22-6-004

ក្រឡេក​មក​មើល​ស្នាដៃ «Penh to Paper» នៅ​កម្ពុជា

ប្រភព ៖ ភ្នំពេញបុស្តិ៍

សម្រាប់លោក Stuart Croxford ដែលកាលពីមុនជាស្ថាបត្យករ ហើយបច្ចុប្បន្នជាអ្នកសិល្បៈម្នាក់នោះ ប្រទេសកម្ពុជា គឺតែងតែជាគោលដៅដ៏ធំមួយរបស់លោក។

ក្នុងនាមជាជនបរទេសរស់នៅប្រទេសកម្ពុជាជាអចិន្រៃ្តយ៍លោក Croxford បានបង្ហាញនូវស្នាដៃ «Penh to Paper» ក្នុងពិធីតាំងពិព័រណ៍ថ្មីៗរបស់លោកជាបន្តបន្ទាប់ ដែលបង្ហាញនូវការរចនាអគារពីសម័យអាណានិគមបារាំង និងការរចនាបែបខ្មែរថ្មីៗផងដែរ។

លោក Croxford បានប្រាប់ប៉ុស្តិ៍អចលនទ្រព្យ អំពីអ្វីដែលជំរុញចិត្តលោកឲ្យរៀបចំការ តាំងពិរព័រណ៍នេះឡើង ព្រមទាំងក្តីស្រឡាញ់របស់លោកចំពោះអគារប្រវត្តិសាស្ត្រធំៗរបស់កម្ពុជាផងដែរ។

១.តើលោកអាចអធិប្បាយលម្អិតនូវស្នាដៃរបស់លោកពីមុនៗ ព្រមទាំងប្រវត្តិការងាររបស់លោកក្នុងវិស័យស្ថាបត្យកម្ម និងអ្វីដែលលោកបានរចនាក្នុងប្រទេសកម្ពុជាបានដែរឬទេ?

ខ្ញុំបានចាប់ផ្តើមអាជីពរបស់ខ្ញុំកាលពីឆ្នាំ២០០០ ហើយក្រោយពីបានរៀននៅកម្រិតឧត្តមផ្នែកជំនាញអភិរក្ស (Masters in Conservation) ខ្ញុំក៏បានចូលរួមការហ្វឹកហាត់ក្នុងការងារល្បីឈ្មោះមួយដែលមានជំនាញខាងផ្នែកអភិរក្សការពារ ការស្តារឡើងវិញ និងការច្នៃរចនាម៉ូដអគារប្រវត្តិសាស្រ្តក្នុងចក្រភពអង់គ្លេស និងនៅប្រទេសដទៃទៀតផងដែរ។

ខ្ញុំបានទទួលនូវឱកាសជាផ្នែកមួយនៃគម្រោងស្តារ និងអភិរក្សអគារប្រវត្តិសាស្ត្រដូចជាព្រះវិហារ St. Paul’s Cathedral សង់ដោយលោក Sir Christopher Wren នៅ Christchurch និងព្រះវិហារ Christchurch នៅ Spitalfields នាទីក្រុងឡុងដ៍ ដោយ Wren’s protégé Sir Nicholas Hawksmoor និងប្រាសាទ Middle Temple, Kensington Palace ព្រមទាំង Westminster Abbey និងអគារផ្សេងៗទៀត។ វាគឺជាការងារមួយដ៏អសច្ចារ្យដែលរួមមានទាំងវត្តមានអ្នកអភិរក្ស ហើយខ្ញុំបានរៀននូវប្រវត្តិសាស្ត្រយ៉ាងច្រើនពីអគារទាំងនេះ។

ក្នុងឆ្នាំ២០០៨ ក្រុមស្ថាបត្យករ និងវិស័យសំណង់ក្នុងចក្រភពអង់គ្លេស បានជួបនូវបញ្ហាយ៉ាងធំមួយ ហើយខ្ញុំបានផ្លាស់ទៅប្រទេសចិនក្នុងឆ្នាំ ២០១១។

