rubishstrike

កម្មករ​ក្រុម​ហ៊ុន ស៊ីនទ្រី សម្រេច​បន្ត​ធ្វើ​កូដកម្ម​មិន​ប្រមូល​សំរាម

ដោយ ភ្នំពេញប៉ុស្ដិ៍ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៤

ភ្នំពេញៈ កម្មករ​ប្រមូល​សំរាម​នៃ​ក្រុមហ៊ុន​ស៊ីន​ទ្រី អះអាង​ថា នឹង​បន្ត​ធ្វើ​កូដកម្ម មិន​ប្រមូល​សំរាម​ក្នុង​ទីក្រុង​ភ្នំពេញ​បន្ត​ទៀត​នៅ​ថ្ងៃ​ពុធ ដោយ​សារ​ការ​ចរចា​ពី​ការ​ដំឡើង​ប្រាក់​ឈ្មួល​និង​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ពី​ម្សិល​មិញ​មិន​ត្រូវ​រ៉ូវ​គ្នា។

ការ​ធ្វើ​កូដកម្ម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី បី​ថ្ងៃ​ជាប់​គ្នា​នេះ បាន​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ជា​បេះដូង​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ក្លាយ​ជា​ទីក្រុង​ដ៏​កខ្វក់​និង​មាន​ក្លិន​ដ៏​ស្អុយ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សោភណភាព​ទីក្រុង និង​សុខុមាល​ភាព​របស់​ប្រជា​ពលរដ្ឋ ពិសេស​កុមារ​តូច។

តំណាង​កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី លោក ប្រាក់ សុខា លើក​ឡើង​ថា៖ «នៅ​ពេល​ដែល​វិបត្តិ​សំរាម និង​កាក​សំណល់​ផ្សេងៗ កក​ស្ទះ​ពេញ​ទីក្រុង​ទើប​គេ​អាច​ដឹង​បាន​ថា កម្មករ​ប្រមូល​សំរាម​មាន​សារៈ​សំខាន់។ ប៉ុន្តែ ជា​ធម្មតា​ជន​ទូទៅ​បាន​មើល​ស្រាល​និង​មិន​ឲ្យ​តម្លៃ​ពួក​យើង​ទេ»។

លោក​បន្ត​ថា សម្រាប់​កម្មករ​បោស​សម្អាត​ទទួល​បាន​ប្រាក់​ឈ្នួល​ត្រឹម​តែ ៩០ ដុល្លារ​ក្នុង ១ ខែ ហើយ​កម្មករ​បោស​និង​កើប​ទទួល​បាន ១០៥ ដុល្លារ​ក្នុង ១ ខែ​សម្រាប់​អ្នក​ធ្វើ​ការ​វេន​ថ្ងៃ​និង​អ្នក​វេន​យប់​ទទួល​បាន ១២០ ដុល្លារ​ក្នុង ១ ខែ។ ដោយ​ឡែក​អ្នក​បើកបរ​និង​ជាង​ជួស​ជុល​រថយន្ត​បាន​ត្រឹម ១៣០ ដុល្លារ ក្នុង ១ ខែ។

លោក​បញ្ជាក់​ថា៖ «ពួក​យើង​ធ្វើ​ការ ១ ថ្ងៃ​រហូត​ជាង ១០ ម៉ោង​ប្រឈម​ទៅ​នឹង​ជំងឺ​ឆ្លង​នានា គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ការ​ប្រមាថ​ពី​អស់​លោក​អ្នក​មាន​ប្រាក់​ដែល​ស្រវឹង​ស្រា​មក​បង្ក​រឿង​ស្ទើរ​រាល់​ថៃ្ង»។

លោក​បញ្ជាក់​ថា ការ​ចរចា​ពេញ ១ ថ្ងៃ អង្គារ ភាគី​កម្មករ​សុំ​ដំឡើង​ប្រាក់​ខែ​គោល​ដល់​កម្មករ​បោស​កើប ១៥០ ដុល្លារ និង ២៥០ ដុល្លារ​សម្រាប់​ជាង​ជួស​ជុល​រថយន្ត​និង​អ្នក​បើក​បរ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​បដិសេធ និង​យល់​ព្រម​ដំឡើង​ត្រឹម ១៥ ដុល្លារ​លើ​ប្រាក់​ខែ​គោល​ចាស់​សម្រាប់​កម្មករ​បោស​កើប​និង ៣៥ ដុល្លារ សម្រាប់​ជាង​និង​អ្នក​បើកបរ។ ប៉ុន្តែ​ការ​ចរចា​នេះ​មិន​ត្រូវ​គ្នា​ទេ បើ​ទោះ​កម្មករ​បោស​សម្អាត​យល់​ព្រម​ទទួល​យក​ការ​ដំឡើង ១០ ដុល្លារ លើ​ប្រាក់​ខែ​គោល​ចាស់​ក្នុង ខែ​ធ្នូ នេះ​ក្តី។

