ocic

OCIC ចាប់​ផ្តើម​សកម្មភាព​វិនិយោគ​នៅ​ទីក្រុង​រណប​ជ្រោយ​ចង្វារ

ក្រុមហ៊ុន OCIC បាន និងកំពុងចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ដែលជាទីក្រុងនៃអនាគត តាមរយៈការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅឋានចម្រុះជាច្រើនប្រភេទ។អគ្គនាយកក្រុមហ៊ុន OCIC លោក ទូច សំណាងបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃអង្គារនេះថា ក្រុមហ៊ុនកំពុងចាប់ផ្តើមបុកគ្រឹះសាងសង់ការិយាល័យកណ្តាល របស់ OCIC កម្ពស់២០ជាន់ នៅក្នុងទីក្រុងរណបជ្រោយចង្វារទីក្រុងនៃអនាគតហើយ ហើយដើមឆ្នាំក្រោយនេះក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់ផ្ទះល្វែង និងមជ្ឈមណ្ឌលពាណិជ្ជកម្ម រួមមានផ្សារទំនើប អគារការិយាល័យនៅក្នុងទីក្រុងនេះផងដែរ។

លោកបន្តថា ៖ «រហូតមកទល់ពេលនេះក្រុមហ៊ុនបានចាប់ផ្តើមលក់ផ្ទះល្វែងជាបណ្តើរៗហើយ ដោយផ្ទះនីមួយៗមានតម្លៃចាប់ពីជាង២០ម៉ឺនដុល្លារអាមេរិកឡើងទៅ»។

លោក ទូច សំណាង បានបន្តថា គម្រោងក្នុងដំណាក់កាលទី១នេះ ស្ថិតនៅលើផ្ទៃដីជាង៣ហិកតា ប៉ុន្តែយើងមិនទាន់គណនាពីតម្លៃនៃការវិនិយោគនៅឡើយទេ។

លោកបន្តថា ទោះជាយ៉ាងណាបើគិតពីតម្លៃនៃអគារការិយាល័យកណ្តាលរបស់គម្រោងនេះមានទឹកប្រាក់២០លានដុល្លារអាមេរិក។

តំបន់ជ្រោយចង្វារ និងតំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A មានសកម្មភាពអភិវឌ្ឍន៍ខ្លាំង បន្ទាប់ពីស្ពានជ្រោយចង្វារទី២បានសាងសង់រួច និងដាក់ឲ្យដំណើរការកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ។ តំបន់នេះមានបុរីធំៗជាច្រើនកំពុងសាងសង់ ដូចជា បុរីប៉េង ហួត, បុរី The Mekong Royal, បុរីអ័រគីដេ, បុរីឌឹ ផ្លារ៉ា និងបុរីវិមានភ្នំពេញ ដែលសាងសងលំនៅឋានតម្លៃមធ្យម។

បច្ចុប្បន្នក្រុមហ៊ុន OCIC កំពុងសាងសង់ស្ពានចំនួន២ តភ្ជាប់ទៅកាន់តំបន់ជ្រោយចង្វារផងដែរ ដូចជា ស្ពានបាឡេ ដែលគ្រោងនឹងចំណាយរយៈពេលសាងសង់៦ខែ និងស្ពានយោងដោយខ្សែកាប ដែលគ្រោងចំណាយរយៈពេលសាងសង់ ២៤ខែ។

លោក សេរី ពីង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Cambodia Angkor Real Estate បានថ្លែងថា ការអភិវឌ្ឍទីក្រុងរណបថ្មីនេះជារឿងល្អ ព្រោះវានឹងជួយធ្វើឲ្យតម្លៃដីធ្លី និងសកម្មភាពសេដ្ឋកិច្ចនៅតំបន់នោះកាន់តែមានភាពរីកចម្រើន ពិសេសការកសាងទីក្រុងរណបបែបនេះក៏ជួយសម្រួលបញ្ហាចរាចរណ៍ និងអាចពង្រាយប្រជាជនទៅកាន់តំបន់ផ្សេងៗច្រើន ដើម្បីកុំឲ្យពួកគេប្រមូលផ្តុំតែមួយកន្លែងធ្វើឲ្យមានការកកស្ទះចរាចរណ៍ និងបំពុលបរិស្ថាន។

លោកបន្តថា ៖ «កម្ពុជាត្រូវការទីក្រុងរណបកាន់តែច្រើន ដើម្បីពង្រីកការអភិវឌ្ឍផង និងជំរុញកុំឲ្យប្រជាពលរដ្ឋប្រមូលផ្តុំតែនៅមួយកន្លែងផង ពិសេសវាជួយធ្វើឲ្យវិស័យអចលនទ្រព្យកាន់តែមានភាពរីកចម្រើន»។

លោកបន្តថា៖ «ខ្ញុំគិតថា គម្រោង នេះនឹងទទួលបានជោគជ័យ ព្រោះវាជាតំបន់មានលក្ខខណ្ឌអាកាសធាតុល្អ ដោយសារមានទន្លេរ២រអមសងខាង»។

យោងតាមអ្វីដែលលោក ទូច សំណាង ធ្លាប់បានបង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍ នៅតំបន់ទីក្រុងរណបជ្រោយចង្វារនោះ ក៏នឹងមានរៀបចំជាមជ្ឈមណ្ឌល ឬសាលសម្រាប់ទទួលការរៀបចំពិព័រណ៍ផ្សេងៗ និងអគារសម្រាប់ទទួលរៀបអាពាហ៍ពិពាហ៍ជាដើម៕

ប្រភព៖ Postkhmer

Leave a Reply