ខ្ញុំបានចំណាយពេលដល់ទៅ៤ឆ្នាំ នៅទីនោះជាមួយនឹងក្រុមហ៊ុនមួយចំនួនដែលសាង់សង់ផ្លូវល្បឿនលឿន សណ្ឋាគារសហសម័យកាល គម្រោងអគាររដ្ឋាភិបាល និងអគារពាណិជ្ជកម្មដែលកាលពីដំបូងឡើយដោយសារតែប្រវត្តិការងារដ៏ធំរបស់ខ្ញុំជាមួយនឹងអគារប្រវត្តិសាស្ត្រនោះ គឺជាបញ្ហាមួយដែរសម្រាប់ពួកគេ ប៉ុន្តែខ្ញុំក៏បានទទួលរៀនច្រើនពីការងារនោះផងដែរ។

ខ្ញុំតែងតែមានចំណាប់អារម្មណ៍ខ្លាំងលើអគារប្រវត្តិសាស្ត្រ ដែលមានអាយុកាលច្រើនជំនាន់ ហើយមិនដែលចាប់អារម្មណ៍អ្វីជាងប្រាសាទនៅតំបន់អង្គរទេ។ ខ្ញុំគិតថាវាស្ថិតនៅក្នុងបញ្ជីសំណង់ស្ថាបត្យកម្ម «ដែលខ្ញុំស្រឡាញ់បំផុត»។

ខ្ញុំនិងប្រពន្ធរបស់ខ្ញុំបានទៅលេងកម្ពុជា យ៉ាងទៀងទាត់ក្នុងឆ្នាំ២០១២ ហើយមានអារម្មណ៍ស្ញប់ស្ញែងយ៉ាងខ្លាំង ដែលមិនត្រឹមតែប្រាសាទពីជំនាន់អង្គរទេ ប៉ុន្តែសំណង់ស្ថាបត្យកម្មថ្មីៗក្នុងប្រទេសកម្ពុជា និងផ្ទះវីឡាចាស់ៗនៅខេត្តកែប និងក្រុងព្រះសីហនុ ផងដែរ។

ចាប់ផ្តើមធ្វើការជាអ្នកសិល្បៈពេញម៉ោងតាំងពីឆ្នាំ២០១៦ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទីនេះជាអចិន្រៃ្តយ៍តែម្តងដោយសារតែសិល្បៈ និងស្នាដៃដ៏ល្អនៅក្នុងប្រទេសនេះ។

២. តើអ្វីទៅដែលជំរុញទឹកចិត្តលោកអំពីការតាំងពិរព័រណ៍ «Penh to Paper»? ហើយតើលោកត្រូវចំណាយរយៈពេលប៉ុន្មាន?

«Penh to Paper» កើតចេញពីក្តីស្រឡាញ់របស់ខ្ញុំចំពោះសិល្បៈ និងស្ថាបត្យកម្មពិសេសគឺសំណង់អគារប្រវត្តិសាស្ត្រ រួមផ្សំជាមួយនឹងការរកឃើញនូវ «ស្ថាបត្យកម្មខ្មែរថ្មីៗ» ដែលមួយភាគធំ គឺស្គាល់តាមរយៈវីដេអូឯកសាររបស់លោក Christopher Rompre ដែលមានឈ្មោះថា «The Man Who Built Cambodia»។ វាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមែនទែនដែលការរចនាបែបនេះបែរជាមិនមាននៅក្នុងវិស័យអប់រំរបស់ប្រទេសលោកខាងលិច នេះហើយទើបវាធ្វើឲ្យខ្ញុំរំភើបមែនទែន។

