14-7-007

ជីវិត​​នៅ​លើ​ប្រឡាយ​ទឹក​ស្អុយ​ថា​ ៖ លែង​មាន​អារម្មណ៍​ថាស្អុយ តែ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​តែង​បិទ​ច្រមុះ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព ៖ កោះសន្តិភាព

នៅពេលអ្នកធ្វើដំណើរនានាឆ្លងកាត់ប្រឡាញទឹកស្អុយបឹងត្របែក ម្នាក់ៗគឺលាន់មាត់ថា ក្លិនអាក្រក់ពិបាកទ្រាំ ហើយខ្លះ ក៏យកដៃខ្ទប់ច្រមុះដោយសារតែមិនអាចទ្រាំបាននឹងក្លិនចេញពីប្រឡាយ ព្រោះវាមិនមែនមានក្លិនក្រអូបដូចទឹកអប់ ដែលគ្រប់គ្នាចង់ស្រង់ក្លិនឯណា។

តែសម្រាប់លោកយាយ ស៊ឹង វួចលាង អាយុ៧១ឆ្នាំ និងសមាជិកក្រុមគ្រួសារគាត់ដែលតាំងទីលំនៅ និងការរស់នៅលើមាត់ប្រឡាយបង្ហូរទឹកស្អុយបឹងត្របែក តាមបណ្តោយផ្លូវលេខ៤៣២ កែងនិងផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងត្របែក តាំងពីឆ្នាំ១៩៧៩ នោះ បាននិយាយថា គាត់ស៊ាំក្លិនស្អុយអសោច៍ ហើយក៏លែងមានអារម្មណ៍ថា ស្អុយទៀតដែរ គឺមានតែអ្នកចំណូលថ្មីៗទេ អាចពិបាកទ្រាំងនឹងក្លិនស្អុយយ៉ាងខ្លាំងនេះ ។

លោកយាយបានរៀបរាប់បណ្តើរ លាយសើចមួយៗបណ្តើរថា៖ «សំរាប់ការរស់នៅរបស់ក្រុមគ្រួសារខ្ញុំ គឺវាមានភាពស៊ាំ និងធម្មតាទៅហើយ ដោយមិនមានអ្វីជាបញ្ហាធំដុំឡើយ តែសំរាប់ភ្ញៀវដែលមកហូបកាហ្វេ ឬបាយ ឬក៏បងប្អូនខ្ញុំដែលមកលេងផ្ទះរបស់ខ្ញុំម្តងៗវិញ តែងតែនាំគ្នាលាន់មាត់ថា «ស្អុយ» ហើយសម្តែងការហួសចិត្តថា កោតតែក្រុមគ្រួសាររបស់ខ្ញុំរស់នៅទីនេះបាន» ។

14-7-009

លោកយាយស៊ឹង វួចលាង ដែលបើកហាងលក់បាយ និងកាហ្វតូចមួយនៅជិតប្រឡាយទឹកស្អុយបឹងត្របែកបានបន្តទៀតថា ពេលចូលមករស់នៅដំបូង ពោលគឺតាំងពីម្តុំផ្ទះរបស់គាត់មានតែផ្ទះ៣ ទៅ៤ ផ្ទះតែប៉ុណ្ណោះ និងនៅជុំវិញគឺសុទ្ធតែជាបឹង និងត្រពាំង។ ក្នុងអំឡុងទស្សវត្ស៨០ និង៩០ ពេលនោះ គឺប្រឡាយទឹកជាប្រឡាយដីធម្មតាតូចមួយ ដែលមានទឹកហូរថ្លាតិចៗ និងមិនមានច្រើនដូចពេលនេះឡើយ គឺអាចដើរឆ្លងកាត់ពីម្ខាងទៅម្ខាងបាន ជាពិសេសពេលនោះ គឺមិនមានក្លិនស្អុយខ្លាំងដែរដូចពេលបច្ចុប្បន្ននោះទេ ។

