Verified

ឆាយណាថោន នឹង​សាង​សង់​ជាយ​ក្រុង

14:31 Feb 26 2014 National Highway 6A , Phnom Penh

Description
ភ្នំពេញៈ គម្រោង​បង្កើត «ទីក្រុង ចិន» ឬ​ឆាយណាថោន នឹង​ត្រូវ​សាងសង់​នៅ​តំបន់​អភិវឌ្ឍន៍​លោក ឧកញ៉ា លី យ៉ុងផាត់ ស្ថិត​ក្នុង​សង្កាត់ បាក់ខែង ខណ្ឌ ឫស្សីកែវ តាម​បណ្តាយ​ផ្លូវ​ជាតិ​លេខ ៦A។

រដ្ឋ​មន្ត្រី​ក្រសួង ទេសចរណ៍ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​ថ្ងៃ​ចន្ទ​ថា «ឆាយណា​ថោន» នេះ​នឹង​ត្រូវ​សាង​សង់​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ ១០០ ហិកតា លើ​ដី​តំបន់​អភិវឌ្ឍន៍​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​មាន​ចម្ងាយ​ប្រមាណ ១៥ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ជា​ទីតាំង​ដែល​ពហុ​កីឡដ្ឋាន​ជាតិ មរតក តេជោ កំពុង​ត្រូវ​បាន​សាងសង់។

លោក ថោង ខុន ថ្លែង​ថា គម្រោង​នេះ​នឹង​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ១ ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ​មាន​ការ​សាង​សង់​នូវ​សណ្ឋារគារ ភោជនីយដ្ឋាន ផ្សារ​ទំនើប មជ្ឈមណ្ឌល​កីឡា និង​មណ្ឌល​ពាណិជ្ជកម្ម​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា មិន​មាន​ការ​បញ្ជាក់​ណា​មួយ​អំពី​ពេល​វេលា​ពិត​ប្រាកដ​នៃ​ការ​ចាប់​ផ្តើម​ការ​សាងសង់ ឬ​ការ​រំពឹង​ថា បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ។

លោក​ថ្លែង​ថា៖ «គម្រោង​នេះ​គឺ​គេ​នៅ​តែ​បន្ត​ធ្វើ។ ពេល​នេះ​បាន​រក​កន្លែង​ឃើញ​ហើយ ហើយ​គេ​នឹង​មក​សិក្សា​លើក​ចុង​ក្រោយ​ម្តង​ទៀត​មុន​នឹង​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល»។

លោក អាង គឹមអៀង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​គម្រោង​នេះ។ លោក​ថា កម្ពុជា នឹង​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​នៅ​ពេល​ដែល ឆាយណាថោន បញ្ចប់​ការ​សាង​សង់។ លោក​បន្ត​ថា៖ «វា​មិន​ត្រឹម​តែ​ទាក់​ទាញ​ភ្ញៀវ​ជនជាតិ​ចិន​នោះ​ទេ។ ភ្ញៀវ​ជាតិ​សាសន៍​ណា​ក៏​ចាប់​អារម្មណ៍ ឆាយណាថោន នេះ​ដែរ»។

លោក​បន្ត​ថា បើ​មាន​ការ​រៀបចំ​ចរាចរណ៍​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​ចម្ងាយ ១៥ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​មិន​មែន​ជា​បញ្ហា​ចោទ​នោះ​ទេ។

លោក លី យ៉ុងផាត់ នាយក​ក្រុមហ៊ុន L.Y.P Group ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ពិត​ជា​មាន​សំណើ​អំពី​គម្រោង​សាង​សង់ ឆាយណាថោន នៅ​លើ​ដី​តំបន់​អភិវឌ្ឍន៍​របស់​លោក​មែន ប៉ុន្តែ​បាន​បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ភាគី​ពាក់​ព័ន្ធ​ក្នុង​ការ​វិនិយោគ​នេះ ដោយ​លើក​ឡើង​ថា មិន​ទាន់​មាន​កិច្ច​ព្រម​ព្រៀង​ជា​លក្ខណៈ​ផ្លូវ​ការ​នៅ​ឡើយ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ធ្លាប់​បាន​ឃើញ​សំណើ​នៃ​គម្រោង​នេះ ប៉ុន្តែ​អ្វីៗ​ពេល​នេះ​មិន​ទាន់​មាន​លក្ខណៈ​ជា​ផ្លូវ​ការ​ទេ។ ខ្ញុំ​អាច​ផ្តល់​ព័ត៌មាន​លម្អិត​ក្នុង​រង្វង់ ១០ ថ្ងៃ​ខាង​មុខ»។

លោក ឃ្លាំង ហួត ជា​អភិបាល​ខណ្ឌ ឫស្សីកែវ អះអាង​ថា ផ្ទៃ​ដី ១០០០ ហិកតា​ក្នុង​តំបន់​អភិវឌ្ឍន៍​នោះ​គឺ​កម្មសិទ្ធិ​ស្រប​ច្បាប់ និង​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន L.Y.P Group។ លោក​បន្ត​ថា មិន​មាន​ករណី​រំលោភ​យក​ដី​ពី​ប្រជា​ពលរដ្ឋ​កើត​ឡើង​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​នេះ​ទេ។ លោក​ថ្លែង​ថា៖ «គាត់ [លី យ៉ុងផាត់] បាន​ទិញ​ដី​នេះ​ពី​ប្រជាជន​តាម​តម្លៃ​ទីផ្សារ»។

ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់​ទង លោក ថោង ខុន សុំ​ព័ត៌មាន​ពិស្តារ​ពី​គម្រោង​នេះ​ទេ។

ទេសចរ ចិន មក​ទស្សនា កម្ពុជា ឈរ​ក្នុង​លេខ​រៀង ទី២ បន្ទាប់​ពី​ទេសចរ វៀតណាម។

តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ពី​ក្រសួង ទេសចរណ៍ ក្នុង​ឆ្នាំ ២០១៣ ទេសចរ ចិន ៤៦៣ ០០០ នាក់​មក​ទស្សនា​ប្រទេស កម្ពុជា ខណៈ​ភ្ញៀវ​ទេសចរ វៀតណាម សរុប​មាន​ប្រមាណ ៨៥៤ ០០០ នាក់៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
11 + 7 =

Additional Reports

Sala Sangkat Bak Kheng

00:00 Aug 15, 2012

Khan Russey Keo, 1.14 Kms

LYP Group to build new satellite city

14:47 Apr 30, 2012

Prek Leap and Prek Pnov, Phnom Penh, 1.87 Kms