25-5-010-e1495699568998

KOWLOON BAY គម្រោង​អចលនទ្រព្យ​ដ៏ធំ​ថ្មី​មួយ​ទៀត​ សម្រាប់​ទីក្រុង​ភ្នំពេញ

ប្រភព ៖ ភ្នំពេញ

ចេញពីប្រជាជនដែលមានធនធានរហូតដល់អ្នកវិនិយោគមួយចំនួនពួកគេកំពុងរង់ចាំមើលស្ថានភាពប្រទេសកម្ពុជានាអំឡុងពេលបោះឆ្នោត ប៉ុន្តែអ្នកឧកញ៉ា សៀ រិទ្ឋី មិនបារម្ភពីស្ថានភាពនេះទេដោយលោកបាននិងកំពុងចាប់ផ្តើមគម្រោងអចលនទ្រព្យយក្សថ្មីមួយទៀតនៅទីក្រុងភ្នំពេញ។

KOWLOON BAY ជាឈ្មោះគម្រោងថ្មីរបស់លោកឧកញ៉ា សៀ រិទ្ឋី ដែលជាអគារភ្លោះកម្ពស់ ៥៩ ជាន់ស្ថិតនៅតាមបណ្តោយផ្លូវសុធារស និងស្ថិតនៅចំពីមុខគម្រោងខុនដូ The Rose Condo ប៉ុន្តែគម្រោងនេះមិនទាន់ទទួលបានការអនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅឡើយទេ។

លោកឧកញ៉ា សៀ រិទ្ឋី អគ្គនាយកក្រុមហ៊ុន World Bridge Land បុរសពោរពេញដោយមហិច្ឆតានេះបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថាលោកបានដាក់ពាក្យស្នើសុំសាងសង់គម្រោងនេះទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សម្រាប់អគារកម្ពស់ ៦៣ ជាន់ ប៉ុន្តែក្រសួងបានអនុញ្ញាតឲ្យសាងសង់កម្ពស់ ៥៩ ជាន់ប៉ុណ្ណោះ។

លោកបន្តថា គម្រោងនេះជាគម្រោងចម្រុះដែលមានអគារស្នាក់នៅផ្សារទំនើប ប៉ុន្តែព័ត៌មានលម្អិតផ្សេងទៀតពីគម្រោងនេះកំពុងស្ថិតក្នុងការសិក្សានៅឡើយ។

លោកបន្តថា៖ «ប្រសិនជាបារម្ភពីទីផ្សារ ខ្ញុំមិនចាប់ផ្តើមគម្រោងនេះទេ។ ខ្ញុំនៅតែមើលឃើញថាគម្រោងនេះល្អហើយតម្រូវការនៅតែល្អ»។ លោកបន្តថា ៖ «ខ្ញុំមិនបានសិក្សាពីគម្រោងដទៃនោះទេ។ គម្រោងដទៃអាចមានបញ្ហាតែគម្រោងរបស់ខ្ញុំមិនមានបញ្ហាទេអ្វីៗខ្ញុំផ្តោតសំខាន់គឺទីតាំង»។

គម្រោង KOWLOON BAY នឹងសាងសង់នៅលើផ្ទៃដី ១,៥០ ហិកតា និងវិនិយោគរួមគ្នាដោយក្រុមហ៊ុន World Bridge Land និងក្រុមហ៊ុន Star City។

ទោះបីជាយ៉ាងណាលោកឧកញ៉ា សៀ រិទ្ឋី មិនបញ្ជាក់ឲ្យដឹងពីទុនវិនិយោគ រយៈពេលបញ្ចប់គម្រោង និងព័ត៌មានលម្អិតពីគម្រោងនេះនៅឡើយទេ។

លោកបន្ថែមថា៖ «ខ្ញុំមិនផ្តោតសំខាន់លើទីផ្សារក្រៅប្រទេសនោះទេ ខ្ញុំផ្តោតលើទីផ្សារសម្រាប់អ្នកមានធនធាននៅក្នុងប្រទេសដែលមានតម្រូវការច្រើន។

