L.Y.P គ្រោង​សង់​ទីក្រុង​ចិន​មួយ​នៅ​កម្ពុជា
Posted On : November, 24, 2016 | By Sarim Tith

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍

ក្រុមហ៊ុន L.Y.P group របស់លោក លី យ៉ុងផាត់ នឹងចុះហត្ថលេខាលើគម្រោងវិនិយោគ ១ ៥០០ លានដុល្លារជាមួយក្រុមហ៊ុនចិន China Minsheng Investment (CMIG) នៅដើមខែក្រោយ ដើម្បីចូលរួមបង្កើតទីក្រុងមិត្តភាពកម្ពុជាចិននៅជាយទីក្រុងភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីប្រធានក្រុមហ៊ុន L.Y.P Group។

ទោះជាយ៉ាងណា អ្នកជំនាញបានអះអាងថា គម្រោងដ៏មហិមានេះទំនងជាពិបាកនឹងទៅរួចណាស់បើគិតពីទំហំទីផ្សារដ៏តូចដូចកម្ពុជានេះ។

លោក លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន L.Y.P Group បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ តាមទូរស័ព្ទថា ទីក្រុងមិត្តភាពកម្ពុជា ចិននឹងត្រូវបានសាងសង់ឡើងលើផ្ទៃដីប្រហែល ៥៥០ ហិកតានៅក្នុងដំណាក់កាលដំបូង ដែលមានទីតាំងស្ថិតក្នុងទីក្រុងរណបរបស់ក្រុមហ៊ុនលោក ចម្ងាយប្រហែល១០គីឡូម៉ែត្រពីភាគកណ្ដាលទីក្រុងភ្នំពេញ។

លោកបានថ្លែងដោយមិនផ្ដល់ព័ត៌មានលម្អិតថា៖ «វាជាការវិនិយោគរួមរវាងក្រុមហ៊ុនរបស់យើងនិងក្រុមហ៊ុន CMIG »។

លោកបន្តថា៖ «បន្ទាប់កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារួច យើងនឹងពិភាក្សាកាន់តែស៊ីជម្រៅលើគម្រោងវិនិយោគនេះ»។

តាមលោក លី យ៉ុងផាត់ កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថានឹងចុះហត្ថលេខានៅថ្ងៃទី១ខែធ្នូ ក្នុងអំឡុងវេទិកាពាណិជ្ជកម្មចិននៅកម្ពុជា។

ទោះបីជាលោក យ៉ុងផាត់ មិនអាចបង្ហាញទុនវិនិយោគ និងកាលបរិច្ឆេទចាប់ផ្ដើមគម្រោងនេះក៏ដោយ លោក សេង ញ៉ក់ នាយកក្រុមហ៊ុន LYP Group និងជាកូនប្រសាលោក យ៉ុងផាត់ បានថ្លែងនៅក្នុងទូរទស្សន៍ PNN ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន LYP ផ្សាយកាលពីថ្ងៃអង្គារថា ទីក្រុងមិត្តភាពកម្ពុជាចិន នេះនឹងចាប់ផ្តើមសាងសង់នាពេលឆាប់ៗខាងមុខ គម្រោងវិនិយោគមានទឹកប្រាក់ប្រហែល ១ ៥០០ លានដុល្លារ។ ក្នុងនោះមានគម្រោងច្រើនដែលមានសាលារៀន កន្លែងតាំងពិព័រណ៍ មានឡូជីស្ទីកសេនធឺរ ទីផ្សារទំនើប និងគម្រោងវិនិយោគជាច្រើនទៀត។

លោកបន្ថែមថា ទីក្រុងថ្មីនេះនឹងមានទីតាំងនៅក្នុងទីក្រុងរណបរបស់ក្រុមហ៊ុន LYP ដែលមានផ្ទៃដីប្រមាណ ២ ០០០ ហិកតា ។

ភ្នំពេញ ប៉ុស្ដិ៍ មិនអាចទាក់ទងសុំការបញ្ជាក់ពីតំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើគម្រោងនេះបានទេកាលពីម្សិលមិញ។

លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ស្នើសុំមិនផ្ដល់ការអត្ថាធិប្បាយណាមួយអំពីកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន LYP Group និងក្រុមហ៊ុន CMIG ប៉ុន្តែ លោកបានបញ្ជាក់ថា មានក្រុមគណៈប្រតិភូពាណិជ្ជកម្មចិននឹងមកដល់កម្ពុជាដើម្បីរៀបចំវេទិកាពាណិជ្ជកម្មចិននៅកម្ពុជានៅថ្ងៃទី១ខែធ្នូ ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនត្រូវបានរំពឹងថានឹងត្រូវបានចុះហត្ថលេខា។

យោងតាមលោក ម៉េងតិច ក្រុមហ៊ុនអន្តរជាតិឯកជនចិន CMIG នឹងជាក្រុមហ៊ុនមួយក្នុងចំណោមគណៈប្រតិភូនេះ។

ទំនាក់ទំនងទ្វេភាគីកម្ពុជាចិនបានទទួលការអភិវឌ្ឍគួរឲ្យកត់សម្គាល់ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះនៅក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងសេដ្ឋកិច្ច។ ប្រទេសចិន គឺជាប្រភពឈានមុខគេនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) និងជាប្រទេសផ្ដល់ជំនួយអភិវឌ្ឍន៍និងកម្ចីការប្រាក់ទាបឈានមុខគេដល់កម្ពុជា។

យោងតាមការរកឃើញនៃការអង្កេតដ៏ទូលំទូលាយលើ FDI ធ្វើឡើងដោយធនាគារជាតិនៃកម្ពុជា (NBC) និងវិទ្យាស្ថានជាតិស្ថិតិ (NIS) ចិនជាប្រទេសវិនិយោគធំជាងគេនៅក្នុងប្រទេស កម្ពុជា ដែលមានចំនួនរហូតដល់៤៤ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសក្នុងទឹកប្រាក់ ១៩,២ ពាន់លានដុល្លារ គិតពីចន្លោះពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១៤។

លោក ដាវីដ វ៉ាន់ នាយកគ្រប់គ្រងក្នុងស្រុករបស់ក្រុមហ៊ុន Bower Group Asia បានឲ្យដឹងថា កិច្ចព្រមព្រៀងសាងសង់ទីក្រុងមិត្តភាព កម្ពុជា-ចិន នេះកំពុងឆ្លុះបញ្ចាំងពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ប៉ុន្តែលោកលើកឡើងថា គម្រោងវិនិយោគតម្លៃ ១,៥ ពាន់លានដុល្លារគឺធំពេកដែលនឹងពិបាកធ្វើឲ្យក្លាយជាការពិតបានដោយសារតែគម្រោងវិនិយោគធំដូចនោះមិនទាន់សមសម្រាប់ទីផ្សារតូចដូចជាប្រទេសកម្ពុជានៅឡើយទេ។

លោកលើកឡើងថា៖ «ប្រទេសកម្ពុជាមិនទាន់ត្រៀមខ្លួនជាស្រេចសម្រាប់គម្រោងដ៏ធំប្រភេទនេះនៅឡើយទេ ដោយសារតែសង្គមរបស់អ្នកប្រើប្រាស់មិនទាន់ទំនើបដូចនោះទេ»។

លោកបានចោទជាសំណួរថា៖«ប្រសិនបើវាត្រូវបានបង្កើតឡើងសម្រាប់ជនបរទេស តើជនបរទេសប៉ុន្មានដែលធ្វើការងារ និងដំណើរការពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ដែលអាចជាអតិថិជននៅក្នុងគម្រោងនេះ?»។

លោក ដាវីដ បានរំឭកថា មានក្រុមហ៊ុនវិនិយោគជាច្រើនដែលប្ដេជ្ញាចិត្តជាមួយនឹងការវិនិយោគជាទឹកប្រាក់រាប់ពាន់លានដុល្លារដែលមិនទាន់មានសកម្មភាពនៅឡើយ៕

Urban Voice Cambodia

Urban Voice Cambodia