4-5-019

តម្លៃ​ដីធ្លី​នៅ​ទីក្រុង​ភ្នំពេញ ​បន្ត​ឡើង​ថ្លៃ​ ទោះជា​ការបោះឆ្នោត​ឃុំ​សង្កាត់​ ជិត​ចូល​មកដល់

ប្រភព ៖ ភ្នំពេញបុស្តិ៍

ទោះបីជាការលក់លំនៅឋាន និងអគារសហកម្មសិទ្ឋិបានថមថយល្បឿនក្តី ប៉ុន្តែតម្លៃដីធ្លីនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមានសក្តានុពលមួយចំនួននៅតែឡើងថ្លៃនៅឆ្នាំនេះខុសពីពេលកៀកនឹងការបោះឆ្នោតនាពេលកន្លងមក ដែលតម្លៃដីធ្លីស្ថិតក្នុងសភាពទ្រឹង។

លោក សន សៀប អគ្គនាយក និងស្ថាបនិកក្រុមហ៊ុន Key Realestate បានថ្លែងឲ្យដឹងកាលពីព្រឹកថ្ងៃច័ន្ទថា ទោះជាស្ថានភាពក្នុងវិស័យនេះស្ងប់ស្ងាត់ គម្រោងនានាបាននិងកំពុងសាងសង់ក្តី ប៉ុន្តែតម្លៃដីធ្លីនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ នៅតែបន្តឡើងថ្លៃនៅតំបន់មួយចំនួននៃក្រុងភ្នំពេញដែលការកើនឡើងតម្លៃដីភាគច្រើន ធ្វើឡើងដោយម្ចាស់ដី និងអ្នកមានធនធាន ដែលពួកគេមិនត្រូវការប្រាក់បង្វិល ពួកគេនៅតែលក់ក្នុងតម្លៃថ្លៃ។

លោកបន្តថា ៖ «ក្នុងស្ថានភាពឥឡូវនេះ អ្នករកស៊ីមួយចំនួនរង់ចាំមើល និងបានទិញដីទុកដោយសារពួកគេគិតថា ក្រោយការបោះឆ្នោតសកម្មភាពសេដ្ឋកិច្ចដីធ្លីនឹងហក់ឡើងខ្ពស់»។

លោកបន្តថា៖ «ជាក់ស្តែងតម្លៃដីធ្លីនៅភាគខាងជើងទីក្រុងរណប CAMKO តម្លៃដីធ្លីកំពុងហក់ឡើងខ្ពស់ ដោយសារមានសកម្មភាពអភិវឌ្ឍនៅតំបន់នោះច្រើន»។

តម្លៃដីធ្លីនៅតំបន់នោះ និងតាមផ្លូវឧកញ៉ាម៉ុង ឫទ្ឋី កាលពី ៥ ឆ្នាំមុនមានតម្លៃចន្លោះពី ៣០០ ទៅ ៤០០ ដុល្លារ ប៉ុន្តែបច្ចុប្បន្នដីធ្លីនៅតំបន់នោះបានកើនដល់ ៧០០ ទៅ ៩០០ ដុល្លារ និងតាមបណ្តោយផ្លូវឧកញ៉ា ម៉ុង ឫទ្ឋី បានកើនឡើងដល់ចន្លោះពី ១០០០ ទៅ ១៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះបើតាមការវាយតម្លៃរបស់លោកសន សៀប។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បានថ្លែងថា តម្លៃដីធ្លីនៅឆ្នាំនេះនៅតែបន្តកើនឡើង ប៉ុន្តែមិនកើនខ្ពស់នោះទេ គឺកើនឡើងក្នុងរង្វង់ ៥ ទៅ ១០ ភាគរយប៉ុណ្ណោះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សកម្មភាពទិញលក់នៅតែមានសកម្មភាពដដែល និងការចូលមកដល់របស់អ្នកវិនិយោគអន្តរជាតិដូចជា អ្នកវិនិយោគចិន ជប៉ុន សិង្ហបុរី និងអ្នកវិនិយោគមកពីអឺរ៉ុបកាន់តែច្រើន។

លោកបន្តថា ៖ «តម្លៃដីធ្លីមិនធ្លាក់ចុះនោះទេ គ្រាន់តែសកម្មភាពនៃការទិញលក់ មិនសូវមានភាពមមាញឹកខ្លាំងដូចកាលពីប៉ុន្មានឆ្នាំមុន»។

