Verified

កម្មករ​រោងចក្រ​កាត់​ដេរ​ហ័ររ៉ស់ តវ៉ា​នៅ​មុខ​ក្រសួង​សង្គម​កិច្ច

16:12 Aug 18 2012 Preah Monivong (St. 93), 12305 Phnom

កម្មករ​រោងចក្រ​កាត់​ដេរ​ហ័ររ៉ស់ តវ៉ា​នៅ​មុខ​ក្រសួង​សង្គម​កិច្ច
Description
ដោយ សុ ជីវី
2012-08-18
កម្មករ​ជាង​១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៧ ខែ​សីហា នៅ​រោងចក្រ​កាត់​ដេរ​ហ័ររ៉ស់ (Horus Industrial Corp) ដែល​ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា។
ក្រុម​អ្នក​តវ៉ា​អះអាង​ថា ពួក​គេ​បាន​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​សិទ្ធិ​ពី​សំណាក់​ភាគី​ថៅកែ​រោងចក្រ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ មក​ដល់​ពេល​នេះ ពួក​គេ​ចង់​អោយ​ភាគី​ថៅកែ​រោងចក្រ​ចេញ​មុខ​ដោះ​ស្រាយ​ទៅ​តាម​ការ​ទាម​ទារ​របស់​ពួក​គេ ដែល​ចង់​បាន​ការ​ទូទាត់​បញ្ចប់​កិច្ច​សន្យា​នៅ​ពេល​ដែល​រោងចក្រ​ពុំ​មាន​ការងារ​អោយ​ពួក​គេ​ធ្វើ។
កម្មករ​រោងចក្រ​កាត់​ដេរ​ហ័រ៉ស់ បាន​ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​លោក អ៊ិត សំហេង អន្តរាគមន៍​អោយ​ថៅកែ​រោងចក្រ​នេះ ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​អតីត​ភាព​ការងារ និង​អត្ថ​ប្រយោជន៍​ផ្សេងៗ​ទៀត ដែល​ពួក​គេ​ត្រូវ​ទទួល​បាន ប្រសិន​បើ​រោងចក្រ​នេះ​បិទ​ទ្វារ​លែង​ដំណើរ​ការ។
ក្រុម​កម្មករ​ដែល​ឈរ​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​សង្គម​កិច្ច និង​យុវ​នីតិ​សម្បទា បាន​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា ពួក​គេ​ចង់​ដឹង​អោយ​បាន​ច្បាស់​ថា តើ​រោងចក្រ​ហ័រ៉ស់ នឹង​បន្ត​បើក​ទ្វារ ឬ​ត្រូវ​បិទ​ទ្វារ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ? ហើយ​ប្រសិន​បើ​ពុំ​មាន​ការងារ​អោយ​កម្មករ​ធ្វើ​ទេ ភាគី​រោងចក្រ​ត្រូវ​ទូទាត់​ប្រាក់​បំណាច់​ផ្សេងៗ​ដល់​ពួក​គេ​ទៅ​តាម​ច្បាប់៖ «កម្មករ​ទី១ មាន​រឿង​បាន​២ថ្ងៃ​បាន​ថៅកែ​គាត់​ទៅ​ស្រុក​ចិន។ តែ​រហូត​ដល់​ឥឡូវ គឺ​ថៅកែ​អត់​ចេញ​មុខ​ដោះស្រាយ​សោះ។ ឥឡូវ​ទាម​ទារ​អោយ​ថៅកែ​ចេញ​មុខ​ដោះ​ស្រាយ។ កម្មករ​ទី២ ចង់​អោយ​ថៅកែ​ចេញ​មុខ​ចរចា​ជាមួយ​ពួក​ខ្ញុំ។ មិន​បើក ចង់​អោយ​គាត់​ហ្នឹង​គិត​លុយ​អោយ​ខ្ញុំ ដែល​ពួក​ខ្ញុំ​ធ្វើ​ការ​១០​ឆ្នាំ​ជាង​ហើយ។ អោយ​គិត​លុយ​ម៉ា​វគ្គ​សិន​មក ប្រាក់​អតីត​ភាព លុយ​ដំណាច់​ឆ្នាំ និយាយ​ទៅ​គិតគូរ​៥​ចំណុច​តាម​ច្បាប់»។
