untitled-1

លោក​ឧកញ៉ា សៀ រិទ្ធី ៖ ខ្ញុំ​សំណូមពរ​ឲ្យ​អ្នក​នយោបាយ​គ្រប់​ភាគី​ទាំង​អស់​មាន​ភាព​អត់​ធ្មត់

ប្រភព ៖ ភ្នំពេញបុស្តិ៍

ជាមួយនឹងការបោះជំហានទៅមុខយ៉ាងស្វាហាប់ ក្នុងវិស័យអចលនទ្រព្យលោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Group នៅតែមានសុទិដ្ឋិនិយមលើវិស័យនេះ និងបាននិងកំពុងចាប់ផ្តើមគម្រោងជាច្រើនទៀត។

ដើម្បីស្វែងយល់ ថាតើលោកមានគម្រោងអ្វីថ្មី និងមានទស្សនវិស័យយ៉ាងដូចម្តេចទាក់ទងនឹងវិស័យនេះក្រោយសម្រាប់ឆ្នាំបោះឆ្នោតនាពេលខាងមុខ លោកឧកញ៉ា សៀ រិទ្ធី បានជួបពិភាក្សាជាមួយលោក ស៊ីវ ម៉េង អ្នកយកព័ត៌មានអចលនទ្រព្យនៃកាសែតភ្នំពេញប៉ុស្ត៍ ដើម្បីលើកឡើងពីការងារដ៏ច្រើនរបស់លោក និងទស្សនវិស័យនាពេលអនាគត។

តើរហូតមកទល់ពេលនេះ គម្រោងលំនៅឋានសាធារណៈលើកដំបូងរបស់លោកវិវឌ្ឍយ៉ាងដូចម្តេច?

គម្រោងលំនៅឋានសាធារណៈដែលមានតម្លៃទាប និងមធ្យម របស់យើង បាននិងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែដោយសារភ្លៀងជោគជាំពេក ធ្វើឲ្យការងាររបស់យើងមានភាពយឺតយ៉ាវ។ ការសាងសង់របស់យើងនឹងចាប់ផ្តើមចុងឆ្នាំនេះយ៉ាងយូរ ប៉ុន្តែរយៈពេលបញ្ចប់ការសាងសង់នឹងមិនយឺតយ៉ាវជាងផែនការទេ ទោះជាការចាក់ដីយឺតយ៉ាវបន្តិចក៏ដោយ។

ពេលនេះសុំឲ្យអតិថិជនដែលបានចាប់អារម្មណ៍ និងចុះឈ្មោះក្នុងការជាវលំនៅឋាននៅក្នុងគម្រោងនេះ កុំគិតថាគម្រោងនេះ មិនទៅមុខ។ មានការនិយាយតាមហ្វេសប៊ុកច្រើនថា គម្រោងនេះមិនទៅមុខទេ តែខ្ញុំចង់បញ្ជាក់ថា ការគិតបែបនេះខុសហើយ ព្រោះអ្វីខ្ញុំធ្វើមិនដែលចេះបរាជ័យទេ ខ្ញុំនឹងធ្វើឲ្យចេញជាលទ្ធផល គឺគ្រាន់តែថា ការចាក់ដីយឺត និងកំពុងរង់ចាំការងារផ្លូវច្បាប់ដែលរៀបចំដោយរដ្ឋាភិបាល។ ការងាររដ្ឋាភិបាលទាក់ទិន និងគោលនយោបាយបានបញ្ចប់ហើយ នៅរង់ចាំតែដាក់សុំការអនុម័តពីទីស្តីការគណៈរដ្ឋមន្ត្រីប៉ុណ្ណោះ។

តើគោលនយោបាយរបស់រដ្ឋាភិបាល ដែលផ្តល់ការលើកទឹកចិត្ត លើការអភិវឌ្ឍលំនៅឋានសាធារណៈមានលក្ខណៈ ដូចម្តេច ហើយលោកពេញចិត្តឬទេ?

