1490631413

ក្រសួង​​ឲ្យ​ម្ចាស់​រោងចក្រ​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ពីរ​ដង​មួយ​ខែ

ប្រភព ៖ Khmer Times

ភ្នំពេញ៖(ខ្មែរថាមស៍)សហជីព​មាន​ការ​គាំទ្រ​ទៅ​ដល់​ចំណាត់ការ​​របស់​ក្រសួង​ការងារលើ​ការ​កំណត់​ឲ្យ​និយោជក​អនុវត្ត​នូវ​មាត្រា​១១៦ ​នៃ​ច្បាប់​ស្ដីពី​ការងារ​ដោយ​តម្រូវ​ឲ្យ​ម្ចាស់​រោងចក្រ សហគ្រាស​បើក​ប្រាក់​ឈ្នួល ២​ដងក្នុង​១​ខែ​ជូន​ដល់​កម្មករ​និយោជិក ដោយ​ក្រសួង​បាន​កំណត់​ចាប់​ផ្តើម​នៅ​ដើម​ត្រីមាស​ទី​៤ ក្នុង​ឆ្នាំ​២០១៧​ នេះ​តែ​ម្តង។​

​លោក​ ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​ បាន​ប្រាប់​កាសែត​ខ្មែរ​ថាមស៍ កាល​ពី​ថ្ងៃ​ចន្ទ ម្សិលមិញ​ថា ជា​ការ​ល្អ ដែល​ក្រសួង​សម្រេច​កំណត់​ឲ្យ​និយោជក​បើក​ប្រាក់​ឈ្នួល​ដល់​កម្មករ​ ២​ដង​ ក្នុង ​១​ខែ​ ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​មួយ​ចំនួន​នៅ​ពេល​ដែល​រោងចក្រ​បិទ ឬ​ថៅកែ​រត់​ចោល​ដោយ​មិន​បាន​ដោះស្រាយ​ជូន​កម្មករ​ជា​មុន។​

​លោក​បាន​និយាយ​ថា លោក​គាំទ្រ និង​លើក​ទឹក​ចិត្ត​ដល់​និយោជក​ឲ្យ​អនុវត្ត​នូវ​មាត្រា​​១១៦ ​នៃ​ច្បាប់​ការងារ​នេះ ហើយ​មួយ​វិញ​ទៀត គឺ​កម្មករ​អាច​ទទួល​បាន​នូវ​ការ​លើក​លែង​ពន្ធ នៅ​ពេល​ដែល​ប្រាក់​ឈ្នួល​របស់​ពួក​គេ​ត្រូវ​បាន​បើក ២​ដង​ដូច​នេះ។​

​លោក​ប៉ាវស៊ីណាប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករបាន​ប្រាប់​ផង​ដែរ​ថាសម្រាប់​សហជីព​របស់​លោក​មិន​មាន​ការ​ជំទាស់​ទេ ដោយសារ​វា​ជា​ច្បាប់​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៧​មកប៉ុន្តែ​លោក​មិន​ដែល​ឃើញ​មាន​អនុវត្ត​ទៅ​តាម​ច្បាប់​ដោយ​បើក​ប្រាក់​ឈ្នួល​កម្មករ​ ២​ដង​ក្នុង​មួយ​ខែ​នោះ​ទេ។​

​លោក​បាន​ថ្លែង​ថា ថ្មីៗ​នេះ មាន​ការ​បិទ​រោងចក្រ​មួយ​ចំនួន និង​ថៅកែ​រត់​ចោល​ដែល​ធ្វើ​ឲ្យ​កម្មករ​ធ្វើការ​តវ៉ា ទាមទារ​ប្រាក់​ខែ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់ទើប​ធ្វើ​ឲ្យ​ក្រសួង​ការងារ​បាន​សម្រេច​ធ្វើការ​កែប្រែ​ការ​បើក​ប្រាក់​ឈ្នួល​ពីមួយ​ខែ​ម្តង មក​ជា​មួយ​ខែ​បើក ២​ដង ដើម្បី​រួម​ចំណែក​ជួយ​កម្មករ​មិន​ឲ្យ​មាន​ការ​ខាតបង់​ច្រើន​នៅ​ពេល​ដែល​ថៅកែ​រត់​ចោល ឬ​បិទ​រោងចក្រ។​