លិខិត​ចុះ​ថ្ងៃ​ទី​១៧ ខែ​សីហា របស់​ក្រុម​កម្មករ​ដែល​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច បាន​បញ្ជាក់​ថា ភាគ​ច្រើន​នៃ​កម្មករ​នៅ​រោងចក្រ​ហ័រ៉ស់ បាន​បម្រើ​ការងារ​ជាង​១០​ឆ្នាំ​ហើយ។ កន្លង​មក ក្រុមហ៊ុន​នេះ​មាន​កម្មករ​ជិត​២ពាន់​នាក់ ប៉ុន្តែ ដោយ​សារ​ក្រុមហ៊ុន​បាន​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​រូប​ភាព​ទៅ​លើ​ពួក​គេ ទើប​ពួក​គេ​បង្ខំ​ចិត្ត​លា​ឈប់​ពី​ការងារ។ មក​ដល់​ពេល​នេះ មាន​កម្មករ​តែ​ជាង​២០០​នាក់​នៅ​ធ្វើ​ការ។
លិខិត​ដដែល​អោយ​ដឹង​ទៀត​ថា រូប​ភាព​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​កម្មករ​កើត​ឡើង​កាន់​តែ​ខ្លាំង​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ទើប​ក្រុម​កម្មករ​សម្រេច​ធ្វើ​កូដកម្ម។ នៅ​ក្រោយ​កូដកម្ម មាន​ការ​ផ្សះផ្សា និង​មាន​កិច្ច​ព្រមព្រៀង​មួយ​ចំនួន ប៉ុន្តែ​ខាង​ភាគី​រោងចក្រ​ពុំ​បាន​អនុវត្ត​តាម​ឡើយ។ ក្រុម​កម្មករ​ភ័យ​បារម្ភ​ថា ភាគី​រោងចក្រ​កំពុង​បង្ខិត​បង្ខំ​ពួក​គេ​លា​ឈប់​ពី​ការងារ​ដោយ​ខ្លួន​ឯង ដោយ​ពុំ​បាន​ទទួល​អត្ថ​ប្រយោជន៍​ណា​មួយ​ឡើយ។
ទី​ប្រឹក្សា​ក្រសួង​សង្គម​កិច្ច ទទួល​បន្ទុក​ដោះ​ស្រាយ​បាតុកម្ម កូដកម្ម លោក សឹង ម៉ុន មាន​ប្រសាសន៍​ថា ក្រុម​ការងារ​របស់​លោក​បាន​សំណូម​ពរ​អោយ​ក្រុម​កម្មករ​ចូល​ធ្វើ​ការ​វិញ ដើម្បី​រង់ចាំ​ដំណោះ​ស្រាយ។ លោក​ថា ការ​ព្រួយ​បារម្ភ​ចំពោះ​ប្រាក់​អត្ថ​ប្រយោជន៍​របស់​កម្មករ គឺ​ជា​បញ្ហា​ដែល​អាច​ដោះ​ស្រាយ​បាន ព្រោះ​បើ​រោងចក្រ​បិទ​ទ្វារ​លែង​ដំណើរ​ការ អាជ្ញាធរ សមត្ថកិច្ច​នឹង​ចាត់​ចែង​ទៅ​តាម​ច្បាប់៖ «រឿង​លុយ​បាន​មិន​បាន​ស្រេច​នៅ​លើ​រដ្ឋាភិបាល ដែល​មាន​គណៈកម្មការ​បាតុកម្ម កូដកម្ម ជា​អ្នក​ដោះ​ស្រាយ។ ចង់​រោងចក្រ​ដួល​ក៏​ដោយ ចង់​រលំ​ក៏​ដោយ យើង​ត្រូវ​ធ្វើ​តាម​ផ្លូវ​ច្បាប់ គឺ​កុំ​អោយ​គាត់​ភ័យ​រឿង​បញ្ហា​ហ្នឹង»។
ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ក្រុម​កម្មករ អ្នក​គ្រប់គ្រង​រោងចក្រ​ហ័រ៉ស់ អ្នកស្រី ឯក ផល្លីន មាន​ប្រសាសន៍​ថា រោងចក្រ​នេះ​ពុំ​បិទ​ទ្វារ​ឡើយ។ ប៉ុន្តែ អ្នកស្រី ផល្លីន ពុំ​បាន​បញ្ជាក់​ថា នឹង​ត្រូវ​ផ្ដល់​ដំណោះ​ស្រាយ​បែប​ណា​ចំពោះ​ការ​ទាម​ទារ​របស់​ក្រុម​កម្មករ​នោះ​ទេ៖ «ខ្ញុំ​អត់​ដឹង​ទេ​អូន ខ្ញុំ​មិន​មែន​អ្នក​ដោះ​ស្រាយ​ទេ។ ខ្ញុំ​មាន​តួនាទី​តែ​ខាង​ផលិតកម្ម អ៊ីចឹង​បង​អត់​ដោះ​ស្រាយ​រឿង​ហ្នឹង​ទេ»។
បើ​ទោះ​ជា​បែប​ណា ក្រុម​កម្មករ​អះអាង​ថា ពួក​គេ​អស់​ជំនឿ​ទៅ​លើ​ការ​សន្យា​របស់​ភាគី​រោងចក្រ។ ពួក​គេ​ទាម​ទារ​តែ​ម្យ៉ាង គឺ​ចង់​អោយ​ថៅកែ​រោងចក្រ​ពិត​ប្រាកដ​ចេញ​មុខ​មក​ដោះ​ស្រាយ​ជាមួយ​ពួក​គេ គឺ​មិន​មែន​តាម​រយៈ​តំណាង​ណា​មួយ​ឡើយ៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
14 + 2 =