យើងអរគុណរដ្ឋាភិបាលដែលបានឆ្លើយតប នឹងសំណូមពររបស់យើង ព្រោះតាមខ្ញុំដឹងតាមរយៈសារព័ត៌មានបានឲ្យដឹងថា រដ្ឋាភិបាលនឹងជួយកសាងហេដ្ឋារចនាសម្ព័ន្ធភ្ជាប់គម្រោងរបស់យើង ជួយតភ្ជាប់បណ្តាញទឹកស្អាត និងអគ្គិសនី និងការលើកលែងពន្ធអាករផ្សេងៗនៅក្នុងគម្រោងលំនៅឋានសាធារណៈនេះ គឺជាការជួយច្រើនមែនទែន។ មានន័យថា រដ្ឋាភិបាលឆ្លើយតបតាមការសំណូមពររបស់យើង។

តើគម្រោងលំនៅឋានសាធារណៈនេះមានទំហំដីប៉ុន្មាន និងមានលក្ខណៈយ៉ាងដូចម្តេច?

គម្រោងនេះស្ថិតនៅលើផ្ទៃដី២០ហិកតា និងមានផ្ទះសរុបចំនួន២៤០០យូនីត និងធ្វើឡើងតែមួយដំណាក់កាលប៉ុណ្ណោះ។ ការលក់នេះមិនទាន់ចាប់ផ្តើមទេ ប៉ុន្តែយើងជឿជាក់ថា ការលក់គម្រោងនេះ នឹងទទួលបានជោគជ័យ ព្រោះយើងលក់ក្នុងតម្លៃសមរម្យជូនអតិថិជន អ្វីសំខាន់នាពេលនេះ គឺបើរដ្ឋាភិបាលលើកលែងពន្ធ និងជួយតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធ យើងនឹងលក់តាមតម្លៃកំណត់ ប៉ុន្តែបើរដ្ឋាភិបាលមិនជួយយើងមិនអាចលក់ក្នុងតម្លៃទាបបានទេ។

ងាកមកវិស័យខុនដូវិញ តើគម្រោង The Bridge មានលក្ខណៈដូចម្តេច និងបញ្ចប់នៅពេលណា?

ក្នុងគម្រោងនេះ ផ្សារលក់រាយរបស់យើងនឹងអាចដំណើរការបាននៅខែមេសា ឆ្នាំ២០១៨។ ខុនដូរបស់យើងបានទទួលការជាវអស់១០០ភាគរយរួចហើយ។ អ្វីកាន់តែពិសេសនោះ គឺអតិថិជនជាជនជាតិខ្មែរបានស្នើសុំចូលរចនាផ្ទះរបស់ខ្លួន ប៉ុន្តែយើងមិនទាន់អនុញ្ញាតទេ ព្រោះវាកំពុងតែស្ថិតក្នុងដំណាក់កាលរៀបចំ។

ចុះគម្រោង The PeAk ទទួលជោគជ័យក្នុងការលក់ដែរឬទេ? ហើយគម្រោង នេះមានភាពខុសប្លែកគ្នាពីគម្រោង The Bridge យ៉ាងដូចម្តេច?

បើនិយាយតែខុនដូក្នុងគម្រោងនេះរហូតមកទល់ពេលនេះយើងលក់បាន៦៤ភាគរយរួចហើយ ប៉ុន្តែផ្នែកផ្សារទំនើបរបស់យើងមិនទាន់បើកលក់នៅឡើយទេ។ គម្រោងនេះមានផ្សារទំនើបកម្ពស់៥ជាន់ ហើយផ្សារទំនើបនេះជាផ្សារដែលបានទិញ Franchise មកពីបរទេស។ គម្រោងនេះក៏មានសណ្ឋាគារ Shangri-La កម្រិតផ្កាយ៥ផងដែរ។ គម្រោង The Bridge មិនមានសណ្ឋាគារទេ តែមានការិយាល័យតូចៗ ប៉ុន្តែគម្រោង The PeAk គឺមានសណ្ឋាគារ និងមានការរៀបចំប្រណីតជាងគម្រោង The Bridge។

ចំណែកផ្សារទំនើបកម្ពស់៥ជាន់នៅក្នុងគម្រោង The Bridge គឺរៀបចំនិងគ្រប់គ្រងដោយក្រុមហ៊ុនវិនិយោគរបស់យើងផ្ទាល់។

មានផ្សារទំនើបច្រើននៅកម្ពុជា តែអ្នកមានជីវភាពធូរធារនៅតែនិយមទៅទិញទំនិញនៅបរទេស តើលោកឧកញ៉ាគ្រោងវិនិយោគផ្នែកផ្សារទំនើបខ្នាតធំ ដើម្បីកាត់បន្ថយការទិញទំនិញនៅបរទេសឬទេ?