លោក សុខនីម បានបន្តថា ដីធ្លីដែលឡើងថ្លៃ និងមានសកម្មភាពដោះដូរច្រើន មានក្នុងតំបន់ភ្នំពេញថ្មី តំបន់កប់ស្រូវ ស្ថិតក្នុងខណ្ឌព្រែកព្នៅ ខណ្ឌសែនសុខ និងតំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ ដែលជាតំបន់មានដីនៅសល់ទំនេរ និងប្រភេទដីធំៗ ដែលត្រូវការទុនច្រើនដើម្បីធ្វើការវិនិយោគ។

យោងតាមការសិក្សារបស់វេបសាយ www.realestate.com.kh ដែលបានធ្វើការសម្ភាសប្រជាពលរដ្ឋកម្ពុជាង ៥០០០ នាក់ បានរកឃើញថា ប្រជាពលរដ្ឋកម្ពុជាជាង ៥០ ភាគរយ គិតថា តម្លៃដីធ្លីនៅកម្ពុជានឹងឡើងថ្លៃបន្ថែមទៀត។

ទោះជាយ៉ាងណា របាយការណ៍អង្កេតបឋមរបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប បានរកឃើញថា តម្លៃដីធ្លីនៅត្រីមាសទី ១ ឆ្នាំនេះ បានថមថយល្បឿន ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ប៉ែន សុខគា ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប បានថ្លែងថា តម្លៃដីធ្លីឆ្នាំនេះមិនបានឡើងថ្លៃនោះទេ ដោយសារហានិភ័យផ្សេងៗទាក់ទងនឹងការព្រួយបារម្ភពីការបោះឆ្នោត ដែលធ្វើឲ្យដីតំបន់ខ្លះបានធ្លាក់ចុះតម្លៃចន្លោះពី ១០ ទៅ ១៥ ភាគរយ ករណីម្ចាស់ដីត្រូវការប្រាក់បង្វិល។

លោកបន្តថា ទោះជាដីធ្លីជាទូទៅបានថមថយល្បឿនក្តី ប៉ុន្តែដីនៅតំបន់ភ្នំពេញថ្មី និងតំបន់ CAMKO City បានបន្តឡើងថ្លៃ ដោយសារតំបន់នេះមានសកម្មភាពអភិវឌ្ឍថ្មីៗច្រើន ព្រោះពីមុនមកតំបន់នេះជាដីទំនេរ ប៉ុន្តែពេលនេះមានផ្សារទំនើប AEON MALL ទី ២ មានបុរី ដែលមានការសាងសង់តាមស្តង់ដារ និងជាតំបន់មានមនុស្សច្រើនរស់នៅ។

លោកបន្តថា ៖ «ការឡើងថ្លៃដីរបស់ម្ចាស់ដី ដោយសារពួកគាត់មើលឃើញមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋថ្មីៗ ការអភិវឌ្ឍគម្រោងនានា ប៉ុន្តែសកម្មភាពទាំងនោះ វាមិនមែនជាអ្វីដែលពួកគាត់ទាមទារនោះទេ»។

លោកបន្តថា៖ «ប្រសិនជាមើលពីតម្រូវការ ខ្ញុំគិតថា តម្លៃដីធ្លីនៅតំបន់នោះមិនត្រូវឡើងដល់កម្រិតបច្ចុប្បន្នទេ»។

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន Hutton CPL ដែលបានបើកការិយាល័យមួយនៅខេត្តព្រះសីហនុ និងកំពុងពិនិត្យការងារនៅទីនោះបានថ្លែងថា សកម្មភាពទិញលក់ដីធ្លីនៅខេត្តព្រះសីហនុ ពិតជាមានសកម្មភាពច្រើន ហើយតម្លៃដីធ្លីក៏បានកើនឡើងផងដែរ ប៉ុន្តែកំណើនប៉ុន្មានភាគរយលោកមិនទាន់អាចវាយតម្លៃបាននៅឡើយទេ។

លោកបន្តថា ៖ «ដីធ្លីនៅក្រុងព្រះសីហនុ កំពុងឡើងថ្លៃ ដោយសារការចូលទៅដល់របស់អ្នកវិនិយោគច្រើន ពិសេសអ្នកវិនិយោគចិន ប៉ុន្តែតម្លៃដីមិនកញ្ជ្រោលខ្លាំងនោះទេ»។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង បានថ្លែងថា នៅឆ្នាំនេះពិតជាមានភាពចម្លែក ព្រោះសកម្មភាពដោះដូរនៅតែមានភាពសកម្ម ទោះជាការបោះឆ្នោតជិតចូលមកដល់ក្តី តម្លៃដីធ្លីនៅតែបន្តឡើងថ្លៃដោយសារមានសកម្មភាពទិញលក់ច្រើន ខុសពីពេលកៀកបោះឆ្នោតកន្លងមក ដែលដីធ្លីស្ថិតក្នុងសភាពទ្រឹង៕

Leave a Reply