អគារមួយចំនួនគួរតែត្រូវចាត់ទុកថា ជាស្នាដៃដ៏លេចធ្លោ។ ខ្ញុំតែងមានចំណាប់អារម្មណ៍ខ្លាំងទៅលើការរចនាស្ថាបត្យកម្មដោយលោក Charles Rennie Mackintosh, Frank Lloyd Wright និង Paul Rudolph ដែលបានជួយបង្កើនស្នាដៃផ្ទាល់ខ្លួនរបស់ខ្ញុំ។

អគារគឺវាបង្ហាញនូវសិល្បៈរបស់វាផ្ទាល់តែម្តងហើយខ្ញុំប្រាថ្នាចង់ឲ្យអគារទាំងនេះបញ្ចេញនូវកេរ្តិ៍ឈ្មោះដ៏អស្ចារ្យរបស់ខ្លួន។ ការតាំងពិរព័រណ៍នេះត្រូវចំណាយអស់ពេលប្រហែល៦ខែ។ ខ្ញុំបានចំណាយពេលស្រាវជ្រាវ ថតរូប បន្ទាប់មករចនាម៉ូដ។ ខ្ញុំតែងតែរកឃើញអគារថ្មីៗជានិច្ច ហើយធ្លាប់រំពឹងថា នឹងអាចប្រមូលផ្តុំអគារទាំងនេះបានក្នុងការតាំងពិរព័រណ៍នេះ។ ប៉ុន្តែខ្ញុំនឹងគូរសម្រាប់ពិធីតាំងពិព័រណ៍វគ្គពីរ «Penh to Paper II»។

៣.តើពិធីតាំងពិរព័រណ៍របស់លោកមានន័យសង្ខេបចង់បង្ហាញពីអ្វី ហើយតើលោកសង្ឃឹមថា អ្នកចូលរួមទស្សនារបស់លោកនឹងទទួលការយល់ឃើញដូចម្តេចដែរ?

ខ្ញុំគិតថា រឿងជាច្រើនកំពុងតែសាបរលាបដោយសារតែវត្តមានរបស់សម័យឌីជីថល ដែលកំពុងវិវឌ្ឍទៅមុខលឿនពេក ហើយខ្ញុំចង់បង្ហាញនូវអគារទាំងនេះតាមវិធីចាស់ៗដើម្បីឲ្យគេយល់ពីតម្លៃ និងសារៈសំខាន់នៃអគារទាំងនេះ។

តាមរយៈគំនូរអគារដែលខ្ញុំបានធ្វើ ខ្ញុំអាចបង្ហាញនូវការរចនាកាលពីដំបូងឡើយ ហើយខ្ញុំគិតថា ស្ទីលនៃការគូររបស់ខ្ញុំអាចបង្ហាញនូវភាពច្បាស់ដែលធ្វើឲ្យអគារទាំងនេះមានការទាក់ទាញខ្លាំង។

ជាញឹកញាប់ខ្ញុំតែងមានភាពភ្ញាក់ផ្អើលដោយសារតែស្នាដៃនៃការរចនាម៉ូដអគារ បើទោះជាការរចនាខ្លះមានភាពសាមញ្ញក្តី ប៉ុន្តែតាមពិតអគារទាំងនេះមិនសាមញ្ញនោះទេ។

22-6-005

អគារបណ្ណាល័យជាតិកម្ពុជា និងអគារការិយាល័យអង្គការយូណេស្កូ ធ្វើឲ្យខ្ញុំមានអារម្មណ៍បែបនេះ។ វាគឺជាមធ្យោបាយល្អមួយដែលបង្ហាញនូវស្តង់ដាររបស់ស្ថាបត្យករ ដែលបានលើកសម្រស់ទីក្រុងភ្នំពេញ និងអ្នកដែលបានចូលរួមដល់ការលើកតម្កើងនេះ។ ប៉ុន្តែទីបំផុតទៅ គឺស្ថាបត្យករបានបង្ហាញនូវការព្យាយាម និងសមិទ្ធផល ហើយខ្ញុំទើបតែបានគូររូបអគារបង្ហាញនៅក្នុងពិធីតាំងពិព័រណ៍របស់ខ្ញុំ។