លោកបន្តថា៖ «ទោះជាយ៉ាងណាគម្រោងនេះមិនទាន់ទទួលបានការអនុញ្ញាតពីក្រសួងរៀបចំដែនដីនៅឡើយទេ សូមកុំឲ្យខ្ញុំមានបញ្ហា»។

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន Hutton CPL បានថ្លែងថាក្នុងស្ថានភាពបច្ចុប្បន្នការលក់ខុនដូប្រណីតមានសភាពទ្រឹងសម្រាប់ទីផ្សារក្នុងស្រុក ប៉ុន្តែទីផ្សារនៅក្រៅប្រទេសនៅតែលក់បានទោះជាមិនសូវមានភាពល្អប្រសើរដូចពេលមុនក្តី ដូច្នេះវាមិនមានសញ្ញាអ្វីគួរឲ្យព្រួយបារម្ភនោះទេ។

លោកបន្តថា តាមធម្មតាអ្នកអភិវឌ្ឍន៍តែងមានជំនាញផ្សេងៗគ្នាហើយគាត់ (សៀ រិទ្ឋី) មានទីផ្សារច្រើនដែលធ្វើឲ្យគម្រោងរបស់គាត់មានភាពជោគជ័យជាបន្តបន្ទាប់។

លោកបន្តថា៖ «គាត់មានអ្នកជំនាញក្នុងស្រុក និងមានអ្នកជំនាញលក់នៅក្រៅប្រទេសច្រើន ដូច្នេះគាត់សិក្សាច្បាស់លាស់ហើយទើបគាត់ចាប់ផ្តើមគម្រោងថ្មីនេះ»។

លោកបន្តថា៖ «តាមធម្មតាអ្នកអភិវឌ្ឍន៍ ទាល់តែសិក្សាទីផ្សារ និងរកឃើញថាអាចទៅរួចទើបពួកគេចាប់ផ្តើមវិនិយោគ»។

អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ឋី បានថ្លែងថាកម្ពុជាត្រូវបានអ្នកវិនិយោគមើលឃើញថាជាទីតាំងផលិតដែលត្រូវការអ្នកជំនាញ និងថ្នាក់ដឹកនាំលំដាប់ខ្ពស់ច្រើន ដូច្នេះពេលពួកគេចូលមកធ្វើការ ពួកគេនឹងស្នាក់នៅខុនដូហើយនិន្នាការទីផ្សារខុនដូផ្តោតលើទីផ្សារក្រៅប្រទេស ដូច្នេះចំនួនខុនដូជាង ៣ ទៅ ៤ ម៉ឺនយូនីត វាមិនច្រើនទេសម្រាប់ទីផ្សារអាស៊ាននាពេលអនាគត។

លោកបន្តថា ការទិញខុនដូនាពេលបច្ចុប្បន្នមាន ៤០ ភាគរយជាប្រជាជនក្នុងស្រុក និង ៦០ ភាគរយជាជនបរទេស។

លោកបន្តថា៖ «អ្វីដែលសំខាន់គឺយើងមានស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងកំណើនសេដ្ឋកិច្ចរឹងមាំដូច្នេះអ្វីដែលគាត់ (ឧកញ៉ា សៀ រិទ្ឋី) សាងសង់ ខ្ញុំមិនបារម្ភនោះទេព្រោះទីតាំងគម្រោងជាទីតាំងល្អស្ថិតក្នុងកាលៈទេសៈល្អ និងមានតម្លៃសមរម្យ»។

លោកបន្តថា៖ «ខ្ញុំគិតថាអ្នកវិនិយោគជាសេដ្ឋវិទូផងដែរ ពួកគេមានការគិតគូរច្បាស់លាស់ និងល្អិតល្អន់ណាស់មុននឹងសម្រេចចិត្តធ្វើការវិនិយោគគម្រោងធំបែបនេះ»។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបដិសេធមិនអត្ថាធិប្បាយទាក់ទងនឹងគម្រោងនេះទេដោយលោកថាកំពុងជាប់រវល់កិច្ចការច្រើនពេក៕

Leave a Reply