ទាក់ទងនឹងបញ្ហានេះ យើងត្រូវនិយាយពីគោលការណ៍ចំនួនពីរ ទី១ និយាយពីផលិតផលប្រណីត ដែលមានយីហោល្បីឈ្មោះ តែសម្រាប់ស្រុកខ្មែរនាពេលនេះមិនទាន់ដល់ពេលទេ ព្រោះបើនិយាយពី Luxury Brand គេនិយាយពីផ្នត់គំនិតរបស់ប្រជាពលរដ្ឋ។ បើនិយាយពីជនជាតិថៃវិញ ហេតុអ្វីថៃមិនទិញផលិតផលប្រ៊េនៗនៅក្នុងប្រទេសរបស់គាត់ ហើយហោះទៅទិញនៅប៉ារីស? ដោយសារគាត់យល់ថា តម្លៃថោក។ ក៏ដូចជាជនជាតិខ្មែរ ដែលធ្វើដំណើរទៅទិញនៅប្រទេសថៃ គឺមិនមែនតម្លៃថោកជាងនៅខ្មែរទេ តែពួកគេយល់ថា ផលិតផលនៅទីនោះវាសុទ្ធជាង។

អ្វីៗវាស្ថិតនៅលើផ្នត់គំនិត ព្រោះមិនមែនផលិតផលស្លាកយីហោល្បីៗនៅកម្ពុជាមិនសុទ្ធនោះទេ តែវាស្ថិតនៅលើអារម្មណ៍ ព្រោះបើអារម្មណ៍វាទើសហើយ អ្វីក៏ទើសដែរ។ នៅវៀតណាមក៏ដូចគ្នា គឺមានគ្រប់ផលិតផលយីហោល្បីៗទាំងអស់តែវៀតណាមមិនទិញទេ ប៉ុន្តែអ្នកនាំចូលផលិតផលប្រ៊េនល្បីៗពួកគេមិនខ្វល់ទេ ព្រោះអ្វីសំខាន់ គឺពួកគេពង្រីកការយល់ដឹងពីផលិតផលរបស់គេ ខាតនៅទីនេះពួកគេចំណេញនៅទីនោះ។

បើនិយាយពីការជួល ការលក់ និងកម្លាំងទិញនៅកម្ពុជាមានសភាពដូចម្តេច?

បើនិយាយពីកម្លាំងទិញ ការជួលនៅកម្ពុជាមិនទាន់ស័ក្តិសមទេ វាត្រូវការពេលយ៉ាងតិច ៥ឆ្នាំទៀត។ វាមិនទាន់ស័ក្តិសមនឹងការបោះទុនទេ។

ត្រឡប់មកនិយាយពីទីផ្សារខុនដូ តើមានការវិវឌ្ឍយ៉ាងដូចម្តេច?

និយាយពីខុនដូវាដូចជារឿងដដែលៗ តែអ្វីដែលត្រូវនិយាយគឺពីមុនស្រុកខ្មែរមិនមានខុនដូទេ តែដល់ពេលមានច្រើន ក៏នាំគ្នាភ័យថា វាលើសតម្រូវការ។ ចំណុចនេះ ហេតុអ្វីយើងមិននិយាយពីតម្រូវការរបស់អ្នកទិញផង? អ្នកទិញស្រុកខ្មែរមានពីរគឺទិញខុនដូ និងទិញលំនៅឋាននៅតាមបុរី ប៉ុន្តែអ្នកលក់ខុនដូមានអតិថិជនច្រើន មានអ្នកទិញនៅខ្មែរផង និងនៅបរទេសផង។

បើពិនិត្យមើលពេលបច្ចុប្បន្ន គឺមានការសាងសង់ខុនដូច្រើនមែន តែការសាងសង់ខុនដូមិនមែនសាងសង់១ឆ្នាំបានទេ យ៉ាងតិចក៏ត្រូវចំណាយ២ឆ្នាំកន្លះដែរ ដូច្នេះតម្រូវការ និងការប្រគល់ខុនដូដល់អតិថិជនរហូតមកទល់ពេលនេះមិនទាន់លើសតម្រូវការទេ។

តើអ្នកវិនិយោគថ្មីៗគួរចាប់ផ្តើមវិនិយោគលើវិស័យនេះបន្តឬរង់ចាំមើលសិន?

