Verified

ពលរដ្ឋ​សហគមន៍​ស្ទឹង​កំបុត​រក​អន្តរាគមន៍ រឿង​អាជ្ញាធរ​បង្គាប់​ឲ្យ​រុះរើ​ផ្ទះ

10:35 Sep 3 2012 ខណ្ឌ ឬស្សីកែវ

Description
ភ្នំពេញៈប្រជាពលរដ្ឋ សហគមន៍​ស្ទឹង​កំបុត ៦៩គ្រួសារ ដែល​អាជ្ញាធរ​ខណ្ឌ​ឫស្សី​កែវ​ចេញ​ប្រកាស​ឲ្យ​រុះរើ​លំនៅ​ដ្ឋាន​បានទៅ សុំ​អន្តរា​គមន៍ ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ ហើយ​គ្រោង​នឹង​ដាក់​លិខិត​បដិសេធ​សេចក្តី​ជូន​ដំណឹង​នេះ ទៅ​អាជ្ញាធរ​មូល​ដ្ឋាន​និង​ទី​ស្តីការ​គណៈរដ្ឋ​មន្ត្រី នៅ​ថ្ងៃ​សុក្រ​នេះ។

អាជ្ញាធរខណ្ឌ​ឫស្សីកែវ ពី​ថ្ងៃទី​២៨ ខែ​សីហា បាន​បិទ​សេចក្តី​ជូន​ដំណឹង​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​សហគមន៍​ស្ទឹង​កំបុត ៦៩ គ្រួសារ នៅ​ក្នុង​ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយ​ប៉ាក រុះរើ​ផ្ទះ​ចេញ​យ៉ាង​យូរ​ត្រឹម​សប្តាហ៍​ក្រោយ​នេះ ដោយ​សំអាង​ថា​ប្រជាពលរដ្ឋ​មក​រស់​នៅ​រំលោភ​លើដី​កម្មសិទ្ធិ​ឯក​ជន​អ្នក​ដទៃ។

លោក ងិន សុវណ្ណ​ថៃ ប្រធាន​សហគមន៍​ស្ទឹង​កំបុត អះអាង​កាល​ពី​ម្សិល​មិញ​ថា ប្រជាពលរដ្ឋ​មិន​សុខ​ចិត្ត​ទេ និង​ខំស្វះ​ស្វែង​រក​ការ​ដោះ​ស្រាយ និង​បាន​ទៅ​ប្រឹក្សា​យោបល់​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ក្នុង​រយៈ​ពីរបី​ថ្ងៃ​នេះ។

លោក​សុវណ្ណថៃ បន្ត​ថា៖«ពលរដ្ឋ​ឆ្លេឆ្លា​នៅ​មិន​សុខ​ទេ ហើយ​បាន​ផ្តុំ​គ្នា​ធ្វើ​លិខិត​បដិសេធ​សេចក្តី​ជូន​ដំណឹង​នោះ ដែល​នឹង​យក​ទៅ​ដាក់​នៅ​សាលា​សង្កាត់ ខណ្ឌ​សាលា​ក្រុង និង​ដាក់​នៅ​អនុគណៈ​កម្មាធិ​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​របស់​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី នៅ​ព្រឹក​ថ្ងៃ​សុក្រ»។

លោក ហ៊ន ប្រុស អ្នក​តំណាង ពលរដ្ឋ​ម្នាក់​ដែរ​ប្រាប់​ថា ពួក​គាត់​បាន​មក​រស់​នៅ​លើ​ដី​នេះ​តាំង​ពី​ឆ្នាំ​១៩៨៩ ហើយ​មិន​ឃើញ​មាន​អ្នក​ណា​មក​អះអាង​ថាជា​ដី​គេទេ។