សម្រាប់ការយល់ឃើញរបស់លោកយាយស៊ឹង វួចលាង គឺថាក្លិនស្អុយចេញពីប្រឡាញទឹកស្អុយបឹងត្របែក ទីកន្លែងដែលគាត់និងក្រុមគ្រួសាររស់នៅជាង៣០ឆ្នាំនេះ មិនធ្វើឲ្យប៉ះពាល់សុខភាពពួកគាត់ទេ ។ លោកយាយអះអាងថា៖ «ក្លិនស្អុយពីប្រឡាយនេះ មិនបានបង្កអោយមានបញ្ហាដល់សុខភាព ឬសុខភាពចុះខ្សោយ ឬធ្វើអោយសមាជិកក្រុមគ្រួសាររបស់ខ្ញុំណាម្នាក់ឈឺ ដោយសារតែក្លិនស្អុយចេញពីប្រឡាយទឹកបង្ហូរទឹកស្អុយទេនេះទេ ។ កុំឱ្យតែយើងមានជំងឺឈឺដោយខ្លួនឯងទើបជាបញ្ហា» ។

14-7-012

ចំណែកលោកមាជ ពៅ ដែលជួលផ្ទះស្នាក់នៅលើប្រឡាយទឹកស្អុយបឹងត្របែក ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវតាំងពីឆ្នាំ២០០៧ វិញបាននិយាយថា ទោះបីជាពិបាកទ្រាំនឹងក្លិនស្អុយ ក៏ត្រូវតែទ្រាំដែរ ដោយសារតែមិនមានលទ្ធភាពទៅរកទីតាំងណាល្អប្រសើរជាងនេះ ។

លោកមាជ ពៅ អាយុ ៣៤ ឆ្នាំបាននិយាយថា៖ «កាលពីចូលមករស់នៅដំបូងក្នុងផ្ទះជួលនៅចំណុចខាងលើនេះ គឺពួកយើងពិបាករស់នៅយ៉ាងខ្លាំង ដោយសារតែក្លិនស្អុយខ្លាំងសឹងតែទ្រាំមិនបាន។ តែធ្វើម៉េចបងអើយ គ្រួសារខ្ញុំក្រីក្រ និងមិនមានសមត្ថភាពទៅរកផ្ទះជួលដែលល្អជាងនេះបាន ទើបនាំគ្នាទ្រាំរស់នៅលើប្រឡាយទឹកស្អុយរហូតមកដល់ពេលនេះ» ។

14-7-008

លោកបានបន្ថែមថា៖ «សម្រាប់ខ្ញុំពេលនេះ គឺអាចនិយាយបានថាច្រមុះខ្ញុំ គឺស៊ាំនឹងបរិយាកាសទីនេះ អញ្ចឹងលែងមានអារម្មណ៍ថាស្អុយទៀតហើយ» ។ ប៉ុន្តែលោកជឿជាក់ថាការរស់នៅជាមួយនឹងក្លិនស្អុយរាប់ឆ្នាំធ្វើឲ្យសុខភាពគាត់ និងប្រពន្ធកូនខ្សោយហើយឧស្សាហ៍ធ្លាក់ខ្លួនឈឺ។

លោកបានបន្តថា៖ «ទោះបីលែងមានអារម្មណ៍ថាស្អុយក៏ពិតមែន តែខ្ញុំជឿថាក្លិនស្អុយបានធ្វើអោយប៉ះពាល់ដល់សុខភាពរបស់ខ្ញុំ ក៏ដូចជាប្រពន្ធ និងកូនៗយ៉ាងខ្លាំងផងដែរ ហើយក្លិនស្អុយចេញពីប្រឡាយនេះធ្វើឲ្យខ្ញុំមានជំងឺជាច្រើនមុខប្រចាំកាយ ហើយអ្នកក្បែរខាងទាំងចាស់ ទាំងក្មេងភាគច្រើនគឺមានបញ្ហាសុខភាពដូចពួកខ្ញុំដែរ» ។ លោក មាជ ពៅ  បានរៀបរាប់ប្រាប់ឱ្យដឹងថា រូបគាត់និងក្រុមគ្រួសារបាននាំគ្នាចេញពីស្រុកកំណើតឯខេត្តព្រៃវែង និងមកជួលផ្ទះស្នាក់លើប្រឡាយទឹកបង្ហូរទឹកស្អុយបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ តាំងពីឆ្នាំ ២០០៧ មកម្លេះ រហូតមកទល់នឹងពេលនេះគឺមានរយះពេល ១០ឆ្នាំ ទៅហើយដោយប្រកបមុខរបរដើរបេះត្រកួនលក់ឲ្យគេ។

