Verified

បទ​យកការណ៍​៖ ភាព​ទ្រុឌ ទ្រោម​ផ្លូវវេង​ស្រេង ធ្វើឲ្យ​ប៉ះពាល់​កាន់តែ​ខ្លាំង ​ដល់​អ្នកដំ​ណើ​រ និង​អ្នក​រស់នៅ​តំបន់​នោះ​​

15:21 Oct 18 2013 Veng Sreng Blvd, Phnom Penh

បទ​យកការណ៍​៖ ភាព​ទ្រុឌ ទ្រោម​ផ្លូវវេង​ស្រេង ធ្វើឲ្យ​ប៉ះពាល់​កាន់តែ​ខ្លាំង ​ដល់​អ្នកដំ​ណើ​រ និង​អ្នក​រស់នៅ​តំបន់​នោះ​​ បទ​យកការណ៍​៖ ភាព​ទ្រុឌ ទ្រោម​ផ្លូវវេង​ស្រេង ធ្វើឲ្យ​ប៉ះពាល់​កាន់តែ​ខ្លាំង ​ដល់​អ្នកដំ​ណើ​រ និង​អ្នក​រស់នៅ​តំបន់​នោះ​​ បទ​យកការណ៍​៖ ភាព​ទ្រុឌ ទ្រោម​ផ្លូវវេង​ស្រេង ធ្វើឲ្យ​ប៉ះពាល់​កាន់តែ​ខ្លាំង ​ដល់​អ្នកដំ​ណើ​រ និង​អ្នក​រស់នៅ​តំបន់​នោះ​​
Description

"ពេលមេឃភ្លៀងពិបាកដែរ បែកភុក ឡាន​គេ​បើក​វ៉ាវៗ ទៅ​ខ្ទាត​ចូល​ អែប​កន្ធុន​ទុក ការ​លក់​ដូរ​ពិបាក​តិច​ដែរ។ ការ​លក់​ដូរ​ហ្នឹង ពិបាក​ដែរ ព្រោះ​អី​ដីហុយ គេ​ថា​​គ្មាន​អនាម័យ គេ​មិន​សូវ​ហូប​ចឹង​ទៅ​ណាស់។ ចង់​ឲ្យ​បង​ប៉ូលិស សមត្ថកិច្ច​គ្រប់​២៤​ម៉ោង​ហ្នឹង ជួយ​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​ហ្នឹង ជួយ​សម្រួល​ផ្លូវ ហើយ​នឹង​ចេះ​ជួយ​ឲ្យ​​រថយន្ដ​ធុន​ធ្ងន់​ហ្នឹង​ ឲ្យ​ចេះ​ដឹក​ទំនិញ​ហ្នឹង​ត្រូវ​ចេះ​បន្ថយ​ទម្ងន់​តិច​ទៅ​" ។


​នេះ​ជា​ការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​លក់​-​ដូរ អ្នកធ្វើដំណើរ និង​អ្នក​រស់នៅ​តាម​ដងផ្លូ​វវេងស្រេង ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មាន​ជ័យ រហូត​ដល់​​សង្កាត់​​ចោមចៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​