៤.ទីក្រុងភ្នំពេញកំពុងតែក្លាយជាទីក្រុងទំនើបមួយយ៉ាងឆាប់រហ័ស ដែលមានសំណង់អគារខ្ពស់ៗ ដែលធ្វើឲ្យសម្រស់អគារប្រវត្តិសាស្ត្រ និងការរចនាបែបខ្មែរមានការសាបរលាប។ បើមើលពីក្រសែភ្នែករបស់ស្ថាបត្យករ តើទីក្រុងនេះនឹងរក្សានូវតម្លៃរចនាប័ទ្មខ្មែរយ៉ាងដូចម្តេច ខណៈពេលដែលសំណង់សម័យទំនើបកំពុងតែផុសឡើងជាច្រើនដូច្នេះ?

ខ្ញុំសូមនិយាយថា សំណង់ស្ថាបត្យកម្មប្រវត្តិសាស្ត្រ និងសំណង់ទំនើបមិនគួរត្រូវបានមើលឃើញជាដៃគូប្រកួតគ្នានោះទេ។ ការរក្សានូវអគារប្រវត្តិសាស្ត្រ គឺជារឿងសំខាន់ក្នុងការរក្សា និងបង្កើនតម្លៃសង្គម ព្រមទាំងវប្បធម៌ចម្រុះនៃទីក្រុងនេះ។

ខ្ញុំគិតថា ការច្នៃយកការរចនាសំណង់អគារប្រវត្តិសាស្ត្រមកប្រើក្នុងសំណង់សម័យទំនើបនេះ គឺជាចំណុចសំខាន់មួយអមគ្នានឹងការកម្រិតស្តង់ដារខ្ពស់ចាប់ពី Grade I ទៅ Grade II ឬខ្ពស់ជាងនេះដែលអគារប្រវត្តិសាស្ត្រអាច ឬមិនអាចកែច្នៃឡើងវិញក្រោមច្បាប់តឹងរុឹង។ បើនិយាយ គឺស្រួលជាងធ្វើ ដោយសារតែបញ្ហាហិរញ្ញវត្ថុ ប៉ុន្តែការច្នៃយកការរចនាធ្វើឡើងដោយវិនិយោគិន និងអតិថិជនអាចនឹងផ្តល់នូវផលវិជ្ជមានដល់កេរិ៍្តឈ្មោះ និងប្រជាប្រិយភាពរបស់សំណង់អគារមួយបាន។

មនុស្សចូលចិត្តទៅទស្សនា និងសម្រាកលម្ហែនៅកន្លែងដែលហ៊ុមព័ទ្ធទៅដោយបរិស្ថានប្រវត្តិសាស្ត្រហើយពួកគេតែងយល់ថា ពួកគេអាចរៀនសូត្របានច្រើនពីបរិស្ថានបែបនេះ។ ឧទាហរណ៍ល្អមួយ គឺដូចជាភោជនីយដ្ឋាន Van និងសណ្ឋាគារ Plantation ហើយពិតជារឿងមួយដែលស្រស់ស្រាយដែលបានឃើញសណ្ឋាគារ Hyatt Regency នៅទីក្រុងភ្នំពេញរក្សាបាននូវវីឡារ៉ូយ៉ាល់ចាស់មួយនៅផ្លូវលេខ១៧៨ដែលជាផ្នែកមួយនៃការកែច្នៃទៅជាសណ្ឋាគារ។

កាលពីអតីតកាល ខ្ញុំបានធ្វើការលើគម្រោងជាច្រើនដែលសំណង់អគារប្រវត្តិសាស្ត្រក្រោមច្បាប់តឹងរ៉ឹង ត្រូវបានកែច្នៃបើកទ្វារឡើងវិញ ក្នុងសម័យទំនើបតាមរយៈការបន្ថែមនូវការតុបតែងថ្មីៗ ការរចនាល្អប្រណីត និងបំពាក់គ្រឿងបរិក្ខារថ្មីព្រមទាំងការកែច្នៃផ្សេងៗទៀតផងដែរ។