14-7-015

យ៉ាងណាមិញ លោកវ៉េន វ៉ាវ អាយុ ២៧ឆ្នាំ ជាអ្នករត់ម៉ូតូរ៉ឺម៉កកងបីម្នាក់បានប្រាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃលោកបានចេញពីផ្ទះយកម៉ូតូរ៉ឺម៉កកង់បីរបស់លោកមកបញ្ឈរចាំដឹកម៉ូយជាប្រចាំនៅលើផ្លូវក្បែរមាត់ប្រឡាយបង្ហូរទឹកស្អុយនៅក្នុងសង្កាត់បឹងកេងកងទី៣ នេះជាប្រចាំ។

លោកបានប្រាប់ស្រដៀងគ្នាថា៖ «កាលពីមុនដំបូងទឹកក្នុងប្រឡាយនេះមានក្លិនស្អុយយ៉ាងខ្លាំងស្ទើរតែទ្រាំមិនបាន។ តែខ្ញុំមកបញ្ឈរចាំដឹកម៉ូយនៅទីនេះយូរៗទៅ ច្រមុះរបស់ខ្ញុំហាក់បីដូចជាមានភាពធម្មតា ដោយមានក្លិនស្អុយខ្លាំងនៅពេលដែលទឹកប្រឡាយមានតិចតួចតែប៉ុណ្ណោះ» ។

អ្នករត់ម៉ូតូរ៉ឺម៉កកងបីម្នាក់បានបញ្ជាក់ថា ពេលដែលមានទឹកច្រើនពេញប្រឡាយ គឺមិនមានក្លិនស្អុយឡើយ គ្រាន់តែមានក្លិនភាយៗតាមខ្យល់ម្តងៗតែប៉ុណ្ណោះ។ លោកនិយាយថាអ្នកដែលរត់កង់បីក៏ដូចជាអ្នកដែលរស់នៅលើប្រឡាយ និងជិតប្រឡាយគឺលែងទទួលបានអារម្មណ៍ថាស្អុយទៀតហើយ។

14-7-014

លោកបាននិយាយថា៖«ខ្ញុំលែងមានអារម្មណ៍ថាប្រឡាយទឹកបឹងត្របែកនេះស្អុយហើយ ដោយសារតែភាពស៊ាំ តែខ្ញុំតែងកត់សម្គាល់ថាអ្នកដែលធ្វើតំណើរឆ្លងដើរកាត់ម្តងៗមិនថា ជាជនជាតិខ្មែរ ឬជនបរទេសឡើយ គឺឃើញពួកគាត់យកដៃបិទច្រមុះគ្រប់ៗគ្នា ទំនងជាស្អុយខ្លាំងហើយមើលទៅ?» ។

គួរបញ្ជាក់ថា ប្រឡាយទឹកស្អុយបឹងត្របែកនេះគឺជាប្រឡាយមេបង្ហូរទឹកស្អុយដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ ដោយមានប្រជាពលរដ្ឋជាច្រើនគ្រួសារបាននឹងកំពុងតែតាំងទីលំនៅ និងប្រកបមុខរបររកស៊ីនៅតាមបណ្តោយមាត់ប្រឡាយនេះ ដោយមានកន្លែងខ្លះមានក្លិនស្អុយខ្លាំងធ្វើអោយប៉ះដល់សុខភាព និង ការរស់នៅរបស់ប្រជាបលរដ្ឋ និងកន្លែងខ្លះរងផលប៉ះពាល់ដល់ពួកគាត់តិចតួចតែប៉ុណ្ណោះ។ បញ្ហាប្រឈមយ៉ាងខ្លាំងចំពោះការរស់នៅ និង ប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងររបស់អ្នកមានទីលំនៅតាមបរឡាយទឹកស្អុយបឹងត្របែក។

14-7-013

ដោយសារតែក្លិនស្អុយរបស់ប្រឡាយបង្ហូរទឹកស្អុយបឹងត្របែកនោះ បានធ្វើអោយមានបញ្ហាប្រឈម និងការប៉ះពាល់យ៉ាងខ្លាំងទៅដល់ការរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋដែលរស់មានទីលំនៅតាមបណ្តោយប្រឡាយបង្ហូរទឹកស្អុយមួយនេះ តែក្លិនស្អុយមួយនេះវាហាក់បីដូចជាស៊ាំ និងជាធម្មតាទៅហើយសំរាប់ពួកគាត់ តែនៅតែមានក្លិនស្អុយយ៉ាងខ្លាំងដដែលសំរាប់មនុស្សចំណូលថ្មី។

14-7-011

14-7-010

Leave a Reply