​លោក​ ស៊ីណា​ បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ចង់​ឲ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ធ្វើ​ការ​ផ្សព្វផ្សាយ​ទៅ​ដល់​កម្មករ ពិសេស​សហជីព​ឲ្យ​យល់​ពី​បញ្ហា​នេះ ដើម្បី​ឲ្យ​កម្មករ​យល់​ពី​ចំណុច​នេះហើយ​ត្រូវ​ធ្វើ​ការ​រៀបចំ​ពី​គោលការណ៍​នៃ​ការ​បើក​ប្រាក់​ខែ​ឲ្យ​ពួក​គាត់​ថា​តើ២​សបា្តហ៍​បើក​ម្តង ឬ​កំណត់​ពេល​ណា​មួយ​ឲ្យ​បាន​ច្បាស់ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​កើត​មាន​ឡើង​នៅ​ពេល​ដែល​អនុវត្ត»។​

​អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ លោក​ ហេង សួរ បាន​ប្រាប់​ខ្មែរ​ថាមស៍ យ៉ាង​ខ្លី​​នៅ​រសៀល​ថ្ងៃ​ចន្ទ​ ថា ក្រសួង​ កំពុង​ពិភាក្សា​ជាមួយ​ភាគី​និយោជក​ដើម្បី​កំណត់​ពេល​វេលា​សមស្រប​មួយ​សម្រាប់​ចាប់​អនុវត្ត​ការ​បើក​ប្រាក់​ខែ​ ២​ដង ​ក្នុង​ ១​ខែ​នេះ​។

​ប៉ុន្តែ​តាម​ការ​​ស្រង់​សម្ដី​របស់​អ្នកនាំពាក្យ​រូប​នះ ក្នុង​​​គេហទំព័រ យូនៀន (Union News) ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ ​​ចុង​សប្តាហ៍​នេះ​បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​ជំរុញ​ឲ្យ​និយោជក​អនុវត្ត​ច្បាប់​ស្តីពី​ការងារ​ដោយ​តម្រូវ​ឲ្យ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន បើក​ប្រាក់​ឈ្នួល​ដល់​កម្មករ និយោជិត​​របស់​ខ្លួន​ ២​ដង​ក្នុង​មួយ​ខែ ដោយ​ចាប់​អនុវត្ត​ពី​ដើម​ត្រី​មាស​ទី​៤ ឆ្នាំ​២០១៧​ នេះ​តែ​ម្តង បើ​ទោះ​បី​ជា​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ស្នើ​ឲ្យ​មាន​ការ​ពន្យារ​ការ​អនុវត្ត​នេះ​រហូត​ទៅ​ដល់​ឆ្នាំ​ក្រោយ​ក៏​ដោយ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង​ បាន​លើក​ឡើង​ពី​ការ​អនុវត្ត​ជា​ថ្មី​នៃ​មាត្រា​១១៦ ​នៃ​ច្បាប់​ស្ដីពី​ការងារ​ ដោយ​តម្រូវ​ឲ្យ​រោងចក្រ សហគ្រាស​បើក​ប្រាក់​ឈ្នួល​ ២​ដង​ក្នុង​មួយ​ខែ​ដល់​កម្មករ​ដើម្បី​ជា​ប្រយោជន៍​របស់​កម្មករ-​និយោជិក និង​រក្សា​នូវ​អត្ថប្រយោជន៍​ដល់​ពួក​គាត់ ក្នុង​ករណី​ដែល​ថៅកែ​រត់ចោល​ដោយ​មិន​ទទួល​ខុស​ត្រូវ​ដល់​កម្មករ៕

Leave a Reply