ទីក្រុងភ្នំពេញកំពុងមានសេដ្ឋកិច្ចលូតលាស់ល្អ ហើយដើម្បីរក្សានិរន្តរភាពនេះវាជារឿងសំខាន់មួយដែលត្រូវទាក់ទាញវិនិយោគិនថ្មីៗ និងបង្កើនការងារបន្ថែមទៀត។ ទន្ទឹមនឹងនេះដែរ ទីក្រុងនេះត្រូវរក្សានូវសំណង់ និងការរចនាប្រវត្តិសាស្ត្រ ដែលធ្វើឲ្យទីក្រុងនេះមានភាពខុសប្លែក។

ការកែច្នៃអគារប្រវត្តិសាស្ត្រមកប្រើជាថ្មី គឺជួយសម្រេចបានទាំងគោលដៅក្នុងការថែរក្សាការពារ និងអនាគតនៃអគារផ្ទាល់។

៥.តើប្រាសាទពីសម័យអង្គរ និងសហសម័យកាលណាខ្លះដែលលោកស្រឡាញ់ចូលចិត្តបំផុតនៅកម្ពុជា? ហើយហេតុអ្វីបានជាលោកគិតថា សំណង់ទាំងនេះពិសេសសម្រាប់លោក?

ខ្ញុំពិតជាមានភាពស្ញប់ស្ញែងចំពោះសំណង់ពីសម័យអាណាចក្រអង្គរមែនទែន។ ខ្ញុំស្រឡាញ់ប្រាសាទបាពួន ដែលស្ថិតលើទឹកដីខេត្តសៀមរាប។ រឿងរ៉ាវនៃការស្តារឡើងវិញរបស់ប្រាសាទនេះ គឺជាបង្គុំប្រវត្តិសាស្ត្រដ៏ធំមួយ (ដូចអ្នកដទៃធ្លាប់និយាយដែរ) ដែលមានភាពអស្ចារ្យយ៉ាងខ្លាំង។

ខ្ញុំគិតថា ខ្ញុំនិងភរិយាពិតជាមានសំណាងដែលបានឡើងទៅកំពូល និងមើលទេសភាពពីលើនោះមកក្រោម ដែលមានបារាយណ៍នៅខាងក្រោមមានទឹកពេញប្រៀប ដែលបង្ហាញនូវសម្រស់ល្អឥតខ្ចោះតាំងពីសម័យមុនមកនោះ។

ភ្នំជីសូរនៅខាងក្រៅទីក្រុងភ្នំពេញ ក៏ជាកន្លែងដែលខ្ញុំស្រឡាញ់ ហើយមានហេតុផលស្រដៀងនេះដែរ។ វិទ្យាស្ថានភាសារបរទេស គឺជាអគារសាលាមួយដ៏អស្ចារ្យផងដែរ។

ខ្ញុំចូលចិត្តទីនោះដោយសារតែស្ពានឆ្លងទៅអគារដូចប្រាសាទនៅតំបន់អង្គរវត្តដែរ ហើយការរចនានេះបង្កប់នូវភាសាស្ថាបត្យកម្មសហសម័យកាល ហើយមូលហេតុដែលសំណង់នេះរឹងមាំជាប់មកដល់សព្វថ្ងៃ ហើយនៅតែអាចប្រើការបាននេះ គឺត្រូវបានគេកំណត់ជាគោលដៅមួយចាប់តាំងពីពេលសង់ឡើងដំបូងក្នុងឆ្នាំ១៩៧១។

ពិធីពិព័រណ៍ Penh to Paper នឹងប្រព្រឹត្តទៅនៅ Lotus Pond Gallery ពីថ្ងៃទី២១ ខែមិថុនា រហូតដល់ថ្ងៃទី២ ខែសីហា៕

Leave a Reply