5-5-021

គ.ជ.ប ​បញ្ជាក់​ពី​រឿង​សន្លឹក​​ឆ្នោត​បម្រុង​ ខណៈ​មាន​ក្ដីបារម្ភ

ប្រភព ៖ ភ្នំពេញបុស្តិ៍

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបំភ្លឺទាក់ទងនឹងការបោះពុម្ពសន្លឹកឆ្នោតបម្រុងដល់ជាង ១ លានសន្លឹកជាការឆ្លើយតបចំពោះក្ដីបារម្ភពីប្រើសន្លឹកឆ្នោតមិនត្រឹមត្រូវ និងថាជាការខ្ជះខ្ជាយថវិកា។

កាលពីថ្ងៃ ២ ឧសភាមានអង្គការសង្គមស៊ីវិលយ៉ាងតិច ៩ បានចេញសេចក្តីថ្លែងការណ៍មួយដោយបារម្ភពីការបោះពុម្ពសន្លឹកឆ្នោតបម្រុងជាង ១,៥ លានសន្លឹកលើសពីចំនួនអ្នកបោះឆ្នោតដែលមានជាង ៧,៨ លាននាក់ និងត្រូវចំណាយប្រហែល ៣៣ ម៉ឺនដុល្លារដែលជាការខ្ជះខ្ជាយថវិកា ហើយបារម្ភចំពោះប្រើប្រាស់សន្លឹកឆ្នោតមិនត្រឹមត្រូវ។ អង្គការទាំងនោះបានស្នើឲ្យបោះពុម្ពត្រឹម ២ ទៅ ៥ ភាគរយ ខណៈ គ.ជ.ប បោះពុម្ពលើសជិត ២០ ភាគរយ។

ប៉ុន្តែកាលពីថ្ងៃ ៣ ឧសភា គ.ជ.ប បានចេញសេចក្តីបំភ្លឺមួយដោយបញ្ជាក់ថាការបោះលើសនេះដោយសារខ្លាចសន្លឹកឆ្នោតចេញពីរោងពុម្ពប្រឡាក់ ឬរហែក។

មួយវិញទៀតអាចមានមន្ត្រីការិយាល័យបោះឆ្នោតហែកសន្លឹកឆ្នោតខុសថ្នេរធ្វើឲ្យដាច់ រហែក និងថាខ្លាចពលរដ្ឋសុំប្តូរសន្លឹកឆ្នោតនៅពេលពួកគាត់គូសខុសជាដើម។

បើតាម គ.ជ.ប សន្លឹកឆ្នោត ១ ការិយាល័យមានលើសអ្នកបោះឆ្នោតពី ៥០ សន្លឹកទៅ ៩៩ សន្លឹក។ គ.ជ.ប ពន្យល់ថាបើការិយាល័យមួយមានអ្នកបោះឆ្នោត ៤០០ នាក់នោះនឹងផ្តល់សន្លឹកឆ្នោត ៩ ដុំដែលមួយដុំមាន ៥០ សន្លឹក ឯការិយាល័យដែលមានអ្នកបោះឆ្នោត ៤០១ នាក់ត្រូវផ្តល់ ១០ ក្បាលដែលចំនួននេះនឹងលើសពីចំនួនអ្នកបោះឆ្នោត ៩៩ សន្លឹក។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ពន្យល់បន្ថែមថាសន្លឹកឆ្នោតបម្រុងកើនក៏ដោយសារសន្លឹកឆ្នោតសម្រាប់បោះឆ្នោតឃុំសង្កាត់មិនអាចយកជំនួសគ្នាពេលខ្វះបានទេដោយសារលេខរៀងគណបក្សខុសគ្នាពីឃុំមួយទៅឃុំមួយ។ លោកថាប្រសិនបើមានការិយាល័យណាខ្វះសន្លឹកឆ្នោត ការិយាល័យនោះនឹងមិនយកជាការទេហើយអាចបោះឆ្នោតឡើងវិញ។

លោក ពុទ្ធា បញ្ជាក់ថា គ.ជ.ប គ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតច្បាស់លាស់ហើយម្យ៉ាងទាំងសង្គមស៊ីវិល និងគណបក្សក៏មានអ្នកសង្កេតការណ៍ដែរ។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុក លោក សឹង សែនករុណា បានលើកឡើងថាអ្វីដែលក្រុមអង្គការបារម្ភគឺខ្លាចមានប្រើប្រាស់មិនត្រឹមត្រូវកើតឡើងចំពោះសន្លឹកឆ្នោតដែលលើសនេះ។ លោកថា៖ «គឺយើងបារម្ភពីការប្រើប្រាស់បើយើងមានច្រើនការប្រើប្រាស់ ដូចជាមិនបានប្រុងប្រយ័ត្ន…»។

នាយកប្រតិបត្តិអង្គការនិកហ្វិចលោក សំ គន្ធាមី ថ្លែងថាសន្លឹកឆ្នោតខូចកន្លងមកមានតិចតួច និងកម្រកើតមានណាស់។

អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន ថ្លែងថាលោកមិនបារម្ភពីរឿងនេះទេដោយលោកថា គ.ជ.ប បានបំពេញតួនាទីដោយទទួលខុសត្រូវ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន បង្ហាញកង្វល់ដូចសង្គមស៊ីវិលដែរ៕

Leave a Reply