​នៅ​ឆ្នាំ​២០១៣ ផ្លូវ​មួយ​នេះ ខូចខាត​ស្ទើរ​ទាំងស្រុង ចាប់ពី​ផ្លូវបំបែក​ថ្លឹង​រថយន្ត​ចំការ​ដូង រហូត​ដល់​ថ្លឹង​រថយន្ត​ជិត​រង្វង់​មូល​ចោមចៅ​។ អ្នកធ្វើដំណើរ​តាម​​​​ដង​​ផ្លូ​វវេង​ស្រេង បង្ហាញ​ការមិនសប្បាយចិត្ត ដោយសារ​ដី​ហុយ​ទ្រលោម ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភា​ពពួកគាត់ និង​បណ្តាលឲ្យ​មាន​គ្រោះ​ថ្នាក់​​​​ចរាច​រណ៍​ជា​ដើ​ម ៖ "បើខ្ញុំជិះម៉ូតូទៅវិញ​ទៅ​មក​​រាល់​ថ្ងៃ​​នេះ បើ​និយាយ​រឿង​ដី​ចូល​ពោះ មិន​ដឹង​ប៉ុន្មាន​លាន​ដី​ទេ ស្រូប​តែ​រហូត​ហ្នឹង។ ប៉ះ​ពាល់​សុខ​ភាព​ប្រជា​ពលរដ្ឋ​ ដែល​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​ហ្នឹង ឫ​ក៏​អ្នក​លក់​ដូរ​ឥវ៉ាន់​តាម​ផ្លូវ​ គឺ​ហុយ​​ខ្លាំង​​ណាស់​បង។ ដូច​ថា កូន​ខ្ញុំ​តូចៗ​ចឹង​ណាស់ ដល់​ពេល​ខ្ញុំ​លក់​ដូរ​ទៅ ហុយ​ទៅ​កាល​ណា​នេះ ទៅ​ជា​ក្អក ទៅ​ជា​ឈឺ ដូច​ថា ខ្ញុំ​រក​ថវិកា​អត់​បាន​ច្រើន​ដូច​គេ​ទេ។ ហុយ​ហ្នឹង វា​​កើត​​ជំងឺ​សួត ជំងឺ​របេង ស្អីៗ​ចឹង​ទៅ​ប៉ះ​ពាល់​តាំង​ពី​ភ្នែក​យើង និង​ធ្វើ​ឲ្យ​ខូច​សុខ​ភាព​ក្នុង​រាង​កាយ​របស់​យើង​បន្ដិច​ម្ដងៗ ធ្វើ​ឲ្យ​យើង​ទ្រុឌ​ទ្រោម​ហ្នឹង។ និយាយ​ទៅ វា​គ្រោះ​ថ្នាក់ ពី​មុន​​ម​ក​វា​គ្រោះ​ថ្នាក់​ញឹក​ជាង​គេ​នៅ​អាផ្លូវ កន្លែង​លូរ​៥​ហ្នឹង អាហ្នឹង​ ឡាន​កន្លែង​ហ្នឹង​ ផ្លូវ​វា​ចង្អៀត​ តែ​ឡាន​ជាន់​អត់​ដែល​រស់​ទេ ដឹង​ថា បែក​ក្បាល​ហើយ​"។


​ឈរ​នៅ​ក្រោម​ឆត្រ​ជិត​ចិញ្ចើមផ្លូវ នៅ​ម្តុំ​លូ​ប្រាំ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ  អ្នកស្រី ឡុង សុភា ដែល​កំពុង​ដួសសម្ល​ដាក់​ថង់​សម្រាប់​លក់ ឲ្យដឹងថា គាត់​​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ជីវភាព​គ្រួសារ ដោយសារ​តែ​ដី​ហុយ ធ្វើឲ្យ​គាត់​លក់ដូរ មិនសូវ​ដាច់ និង​បាត់បង់​អតិថិជន ​៖​ "ព្រួយបារម្ភ​ដែរ​ពូ នឹក​ឃើញ​ថា មើល​សូម្បី​តែ​កូន​រាល់​ថ្ងៃ ពីរ​នាក់​ដឹង​ថា ៣​ពាន់ នៅម៉ូតូឌុបគេទៅ​យក ៣ពាន់ទៀត ៦ពាន់ ហើយម៉្លោះ​ហើយ​​មួ​យថ្ងៃ​ខ្ញុំ ចូល​បាន​តែ​១ម៉ឺន ១ម៉ឺន​ជាង​ហ្នឹង​អស់​ហើយ ខ្ញុំ​រក​បាន​​តិចៗ ហើយ​បើ​ឡាន​ធំៗ​ចឹង​ដឹក ដល់​ពេល​ភ្លៀង​​មក​ឡើង​​បែក​វ៉ល់ ហើយ​ផ្លូវ​ហ្នឹង​​ឡើង​ក្រហូង​អស់ ដល់​ពេល​អញ្ចឹង​ ពិបាក​រក​ស៊ី​ណាស់​ពូរាល់​ថ្ងៃ ចង់​លក់​អី ដូច​ថា លក់​បាយ លក់​បរ ​ក៏​អត់​បាន​ ដល់​វា​ហុយ​ពេក​អញ្ចឹង​ទៅ"។


លោក សេង សែ អ្នករត់ម៉ូតូឌុប​ម្នាក់ ដែល​អង្គុយ​នៅលើ​ម៉ូតូ រង់ចាំ​ដឹក​អ្នកដំណើរ នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវវេង​ស្រេង រៀបរាប់ថា រៀង​រាល់​ថ្ងៃ រថយន្ត​សណ្តោង​ធំៗ ដែល​ដឹក​​ទំនិញ​លើស​​កំណត់ ធ្វើឲ្យ​ផ្លូវខូច ដី​ហុយ និង​នាំ​ឲ្យ​គាត់​ខាត​ពេលវេលា និង​ថ្លៃ​សាំង ​៖​ “​ផ្លូវហ្នឹង វាពិបាកៗ ហួស​ពេក​ហើយ​បង ពិបាក​រហូត​មក​ តាំង​ពី​ឃើញ​ផ្លូវ​ហ្នឹង​មក ពិបាក​​រហូត។ អារឿងខាតវាខាតហើយបង ខាត​ពេល​វេលា ដូច​ថា យើង​ត្រូវ​កន្លះ​ម៉ោង​ដល់ វា​អាច​ទៅមួយ​ម៉ោង​​អីអញ្ចឹង​ទៅ។ ខាត​ពេល​វេលា​ហើយ​ខាត​ប្រាក់​ហើយ​ខាត​សាំង​ទៀត​ ”​។​


