12-7-015

ភ្ជាប់​ផ្លូវ​រថភ្លើង​អាស៊ាន​ពី​ថៃ​មក​ភ្នំពេញអាច​នឹង​ចាប់ផ្តើម​នៅឆ្នាំ​2018

ប្រភព ៖ កោះសន្តិភាព

ប្រសិនបើគ្មានអ្វីប្រែប្រួលទេ បណ្តាញខ្សែរថភ្លើងអាស៊ាន ដែលភ្ជាប់រវាងទីក្រុងបាងកក និងរាជធានីភ្នំពេញ នឹងដំណើរការនៅឆ្នាំ២០១៨ខាងមុខ ។ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ។

លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា ការជួសជុល និងស្ថាបនាផ្លូវរថភ្លើងពីក្រុងប៉ោយប៉ែត នឹងមកដល់ខេត្តពោធិ៍សាត់នៅឆ្នាំនេះ ហើយបើសិនជាមានថវិកាគ្រប់គ្រាន់ ការតភ្ជាប់ពីក្រុងប៉ោយប៉ែត នឹងមកដល់រាជធានីភ្នំពេញនៅឆ្នាំ២០១៨ខាងមុខនេះ។ លោកបន្តថា ការស្ថាបនា និងជួសជុលផ្លូវរថភ្លើងនេះ គ្រោងចំណាយថវិកាចំនួន៣២លានដុល្លារអាមេរិក ដែលជាការចំណាយដោយរាជរដ្ឋាភិបាល ។

លោក វ៉ា ស៊ីមសូរិយា បានបន្តថា ប្រសិនជាការភ្ជាប់ផ្លូវនេះបញ្ចប់ យើងរំពឹងថាខ្សែរថភ្លើងពីប្រទេសថៃ នឹងមកដល់រាជធានីភ្នំពេញនៅឆ្នាំ២០១៨ខាងមុខ ដោយរថភ្លើងអាចរត់បានក្នុងល្បឿន៣០គីឡូម៉ែត្រក្នុង១ម៉ោង។ លោកបន្តថា បច្ចុប្បន្ន យើងនៅជួបឧបសគ្គមួយចំនួនដោយសារប្រជាពលរដ្ឋ បានរំលោភយកដីចំណីផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែតប្រវែង១.៣០០ម៉ែត្រ ដែលមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ ។

លោក ហូ វណ្ឌី ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ប្រសិនជាការភ្ជាប់ខ្សែរថភ្លើងរវាងប្រទេសទាំងពីរត្រូវបានបញ្ចប់ និងដាក់ឲ្យដំណើរការនោះ វានឹងជាការភ្ជាប់បណ្ដាញគមនាគមន៍ថ្មីសន្លាងជាប្រវត្តិសាស្ត្រមួយទៀត ដែលជួយច្រើនបំផុតដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ពិសេសនឹងជាការភ្ជាប់ទេសចរណ៍ទី៣ មកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត។

លោកបន្តថា គម្រោងភ្ជាប់ព្រះរាជាណាចក្រពីរក្នុងគោលដៅតែមួយនេះ នឹងលេចចេញជារូបរាងពិតប្រាកដ ហើយភ្ញៀវទេសចរ នឹងចូលមកទស្សនាកម្ពុជាកាន់តែមានរយៈពេលវែង ។

លោកបានបន្តថា ក្រៅពីវិស័យទេសចរណ៍ ការភ្ជាប់ខ្សែរថភ្លើងនេះ នឹងជួយសម្រួលវិស័យពាណិជ្ជកម្ម ពិសេសការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ និងប្រទេសក្នុងតំបន់អាស៊ានដទៃទៀតកាន់តែងាយស្រួល ដែលជួយកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការសឹករេចរិលផ្លូវគោកផងដែរ ។

សេដ្ឋវិទូកម្ពុជា លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការភ្ជាប់ផ្លូវរថភ្លើងរវាងប្រទេសទាំងពីរ ជាផ្នែកមួយនៃការធ្វើសមាហរណកម្មអាស៊ានដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងភ្ញៀវទេសចររវាងថៃ និងកម្ពុជា ក៏ដូចជាជាមួយបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែមានសំណួរលើកឡើងថា ប្រសិនជាមានការភ្ជាប់បណ្តាញរថភ្លើង តើរថភ្លើងនេះមានទំនិញសម្រាប់ដឹកឬទេ ? នេះជាសំណួរមួយដែលត្រូវសិក្សាឲ្យបានច្បាស់លាស់ផងដែរ ។

លោកបន្តថា ៖« តាមធម្មតា ប្រសិនជាមានទំនិញដឹកគ្រប់គ្រាន់ ការដឹកទំនិញតាមរថភ្លើង នឹងជួយសម្រួលតម្លៃនៃការដឹកជញ្ជូនមកនៅតម្លៃថោក ព្រោះការដឹកជញ្ជូនតាមផ្លូវគោកនៅកម្ពុជាថ្លៃណាស់ បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់ » ៕

12-7-016

Leave a Reply