមស្របតាមបទដ្ឋានបច្ចេកទេសពោលគឺស្ពាននោះមិនបានឆ្លងកាត់ទទឹងផ្លូវទាំងស្រុងទេដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។

លោកបណ្ឌិត វ៉ាន់ វ៉ាត អ្នកឯកទេសផ្នែកនគរូបនីយកម្មបានថ្លែងថាការធ្វើស្ពាន ឬផ្លូវថ្មើរជើងឆ្លងកាត់ថ្នល់ជាការជួយសម្រួលចរាចរ និងកាត់បន្ថយគ្រោះថ្នាក់ព្រោះនៅតំបន់នោះមានចរាចរណ៍ច្រើនឆ្លងកាត់ ដូច្នេះការសាងសង់ផ្លូវថ្មើរជើងខាងលើជាជម្រើសល្អ។ ប្រសិនជាការសាងសង់នេះភ្ជាប់ដល់ផ្លូវចូលស្តាតអូឡាំពិកជាការកាន់តែល្អ ដោយសារពេលមានសកម្មភាពកីឡាម្តងៗតែងតែមានមនុស្សឆ្លងកាត់ច្រើននៅតំបន់នេះ។

លោកបន្តថា៖ «នៅទីក្រុងរបស់យើងមានផ្លូវប្រសព្វគ្នាច្រើន ដូច្នេះការសាងសង់ផ្លូវថ្មើរជើងឆ្លងកាត់ផ្លូវកាន់តែច្រើនកាន់តែល្អ»។ លោកបន្តថា៖ «វាជាការចាំបាច់ណាស់សម្រាប់រាជធានីរបស់យើងដើម្បីសម្រួលការធ្វើដំណើរ»។

លោក មាស ម៉េតភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងថាជាគោលការណ៍សាលារាជធានីភ្នំពេញបានផ្តល់ការអនុញ្ញាតហើយ ប៉ុន្តែការអនុវត្តការងារ និងបទដ្ឋានបច្ចេកទេសមួយចំនួនស្ថិតនៅក្រោមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញមិនលើកទូរស័ព្ទផ្តល់ការបញ្ជាក់នោះទេ៕

Leave a Reply