លោកថា៖«ពលរដ្ឋ កាប់​ឆ្ការ​ព្រៃ​ត្រែង ហើយ​រស់​នៅ​លើដី​នេះ​ជាង​២០ឆ្នាំ​ហើយ។ តែ​ពេល​នេះ គេ​ថា​យើង​រស់​នៅ​លើ​ដី​គេ​»។ លោក​ថា ពលរដ្ឋ​នឹង​តវ៉ា​បែប​អហិង្សា មិន​ឲ្យ​មាន​ការ​បណ្តេញ​ចេញ​ទេ ហើយ​ស្នើ​ឲ្យ​អាជ្ញាធរ​និង​អ្នក​ដែល​ថា​ជា​ម្ចាស់​ដីចូល​មក​ដោះ​ស្រាយ។

លោក សៀ ភារម្យ ប្រធាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​មក​សុំ​យោបល់​ពី​អង្គការ​លោក ហើយ​លោក​សុំ​ឲ្យ​គាត់​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី។

លោក ភារម្យ បន្ត​ថា៖ ​«យើង​មិន​អាច​រក​ដំណោះ​ស្រាយ​អី​ជូន​គាត់​បានទេ។ មាន​តែ​អាជ្ញាធរ​ទេ ដែល​ដោះ​ស្រាយ​បាន។ យើង​ក៏​បាន​សុំ​ឲ្យ​គាត់ កុំ​ឲ្យ​ប្រើ​វិធី​ហិង្សា​មក​ដោះ​ស្រាយ​បញ្ហា»។

លោក ហ៊ូ សាម៉ន ចៅ​សង្កាត់​ស្វាយ​ប៉ាក មិន​ធ្វើ​អត្ថាធិប្បាយ​ទេ លោក​ថា ៖ «ខ្ញុំ​ប្រាប់​ហើយ​ខ្ញុំមិន​ហ៊ាន​និយាយ​ទេ រឿង​ហ្នឹង»។

សេចក្តី ជូន​ដំណឹង​របស់​សាលា​ខណ្ឌ​ឫស្សីកែវ ចុះថ្ងៃទី​២០ សីហា​ថា ប្រជាពលរដ្ឋ​បាន​សង់​សំណង់​រំលោភ​លើដី​របស់​លោក ចៅ ហៅ សេង ដោយ​ពុំ​មាន​ការ​អនុញ្ញាត។

ប្រកាស​ក៏​រំឭក​ថា៖​«សូមបង​ប្អូន​រុះរើ សំណង់​ចេញ​ឲ្យ​អស់​ក្នុង​រយៈ​៧ថ្ងៃ គិត​ពី​ថ្ងៃ​២៧ខែ​សីហា ដល់ថ្ងៃ​ទី​៣ ខែ​កញ្ញា ជាកំហិត។ ក្នុង​ករណី​រឹង​រូស​សាលា​ខណ្ឌ នឹង​ចាត់​វិធាន​ការ​រដ្ឋ​បាល​ម៉ឺងម៉ាត់​ចុះ​រុះរើ និង​មិន​ទទួល​ខុស​ត្រូវ​លើ​ការ​ខូច​ខាត​ឬ​ការ​បាត់​បង់​ឡើយ»។

ប្រកាស របស់​សាលា​ខណ្ឌ​ឫស្សី កែវ​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ​ចេញ​លិខិត​បញ្ជា​ឲ្យ​សាលា​ខណ្ឌ​រុះរើ សំណង់​អនាធិប​តេយ្យ​លើ​ដី​ទំហំ​៥៨.​២៣២​ម៉ែត្រ​ក្រឡា ទុក​ឲ្យ​ម្ចាស់​ដី​ធ្វើ​របង​ការ​ពារ​ព្រំដី។ លិខិត​នោះ​ថា​ លោក ​ចៅ ហៅ សេង មាន​ប័ណ្ណ​សម្គាល់​កម្ម​សិទ្ធិកាន់​កាប់​ដី​នោះ​ ​តាំង​ពី​ឆ្នាំ​១៩៩៤ មក​ម្ល៉េះ៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
11 + 9 =