អ្នក​ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ នៅ​រាជធានី​ភ្នំពេញ លោក ចាន់ តារា​រស្មី អាយុ​៣០​ឆ្នាំ ឲ្យដឹងថា ជាទូទៅ ចរាចរណ៍​កកស្ទះ ចាប់ពី​ម៉ោង​៦​កន្លះ ទៅ​ម៉ោង​​៨​កន្លះ​ព្រឹក​។ រីឯ​ពេល​ល្ងាច អ្នកធ្វើ​ដំណើរ​ជួប​ការកកស្ទះ ចាប់ពី​ម៉ោង​៥​ល្ងាច ទៅ​ម៉ោង​៦ ឬ​៧​ល្ងាច ៖​ “​ពេលវេលា​ការងារ​ច្រើន ព្រោះ​​យប់​ការងារ​ចូល​ម៉ោង​៧ អាច​ទៅដល់​ម៉ោង​៧​ជាង មក​ពី​ក្រុមហ៊ុន​មួយចំនួន ដែល​បើកបរ​តាម​ផ្លូវ​នោះ​ច្រើន​ពេក ភាគច្រើន​ខាង​ក្រុមហ៊ុន​ឡានធំៗ ទាំងអស់​គឺ​ឡានធំ គ្រប់​កន្លែង​គឺ​មក​តាម​ផ្លូវ​នេះ​ទាំងអស់​”​។​


​ចំណែក អ្នកធ្វើដំណើរ​មួយចំនួនទៀត ផ្ញើ​សារ​ទៅ​រាជរដ្ឋាភិបាល​ថា ឲ្យ​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ ធ្វើ​ផ្លូវ​ឲ្យមាន​គុណភាព​។ ពួកគាត់ អំពាវនាវ​ឲ្យ​រដ្ឋាភិបា​ល​​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​នគរបាល​ចរាចរណ៍​ឈរជើង​នៅ​លើ​ផ្លូវ​នោះ ឈប់​ប្រព្រឹត្ត​អំពើពុករលួយ​យកលុយ ដោយ​ទុកឲ្យ​រថយន្ត​សណ្តោង​​ដឹក​ទំនិញ​ហួស​ចំណុះ​។​


​ពាក់ព័ន្ធ​នឹង​ការ​លើកទ្បើង​របស់​ប្រជាពលរដ្ឋ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ឲ្យដឹងថា ក្រុមហ៊ុន​ម៉ៅការ​ថ្មី ឈ្មោះ ភ្នំពេញថូ​វ៉េ (Company To way) ជា​អ្នកទទួលបន្ទុក​ធ្វើ​ផ្លូវ​នេះ​។ លោក អះអាងថា សាលា​រាជធានី​កំពុង​ពិភាក្សា​ជាមួយ​ មន្ទីរ​សាធារណការ​ដឹកជញ្ជូន​រាជធានី ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​នេះ​ឲ្យបាន​ឆាប់​​ ៖  “​ផ្លូវ​នេះ​កន្លងមក មាន​ក្រុមហ៊ុន មុន​គាត់​ធ្វើ​ការវិនិយោគ ឥឡូវនេះ​គាត់​បាន​ផ្ទេរ ទៅឲ្យ​ក្រុមហ៊ុន​ថ្មី​ហើយ ដោយឡែក​គឺ​ឥឡូវនេះ​យើង​បាន​ចាត់​ការប្រញាប់​ហើយ គឺ​ក្រុមហ៊ុន​គាត់​នឹង​ត្រៀម​ធ្វើការ​ជួសជុល​ហើយ ខ្ញុំ​គិតថា​ខាង​សាលាក្រុង កំពុង​តែ​ប្រជុំ​រៀបចំ ជាមួយនឹង​មន្ទី​សាធារណការ រឿង​បញ្ហា​បទដ្ឋាន​បច្ចេកទេស បន្តិចទៀត​នឹង​អាច​​ចាប់ផ្តើម​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​នេះហើយ ”​។​