លោក​អះអាង​ថា៖ «ដោយ​ការ​ចរចា​មិន​ត្រូវ​គ្នា កម្មករ​បាន​សម្រេច​ឯកភាព​គ្នា​ថា​នឹង​បន្ត​ធ្វើ​កូដកម្ម​មិន​ធ្វើ​ការ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ជា​បន្ត​ទៀត»។

អ្នក​ស្រី ចាន់ យូអេង អាយុ ៥៤​ឆ្នាំ នៅ​ម្តុំ​ផ្សារ​គីឡូម៉ែត្រ​លេខ ៦ បាន​ប្រាប់​ថា គាត់​បាន​បង់​ថ្លៃ​អនាម័យ ២០០ រៀល​ក្នុង ១ ថ្ងៃ និង បង់​ថ្លៃ​សំរាម ៥ ដុល្លារ​ក្នុង ១ ខែ ឲ្យ​ក្រុមហ៊ុន​ប៉ុន្តែ​ហេតុ​អ្វី បាន​ជា​ក្រុមហ៊ុន​មិន​ចាត់​វិធានការ​ប្រមូល​សំរាម​យក​ទៅ​ចោល។

គាត់​បន្ត​ថា៖ «សំរាម​នៅ​ផ្សារ​នេះ​កក​ស្ទះ​គរ​ដូចជា​ភ្នំ​ស្ទើរ​លិច​ដំបូល​ផ្សារ​ទៅ​ហើយ មាន​រុយ​និង​ដង្ហូវ​ទៀត​ផង»។

គាត់​ព្រមាន​ថា​នឹង «ឈប់​បង់​ថ្លៃ​សំរាម» ទៀត​ហើយ បើ​គ្មាន​អ្នក​ប្រមូល​សំរាម​ទេ​នោះ។

កាល​ពី​ម្សិល​មិញ លោក ងួន ស៊ីភេង ប្រធាន​ការិយាល័យ​ប្រតិបត្តិការ​និង​រដ្ឋបាល​នៃ​ក្រុម​ហ៊ុន​ស៊ីន​ទ្រី មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​ពី​បញ្ហា​នេះ​បាន​ទេ។

សំរាម​និង​កាក​សំណល់​នានា​ក្នុង​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​រាយការណ៍​ថា មាន​ជាង ២ ពាន់​តោន​ក្នុង​ថ្ងៃៗ ហេតុ​ដូច្នេះ​ការ​អាក់​ខាន​មិន​បាន​ប្រមូល​ដឹក​ចេញ​ទៅ​ក្រៅ​ក្រុង បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សោភណភាព​ទីក្រុង និង​សុខុមាល​ភាព​ប្រជា​ពលរដ្ឋ។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា ក្រុម​កម្មករ​បាន​យក​ប្រជា​ពលរដ្ឋ​និង​មន្ត្រី​រាជការ​ក្នុង​ទីក្រុង​ភ្នំពេញ​ទាំង​មូល​ធ្វើ​ជា​ចំណាប់​ខ្មាំង ដោយ​ទុក​សំរាម​នៅ​គរ​ដូច​ភ្នំ​ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុម​ហ៊ុន។

លោក​ថ្លែង​ថា៖ «ក្នុង​នាម​អាជ្ញាធរ​យើង​អំពាវនាវ​ដល់​ភាគី​ទាំង​ពីរ គឺ​ក្រុម​ហ៊ុន​និង​កម្មករ​ធ្វើ​ការ​ចរចា​រក​ដំណោះ​ស្រាយ​ឲ្យ​បាន​ឆាប់​បំផុត ដោយ​កុំ​យក​សំរាម​មក​ធ្វើ​ជា​ឧបករណ៍​ក្នុង​ការ​ចាប់​ជំរិត​ពលរដ្ឋ​ក្នុង​ទីក្រុង​និង​កុំ​ទុក​សំរាម​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​សាធារណៈ​និង សុខុមាលភាព​ពលរដ្ឋ​ទូទៅ»។

លោក​បន្ត​ថា សាលា​រាជធានី​បាន​ចាត់​ឲ្យ​តាម​សាលា​ខណ្ឌ​ចាត់​កម្លាំង​សណ្ដាប់​ធ្នាប់​ធ្វើ​ការ​ប្រមូល​សំរាម​និង​ប្រើ​រថយន្ត​ក្នុង​អង្គភាព​ដឹក​សំរាម​ចេញ​ជា​បន្ទាន់​ដើម្បី​ការពារ​បរិស្ថាន៕

About សំឡេងទីក្រុង

Urban Voice is a map-based visualisation of developments in the urban space that allows anyone to contribute. The citizens of Phnom Penh have many different interests, and Urban Voice is the place where these can be brought together. Urban Voice is a source of information, as well as a site for civic engagement. Check here for information on news, events, urban issues and many other developments that concern the city.

Leave a Reply