អ្នកវិនិយោគក៏គួរគិតគូរ ព្រោះធម្មតាការផ្គត់ផ្គង់មានច្រើន។ អ្នកទិញក៏មានជម្រើសច្រើនដែលមានន័យថា ពួកគេនឹងពិចារណាលើគម្រោងផ្សេងៗថា មានតម្លៃយ៉ាងដូចម្តេចទីតាំងយ៉ាងដូចម្តេច។ ដូច្នេះបើអ្នកមិនឆ្លាត អ្នកនឹងជួបបញ្ហា។ ខ្ញុំមិននិយាយជាទូទៅទេ តែត្រូវគិតថា ដើម្បីលក់ផលិតផលរបស់ខ្លួនបាន តើត្រូវគិតពីកត្តាអ្វីខ្លះ? ខ្ញុំមិនដឹងគេគិតយ៉ាងណាទេ ពេលពួកគេសាងសង់ខុនដូនៅទីតាំងមិនល្អ ប៉ុន្តែគម្រោងរបស់ខ្ញុំដែលផ្តោតលើទីតាំងល្អវាដាច់ខាតត្រូវតែជោគជ័យ។

ឥឡូវមានអ្នកសុំចូលដេគ័រខុនដូក្នុងអគារ The Bridge ប៉ុន្តែមិនទាន់ដល់ពេលទេ។ ពួកគាត់ចង់ស្នាក់នៅខុនដូចង់ភ្លក្សអ្វីដែលថ្មី និងចង់ស្នាក់នៅព្រោះ ពួកគេពិបាកក្នុងការធ្វើដំណើរ ដោយសារការកកស្ទះចរាចរណ៍។ ហេតុនេះពួកគេអាចមកស្នាក់នៅខុនដូច្រើន និងញុំាបាយនៅខុនដូរបស់ខ្លួន។

មានការសាងសង់ខុនដូកាន់តែច្រើន និងរីកទៅតំបន់ជាយក្រុង តើលោកឧកញ៉ាមានដំបូន្មានយ៉ាងដូចម្តេច?

អ្នកទិញខុនដូភាគច្រើនជាមនុស្សមានភាពស៊ីវិល័យ ជាអ្នកធ្លាប់ធ្វើដំណើរទៅបរទេស ព្រោះទិញខុនដូមិនមែនទិញគ្រែទេ មិនមែនទិញកន្លែងដេកតែមួយមុខទេ។ ការទិញខុនដូគឺទិញ Lifestyle តើខុនដូនោះផ្តល់អ្វីៗងាយស្រួលសម្រាប់ការរស់នៅយ៉ាងដូចម្តេច? មានសេវាកម្មអ្វីខ្លះដែលផ្តល់ភាពងាយស្រួលដល់គាត់ គឺយើងមានផ្តល់ជូនផ្សារទំនើប គ្លីនិក សាលារៀន ហាងកាហ្វេ ការិយាល័យមេធាវីជាដើម។

បើសាងសង់តែកន្លែងស្នាក់នៅ គ្មានអ្នកណាស្នាក់នៅទេ។ ហេតុនេះបើគាត់មានដីទំហំ២០គុណ៣០ម៉ែត្រហើយចង់សាងសង់ខុនដូ សូមពិចារណាឡើងវិញ។ ខ្ញុំមិនលើកទឹកចិត្តគាត់ឲ្យធ្វើទេ។ វាជាចរន្តលើពិភពលោក កុំថា តែស្រុកខ្មែរ គឺនៅស្រុកគេសុទ្ឋតែផ្តោតលើគម្រោងអភិវឌ្ឍន៍ដែលមានភាពចម្រុះ។

និយាយពីហេដ្ឋារចនាសម្ព័ន្ធវិញ វិស័យឯកជនហាក់ដើរមុនរដ្ឋាភិបាលលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា តើលោកឧកញ៉ាលើកឡើងដូចម្តេច?

ធម្មតារវាងអ្នកផ្គត់ផ្គង់ និងអ្នកអនុវត្តន៍តែងតែបែបនេះ នៅប្រទេសណាក៏ដោយ ដូច្នេះរដ្ឋាភិបាលត្រូវផ្តោតលើប្លង់មេ។ នៅពេលរដ្ឋាភិបាលរៀបចំគម្រោងប្លង់មេ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវអនុវត្តតាមគម្រោងប្លង់មេមិនមែនធ្វើតាមគំនិតខ្លួនឯងនោះទេ។ បច្ចុប្បន្នមិនទាន់មានការកំណត់ថា តំបន់ណាមួយត្រូវធ្វើអ្វីឲ្យច្បាស់លាស់នៅឡើយទេ។

នាពេលថ្មីៗនេះ កម្ដៅនយោបាយក្នុងមួយរយៈចុងក្រោយ និងការបោះឆ្នោតនៅឆ្នាំក្រោយ តើនឹងប៉ះពាល់វិស័យអចលនទ្រព្យដែរឬទេ?

