OCIC ចាប់ផ្តើមកសាងផ្លូវស្របនឹងផ្លូវជាតិ៦
Posted On : March, 24, 2015 | By សំឡេងទីក្រុង

ឆ្នាំ2015 ខែ03 ថ្ងៃទី24, Source: http://business-cambodia.com/

គម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារដែលគ្របដណ្តប់លើផ្ទៃដីទំហំ ៣៨៧ ហិចតា ក្នុងសង្កាត់ចំនួនបីរបស់ខណ្ឌជ្រោយចង្វារ រួមមាន សង្កាត់ជ្រោយចង្វារ ព្រែកលៀប និងសង្កាត់ព្រែកតាសេក។ថ្មីៗនេះក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានបើកបានសម្ភោធបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែដែលស្របជាមួយផ្លូវជាតិលេខ៦ កាលពីថ្ងៃទី១៨ មិនា កន្លងមកនេះ។

នៅក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានថ្លែងនៅក្នុងឱកាសបើកការដ្ឋានសាងសង់ថា ផ្លូវបេតុងថ្មីគ្រោងនឹងសាងសង់នាពេលនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សម្រស់រាជធានីភ្នំពេញ។ នាពេលអនាគតតំបន់ជ្រោយចង្វារនេះ នឹងមានការអភិវឌ្ឍខ្លាំង ហើយទីនេះអាចនឹងមានការកសាងស្ថានីយរថភ្លើងល្បឿនលឿន (TGV) ផងដែរ។

ផ្លូវបេតុងថ្មីនេះនឹងសាងសង់ចេញពីគល់ស្ពានជ្រោយចង្វារត្រើយខាងកើតរហូតដល់ផ្លូវបេតុងសម្តេចជាស៊ីម ដោយមានបណ្តោយប្រវែង ៦០០៥ ម៉ែត្រ និងមានមុខកាត់ ១,៥ម៉ែត្រ អមដោយបង្គោលភ្លើង  ដោយរត់កាត់ភូមិសាស្រ្តសង្កាត់ជ្រោយចង្វារ ព្រែកលៀប និងសង្កាត់ព្រែកតាសេកនៃខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ក្នុងការស្ថាបនាផ្លូវនេះ នឹងចំណាយពេល១០ខែ សម្រាប់ការសាងសង់ ដែលអាចទ្រទំងន់បាន៣០តោន និងអាយុកាលដល់ ២០ឆ្នាំ។

គួរបញ្ជាក់ផងដែរគម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារនេះ ត្រូវបានសាលារាជធានីភ្នំពេញផ្តល់ឲ្យក្រុមហ៊ុន OCIC ដើម្បីអភិវឌ្ឍធ្វើជាក្រុងរណបកាលពីអំឡុងខែកញ្ញា ឆ្នាំ ២០១១ នូវចំនួនទឹកប្រាក់ ១៦០០ លានដុល្លារអាមេរិក ដោយគ្រោងនឹងបញ្ចប់ការអភិវឌ្ឍក្នុងឆ្នាំ ២០២៦។​

ក្រុមហ៊ុន OCIC បានចំណាយប្រាក់អស់ជិត ១០០លានដុល្លារហើយ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងដែលសម្រេចបាន១០០ភាគរយ ទៅលើការចាក់ខ្សាច់បំពេញតំបន់ទំនាប ការកសាងផ្លូវ អគាររដ្ឋបាល លំនៅឋាន និង ផ្សារលក់ទំនិញ និងសម្រេចបាន៥០ភាគរយ​នៃតំបន់សាធារណះដែលទុកសម្រាប់ប្រើប្រាស់មានដូចជា ផ្លូវថ្នល់ លូបង្ហូរទឹក សាលារៀន មន្ទីរពេទ្យ ផ្សារ កន្លែងបម្រើសេវាសាធារណៈ និងតំបន់បៃតងជាដើម។

Urban Voice Cambodia

Urban Voice Cambodia