Verified

បាតុកម្ម​ថ្ងៃ​ទី១ បក្ស​សង្គ្រោះ​ជាតិ​យក​ ញត្តិ​ទៅ​ដាក់​ជូន UN

14:17 Oct 23 2013 Freedom Park, Phnom Penh

បាតុកម្ម​ថ្ងៃ​ទី១ បក្ស​សង្គ្រោះ​ជាតិ​យក​ ញត្តិ​ទៅ​ដាក់​ជូន UN
Description

ភ្នំពេញៈ មហាបាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រយៈពេល​បី​ថ្ងៃ ដែល​ចាប់​ផ្តើម​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​បាតុករ នឹង​ដង្ហែរ​ញាត្តិ និង​ស្នាម​មេដៃ​របស់​ពលរដ្ឋ​ដែល​ប្រមូល​បាន ទៅ​ដាក់​ជូន​ការិយា​ល័យ​ឧត្តម​ស្នង​ការ​នៃ​អង្គការ​សហ​ប្រជា​ជាតិ។


មហា​បាតុកម្ម​អហិង្សា​លើក​ទី៣ របស់​គណបក្ស​ប្រឆាំង​នេះ ដែល​គេ​រំពឹងថា មាន​អ្នក​ចូល​រួម​ពី ២​ម៉ឺន ទៅ ៤​ម៉ឺន​នាក់ គឺ​ធ្វើ​ឡើង​ដើម្បី​ទាម​ទារ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ឆ្នោត​ ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី នៃ​ការ​បោះឆ្នោត, ទាមទារ​ឲ្យ​មាន​ការ​បង្កើត​យន្តការ​មួយ​ជឿ​ជាក់​បាន ដើម្បី​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ស្រប​តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ សហគមន៍​អឺរ៉ុប អង្គការ NDI អង្គការ Comfrel ​ជា​ពិសេស ទាម​ទារ​ឲ្យ​រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន គោរព និង​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ថ្ងៃ​ទី ២៣ តុលា ឆ្នាំ​១៩៩១ ឲ្យ​បាន​ពេញ​លេញ ព្រម​ទាំង​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​ប្រជាធិប​តេយ្យ សេរី ពហុបក្ស ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។


យ៉ាង​ណា​ក៏​ដោយ ពាក់​ព័ន្ធ​​នឹង​ការ​ដង្ហែរ​ក្បួន​យក​ញាត្តិ​ទៅ​ដាក់​នេះ សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ជា​សាធារណៈ​មួយ ដែល​លើក​ឡើង​ពី​ការ​កក​ស្ទះ​តាម​ផ្លូវ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​យក​ញាត្តិ​ទៅ​ដាក់​នៅ​តាម​គោល​ដៅ​នានា ចាប់​ពី​ថ្ងៃ​ទី ២៣ ដល់​ទី​២៥ តុលា​។


ផ្លូវ​ដែល​ក្បួន​បាតុករ​ឆ្លង​កាត់​មាន​ដូចជា៖


បាតុកម្មថ្ងៃទី១៖ ថ្ងៃទី ២៣ តុលា ចាប់​ពី​ម៉ោង ២ ដល់​ម៉ោង ៤កន្លះ ផ្លូវ​ឆ្លង​កាត់​មាន​ផ្លូវ​លេខ ៥១ និង​ផ្លូវ​លេខ ៣០២ ដែល​ក្បួន​ត្រូវ​ដង្ហែរ​ទៅ​ការិយា​ល័យ​ឧត្តម​ស្នង​ការ​នៃ​ការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស។


បាតុកម្មថ្ងៃទី២៖ ថ្ងៃទី ២៤ តុលា ចាប់​ពី​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ១០​កន្លះ ផ្លូវ​ឆ្លង​កាត់ មាន​ផ្លូវ​លេខ​៦១ ផ្លូវ​លេខ​៤៧ និង​ផ្លូវ​លេខ ៧៦ ក្បួន​ដង្ហែរ​ត្រូវ​យក​ញាត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត អាមេរិក បារាំង និង​អង់គ្លេស។


បាតុកម្មថ្ងៃទី៣៖ ថ្ងៃទី ២៥ តុលា ចាប់​ពី​ម៉ោង ៨ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ ផ្លូវ​ឆ្លង​កាត់ មាន​ផ្លូវ​លេខ​៥១ ផ្លូវ​លេខ​២៩៤ ផ្លូវ​សុធារស មហា​វិថី​ព្រះ​នរោត្តម មហា​វិថី​ម៉ៅ​សេទុង មហាវិថី​ព្រះ​មុនីវង្ស និង​ផ្លូវ​ក្រមូនស ក្បូន​ដង្ហែរ​ត្រូវ​យក​ញាត្តិ​ទៅ​ដាក់​នៅ​តាម​ស្ថានទូត នៃ​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ដទៃ​ដូចជា អូស្រ្តាលី រុស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និងចិន។


សាលា​រាជធានី​ភ្នំពេញ ក៏​បាន​អំពាវនាវ​ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ​ថា «សូមដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ សូម​រក្សា​ភាព​ស្ងៀម​ស្ងាត់ អត់ធ្មត់ និង​គួរ​បញ្ចៀស​ការ​ធ្វើ​ចរាចរណ៍ ឆ្លង​កាត់​តាម​កំណាត់​ផ្លូវ​ដែល​បាតុករ ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់ ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់​របៀប​រៀប​រយ​សាធារណៈ និង​សម្រួល​ការ​កកស្ទះ​ចរាចរណ៍»។


Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
17 + 10 =