ខ្ញុំមិនមែនជាអ្នកនយោបាយទេតែខ្ញុំសំណូមពរឲ្យអ្នកនយោបាយគ្រប់ភាគីទាំងអស់មានភាពអត់ធ្មត់។ ខ្ញុំសង្ឃឹមថា ក្រោមការដឹកនាំរបស់សម្តេចការបោះឆ្នោតឆ្នាំក្រោយនឹងប្រព្រឹត្តទៅដោយរលូន ព្រោះយើងអ្នករកស៊ីត្រូវការស្ថិរភាពនយោបាយ ប៉ុន្តែជាផ្នត់គំនិតរបស់ប្រជាជន ប្រជាជនខ្មែរយើងតែងតែបារម្ភ ប៉ុន្តែសម្រាប់ខ្ញុំមានការជឿជាក់ថា នឹងមិនមានបញ្ហាអ្វីនោះទេ។ អ្នកវិនិយោគគេដឹងច្បាស់គ្រាន់តែគេមិននិយាយចេញ ព្រោះបើអ្នកវិនិយោគដែលពូកែ គឺជាអ្នកពូកែឆក់ឱកាស។ បើអ្នកណាមិនហ៊ាន និងអ្នកណាហ៊ាន អ្នកហ៊ានគឺជាអ្នកជោគជ័យ។

សម្រាប់រូបខ្ញុំនៅពេលគេមិនទិញដី ខ្ញុំទិញនៅពេលគេមិនអភិវឌ្ឍ ខ្ញុំអភិវឌ្ឍ។ បើប៉ះអារម្មណ៍ប៉ះទៅសំខាន់ពេលសាងសង់ខុនដូ យើងមិនសាងសង់មួយឆ្នាំឯណាសំខាន់យើងរៀបចំខ្លួនបានរួចរាល់ ឬនៅ? ព្រោះបើគេចាប់ផ្តើមវិនិយោគ ទើបយើងចាប់ផ្តើម យើងបរាជ័យ ព្រោះយើងដើរក្រោយគេទៅហើយ។

បច្ចុប្បន្នអ្នកវិនិយោគចិនបានឈានជើង មកដល់កម្ពុជាកាន់តែច្រើន តើលោក ឧកញ៉ា យល់ឃើញយ៉ាងដូចម្តេច?

សម្រាប់អ្នកអភិវឌ្ឍន៍ ចិនចូលមករដ្ឋាភិបាលស្វាគមន៍ហើយ មិនប្រកាន់ពូជសាសន៍ យកតែអ្នកវិនិយោគប្រទេសនេះ ឬប្រទេសនោះទេ។ ហេតុអីបានចិនចូលមកច្រើន ព្រោះអី? ព្រោះពួកគេមើលឃើញថា កម្ពុជាមានសក្តានុពល។ ក្នុងតំបន់អាស៊ានមានតែសាំងហ្កាពួរមួយទេ ដែលបានដើរលឿនជាងគេ ក្រៅពីសាំងហ្កាពួរ ស្រុកខ្មែរ គឺជាកន្លែងដែលគួរវិនិយោគច្រើនជាងប្រទេសផ្សេងទៀតនៅក្នុងតំបន់នេះ។

ហេតុអីបានជាដូច្នេះ គឺក្របខ័ណ្ឌច្បាប់មានភាពបើកចំហជាងគេ តម្លៃនៃការចំណាយជារួមទាបជាងគេ ជាភូមិសាស្ត្រនៃការដឹកជញ្ជូនល្អជាងប្រទេសជិតខាង ទោះជាតម្លៃនៃការដឹកជញ្ជូនថ្លៃ តែចម្ងាយផ្លូវជិត និងកត្តាមួយទៀត គឺប្រទេសកម្ពុជាប្រើប្រាស់ប្រាក់ដុល្លារ ព្រោះអ្នកវិនិយោគត្រូវការរូបិយប័ណ្ណតែមួយទេ គឺដុល្លារ៕

Leave a Reply