VOD មិនអាច​ទាក់ទង​ក្រុមហ៊ុន ភ្នំពេញថូ​វ៉េ បាន​នៅ​ទ្បើយ​ទេ​។​


​អ្នកស្រាវជ្រាវ​ឯករាជ្យ​ពី​ការអភិវឌ្ឍន៍​សង្គម លោក កែម ឡី កត់សម្គាល់ថា អាជ្ញាធរ​ដែនដី ត្រូវ​ពិនិត្យ​ឡើងវិញ​លើ​ក្រុមហ៊ុន​ម៉ៅការ​ផ្លូវ​នោះ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​។ លោក​បន្ថែមថា រដ្ឋាភិបាល​ត្រូវ​ធ្វើ​វិមជ្ឈការ​អំណាច​ទៅ​ថ្នាក់ក្រោម​ជាតិ​ឲ្យមាន​ប្រសិទ្ធិភាព មិន​ត្រឹមតែ​ប៉ុណ្ណោះ រដ្ឋាភិបាល​​​ត្រូវ​ផ្តល់ឱកាស​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ដេញថ្លៃ​ផ្លូវថ្នល់​នោះ​ជា​សាធារណៈ​ ​៖ “​ជា​វិធានការ ត្រូវ​តែ​វិមជ្ឈកា​ល​ទៅ​ខេត្ត​ទៅ​ស្រុក បើ​ល្អ​បំផុត​ទៅ​ឃុំ ឲ្យ​គាត់​ថែទាំ​ជួស​ជុល ជាប្រចាំ សូម្បី​តែ​ល្បើក​ដុំថ្ម ពីរ​ដុំ ក៏​គេ​ត្រូវ​តែ​ជួសជុល​ដែរ ដើម្បី​កុំឲ្យ​វា​ខូច​ខ្ជិច​អញ្ជឹង យើង​មិន​មាន​ការដេញថ្លៃ​​ជាក់លាក់ យើង​អត់​មាន​ថា​តើ​អាជ្ញាធរ​ណា ក្រុម​ណា ដែល​ឯករាជ្យ​បំផុត ហើយ​​មាន​បច្ចេកទេស​ដើម្បី​ត្រួតពិនិត្យ លើ​ការរៀបចំ ការសាងសង់ ការជួសជុល​នោះ​ឲ្យ​ត្រឹមត្រូវ​ទៅ​ទៀត ប្រសិន​ជា​ឲ្យ​ជួសជុល​មួយ​ទៅ វា​ហូរហៀរ​តាមផ្លូវ​វា​ធ្វើឲ្យ​អត់គុណភាព​ដដែល​”​។​


​អ្នកសម្របសម្រួល​នៃ​បណ្តាញ​រួបរួម ដើម្បី​គណនេយ្យភាព​សង្គម នៅ​អាស៊ី​បូ​ព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា លោក សន ជ័យ យល់ថា ដើម្បី​ឲ្យ​ផ្លូវ​មាន​គុណភាព សាលា​រាជធានី​ដែល​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន  ត្រូវ​តាមដាន​ក្រុមហ៊ុន​សាងសង់​ផ្លូវ​នោះ​ឲ្យមាន​ប្រសិទ្ធិភាព ដើម្បី​ជា​ប្រយោជន៍​ដល់​សាធារណ​ជន​  ៖ “​ប្រសិន​ជា​មាន​វិធានការ​ជា​សាធារណៈ ព្រមាន​ក្រុមហ៊ុន ឬ​មួយ​ក៏​ហៅ​ថា​ការបង្ខំ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​ធ្វើតាម កិច្ចសន្យា​នោះ ខ្ញុំ​គិតថា នេះ​ជា​វិធានការ​មួយ​ផ្តល់​ផលប្រយោជន៍ ដល់​​សាធារណ​ជន ហើយ​ក៏​សង្ឃឹម​ថា  នឹង​ធ្វើឲ្យ​ជីវិត របស់​អ្នក​ដែល​រស់នៅ​តាម​ផ្លូវវេង​​ស្រេង នោះ​មាន​ភាពប្រសើរឡើង​ដែរ ”​។​


​លោក​សន ជ័យ ក៏​លើកទ្បើង​ដូច​ប្រជាពលរដ្ឋ ដែលថា មន្ត្រី​មួយចំនួន​ប្រព្រឹត្ត​អំពើ​ពុករលួយ ដោយ​យក​លុយ​ពី​រថយន្ត​សណ្តោង​ទំនិញ​ធំៗ​ហួស​កំណត់ ដែល​​ធ្វើឲ្យ​ផ្លូវ​​វេង​​ស្រេង​​កាន់តែ​ទ្រុឌទ្រោម​៕


News Source Link
http://vodhotnews.com/16779
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
12 + 7 =