ការអភិវឌ្ឍឡើងវិញនូវអគារប៊ុលឌិងសត្រូវបានទុកជាគំរូ
Posted On : មករា, 2, 2019 | By សំឡេងទីក្រុង
ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញសៀវភៅ ១ ដោយរៀបរាប់លម្អិតអំពីដំណើរការអភិវឌ្ឍនៅអគារប៊ុលឌិង «ស» នៅក្នុងសង្កាត់ទន្លេបាសាក់ជាការអភិវឌ្ឍដែលត្រូវបានគេអធិប្បាយថា មានភាពរលូនដែលអាចទុកជាគំរូ សម្រាប់ការអភិវឌ្ឍនៅកន្លែងផ្សេងទៀត។
សៀវភៅនេះមាន ៨៧ ទំព័រមានចំណងជើងថា បទពិសោធអនុវត្តការងារនៃការអភិវឌ្ឍឡើងវិញអគារប៊ុលឌិង «ស» បានរៀបរាប់លម្អិតអំពីដំណើរការតាំងពីពេលចាប់ផ្តើមការចរចាជាមួយពលរដ្ឋចំនួន ៤៩២ គ្រួសារកិច្ចព្រមព្រៀងរវាងពលរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍន៍ និងការវាយកម្ទេចអគារនេះ។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានថ្លែងនៅក្នុងអារម្ភកថាថា៖ «ខ្ញុំសង្ឃឹមថា សៀវភៅ បទពិសោធអនុវត្តការងារនៃការអភិវឌ្ឍឡើងវិញ អគារប៊ូឌីញ «ស» ដែលប្រមូលផ្តុំព័ត៌មានគ្រប់ជ្រុងជ្រោយអំពីយន្តការ នីតិវិធី និងដំណើរការអនុវត្តការងារជូនពលរដ្ឋ និងការរៀបចំរុះរើអគារប៊ុលឌិង ស នេះ នឹងក្លាយជាឯកសារគោលមួយសម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការអនុវត្តចំពោះគម្រោងអភិវឌ្ឍន៍ឡើងវិញលើទីតាំងផ្សេងៗទៀតដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាប្រកបដោយប្រសិទ្ធភាព និងសម្រាប់ជាការចងក្រងទុកនូវបទពិសោធការងារដើម្បីជាប្រយោជន៍ដល់មន្ត្រីពាក់ព័ន្ធនាពេលអនាគត។
សេចក្តីផ្តើមរបស់សៀវភៅនេះបានឲ្យដឹងថា អគារប៊ុលឌិង «ស» ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៦១ ប៉ុន្តែអគារនេះត្រូវបានបោះបង់ចោលទាំងស្រុងក្នុងរបបខ្មែរក្រហម។ នៅពេលដែលរបបខ្មែរក្រហមដួលរលំក្នុងឆ្នាំ ១៩៧៩ ប្រជាពលរដ្ឋបានត្រឡប់មករស់នៅក្នុងអគារនេះវិញដែលមានសភាពចាស់ទ្រុឌទ្រោម ហើយនៅចុងឆ្នាំ ២០១៦ រដ្ឋាភិបាលភ័យខ្លាចប្រជាពលរដ្ឋមានគ្រោះថ្នាក់ដោយសារភាពចាស់ទ្រុឌទ្រោមនៃអគារនេះ ហេតុនេះរដ្ឋាភិបាលបានស្វែងរកដំណោះស្រាយដោយសហការជាមួយក្រុមហ៊ុនអចលនទ្រព្យ Arakawa Co,. Ltd ដើម្បីអភិវឌ្ឍតំបន់នេះ។ សេចក្តីផ្តើមនេះនិយាយថា សៀវភៅនេះមានប្រយោជន៍សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការដោះស្រាយបញ្ហាលំនៅឋានសម្រាប់ប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋដែលមានចំណូលទាប ជាពិសេសយន្តការ និងនីតិវិធីដែលប្រើប្រាស់គឺផ្អែកលើអភិបាលកិច្ចល្អ។ សៀវភៅនេះសន្និដ្ឋានលទ្ធផលជោគជ័យនៃការស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលរស់នៅក្នុងអគារប៊ុលឌិង «ស» នេះថា បានរួមផ្សំដោយកត្តាជាច្រើនដូចជា៖ ១- ការដឹកនាំប្រកបដោយឆន្ទៈមោះមុត រឹងមាំ ប្រកាន់នូវគោលជំហរច្បាស់លាស់ និងមានព្រហ្មវិហារធម៌របស់លោក ជា សុផារ៉ា។ ២- មានរចនាសម្ព័ន្ធការងារច្បាស់លាស់ និងត្រឹមត្រូវដែលនាំដល់ការសម្រេចបាននូវលទ្ធផលច្បាស់លាស់ប្រកបដោយប្រសិទ្ធភាព។ ៣- នីតិវិធីនៃការស្វែងរកដំណោះស្រាយរបស់លោក ជា សុផារ៉ា ប្រកបដោយតម្លាភាព ឈរលើគោលការណ៍សមធម៌ និងសមភាពរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍន៍ឈានទៅរកដំណោះស្រាយមួយដែលគូភាគីអាចទទួលយកបានដោយក្តីសោមនស្ស។ ៤- មានកិច្ចចូលរួមសហការប្រកបដោយស្មារតីទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើឲ្យការដោះស្រាយនេះមានភាពរលូន និងទទួលបានជោគជ័យ។ សេចក្តីសន្និដ្ឋានបន្តថាការអភិវឌ្ឍឡើងវិញនៃអគារប៊ុលឌិង «ស» ជារួមបានឆ្លុះបញ្ចាំងពីបរិយាកាសល្អក្នុងការវិនិយោគនៅកម្ពុជាដែលមានសន្តិភាព ស្ថិរភាពនយោបាយ និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច។
អ្នកស្រី ស្រេង ពៅ ប្រជាពលរដ្ឋម្នាក់ដែលធ្លាប់រស់នៅអគារប៊ុលឌិង «ស» ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងខណ្ឌមានជ័យបានថ្លែងកាលពីថ្ងៃអង្គារថា អ្នកស្រី កោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅអគារប៊ុលឌិង «ស» ដែលជាដំណោះស្រាយដែលធ្វើឲ្យប្រជាពលរដ្ឋទទួលយកបានដោយស្ម័គ្រចិត្ត។ អ្នកស្រីបានថ្លែងថា៖ «អគារនេះចាស់ហើយលោក ជា សុផារ៉ា បានយកចិត្តទុកដាក់អំពីពួកយើង និងបានស្វែងរកដំណោះស្រាយសម្រាប់ពួកយើងដោយសហការជាមួយដៃគូ [អភិវឌ្ឍ]។ នេះធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះមានផ្ទះសមស្រប»។ អ្នកស្រីថាដំណើរការនៃការដោះស្រាយនៅអគារប៊ុលឌិងគឺមានភាពរលូន និងប្រសើរជាងនៅកន្លែងដទៃៗទៀត៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