Verified

ផ្ទះ​ពលរដ្ឋ​ក្នុង​សហគមន៍ ​បឹងឈូក ស្ថិត​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ចំនួន ២៦​ខ្នង​ផ្ទះ ឬ​ស្មើ​នឹង ៥១​គ្រួសារ ត្រូវ​បាន​ឆេះ​ទាំង​ស្រុង

11:53 Dec 22 2014 ​សហគមន៍ ​បឹងឈូក ស្ថិត​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦

ផ្ទះ​ពលរដ្ឋ​ក្នុង​សហគមន៍ ​បឹងឈូក ស្ថិត​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ចំនួន ២៦​ខ្នង​ផ្ទះ ឬ​ស្មើ​នឹង ៥១​គ្រួសារ ត្រូវ​បាន​ឆេះ​ទាំង​ស្រុង
Description
​កាល​ពី​ម៉ោង​ជាង ៦​ល្ងាច ថ្ងៃ​សៅរ៍ ទី​២០ ធ្នូ ផ្ទះ​ពលរដ្ឋ​ក្នុង​សហគមន៍​បឹងឈូក ស្ថិត​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ចំនួន ២៦​ខ្នង​ផ្ទះ ឬ​ស្មើ​នឹង ៥១​គ្រួសារ ត្រូវ​បាន​ឆេះ​ទាំង​ស្រុង។ អាជ្ញាធរ​នៅ​មិន​ទាន់​បញ្ជាក់​ពី​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​អគ្គីភ័យ​នោះ​​នៅ​ឡើយ។

តំណាង​សហគមន៍​បឹង​ឈូក លោកស្រី ខៀវ ចិន្តា សង្ស័យ​ថា អគ្គិភ័យ​នោះ​អាច​បង្ក​ឡើង​ដោយ​មាន​មនុស្ស​លួច​ដុត ដែល​លោកស្រី​ដាក់​បន្ទុក​នេះ​ទៅ​អាជ្ញាធរ បន្ទាប់ពី​ពលរដ្ឋ​ចំនួន ៤៣​គ្រួសារ ទទួល​បាន​លិខិត​ឱសានវាទ​ពី​អាជ្ញាធរ​កាល​ពី​ខែ​វិច្ឆិកា ឲ្យ​រុះរើ​ចេញពី​លំនៅឋាន​ក្នុង​រយៈពេល ១៥​ថ្ងៃ​ជា​កំហិត។ ប៉ុន្តែ​ឱសានវាទ​នោះ​មិន​ត្រូវ​បាន​អនុវត្ត​ឡើយ ក្រោយ​ពី​មាន​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋ​សភា៖ «មន្ត្រី​រដ្ឋសភា​ប្រាប់​ពួក​ខ្ញុំ​ថា មិន​ឲ្យ​អាជ្ញា​ធរមាន​វិធានការ​រដ្ឋបាល​ទេ (បណ្ដេញ​ដោយ​បង្ខំ) ចាប់​ពី​ពេល​នោះ​មក​ស្ងប់ស្ងាត់ រហូត​មាន​ការ​ឆេះ​ផ្ទះ​នេះ»។

​កាល​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា លោក ធុយ សុខន អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ចេញ​លិខិត​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ និង​សំណង់​របស់​ខ្លួន​ចេញ​ពី​តំបន់​បឹងឈូក ស្ថិត​ក្នុង​តំបន់​អនុវត្ត​គម្រោង​សាងសង់​ផ្លូវ ៧​ខ្សែ ក្នុង​រយៈពេល ១៥​ថ្ងៃ​ជា​កំហិត។ ក្រោយ​ពី​​ចេញ​ឱសានវាទ​នោះ ពលរដ្ឋ ៤៣​គ្រួសារ​នៅ​ភូមិ​បឹងឈូក បាន​ខិតខំ​ដាក់​លិខិត​សុំ​អន្តរាគមន៍​ពី​ខាង​អាជ្ញាធរ​ខណ្ឌ ខាង​រដ្ឋ​សភា និង​ខាង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​សុំ​ជួយ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួកគាត់ ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​នៅ​ក្នុង​សហគមន៍។

​ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​ថា អាជ្ញាធរ​លួច​ដុត​ផ្ទះ​របស់​ពលរដ្ឋ​សហគមន៍​បឹងឈូក​នេះ អភិបាល​រង​ខណ្ឌ​ឫស្សីកែវ លោក ជា ពិសី បញ្ជាក់​ថា គឺ​ជា​រឿង​ផ្ដេសផ្ដាស​ដែល​អ្នក​សង្ស័យ​នោះ​ចេះ​តែ​និយាយ។ លោក​បន្ត​ថា ថ្វី​បើ​អាជ្ញាធរ​មិន​ទាន់​ស្រាវជ្រាវ​រក​ឃើញ​ពី​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នោះ​នៅ​ឡើយ​ទេ ប៉ុន្តែ​ជំហាន​ដំបូង​អាច​កើត​ឡើង​ដោយសារ​ការ​ផ្ទុះ​ចរន្តអគ្គិសនី៖ «តាម​អ្នក​ភូមិ​ប្រាប់​ថា​មាន​ការ​ឆ្លង​អគ្គិសនី ព័ត៌មាន​បឋម»។

​នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ មិន​អាច​សន្និដ្ឋាន​ថា ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​អ្នក​ភូមិ​បឹងឈូក​នោះ ជា​ចេតនា​របស់​អាជ្ញាធរ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ? ប៉ុន្តែ​ករណី​លួច​ដុត​ផ្ទះ​ពលរដ្ឋ​ដើម្បី​បង្ខំ​ឲ្យ​រុះ​រើចេញ​នេះ អាជ្ញាធរ​ក្រុង​ភ្នំពេញ ធ្លាប់​អនុវត្ត​រួច​មក​ហើយ៖ «វា​ដូច​យុទ្ធសាស្ត្រ​កាល​ពី​អតីតកាល​អ៊ីចឹង ពេល​គេ​ចង់​បណ្ដេញ​អ្នក​ភូមិ​ពី​ប៊ូឌីង គេ​ជួល​មនុស្ស​ក្នុង​នោះ​ឲ្យ​ដុត អ៊ីចឹង​ពលរដ្ឋ​គាត់​ពិបាក​តស៊ូ​រស់​នៅ​គាត់​ក៏​រើ​ចេញ​ទៅ»។

​វិវាទ​ដីធ្លី​នៅ​សហគមន៍​បឹង​ឈូក ចាប់​ផ្ដើម​កាល​ពី​ដើម​ឆ្នាំ​២០០៩ ដែល​កាល​នោះ​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ តម្រូវ​ឲ្យ​អ្នក​ភូមិ​ក្រីក្រ​រុះរើ​ផ្ទះ​ចេញ​ដោយ​គ្មាន​សំណង ដោយ​ចោទ​ថា ពួកគាត់​ចូល​រំលោភ​កាន់​កាប់​លើ​ដី​កម្មសិទ្ធិ​ឯកជន មាន​ម្ចាស់​ឈ្មោះ ទៀ ធឿន ដែល​អ្នក​ភូមិ​អះអាង​ថា មិន​ធ្លាប់​ស្គាល់​ទាល់​តែ​សោះ ចាប់​តាំង​ពី​ឆ្នាំ​១៩៨០ មក ខណៈ​ដែល​ពួកគាត់​រស់​នៅ​តំបន់​នោះ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​រដ្ឋ​អំណាច​មូលដ្ឋាន៕


Features
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
15 + 3 =

Additional Reports

មានគ្រោះថ្នាក់ចរាចរណ័៍នៅខាងលិចផ្សារសំផាន់

17:14 Mar 22, 2016

ខាងលិចផ្សារសំផាន់, 0.09 Kms

អគ្គិសនីជាតិ និងផ្អាកការផ្គត់ផ្គង់អគ្គិសនីភូមិទួលគោកសង្កាត់ទួលសង្កែ ខណ្ខឫស្សីកែវ រាជធានីភ្នំពេញ

15:10 Nov 04, 2015

ភូមិទួលគោកសង្កាត់ទួលសង្កែ ខណ្ខឫស្សីកែវ រាជធានីភ្នំពេញ, 0.09 Kms

ស្ថានភាពផ្លូវ១០៥

10:28 Feb 28, 2018

floor 2, Street. 2 105, Phnom Penh, Cambodia, 0.1 Kms

រោងចក្រ G M B N

11:39 Feb 01, 2017

Unnamed Road, Phnom Penh, Cambodia, 0.12 Kms