1480986449

JICA បន្ត​សិក្សា​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ធុន​ស្រាល​នៅ​ភ្នំពេញ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនចៃកា (JICA) នឹងចាប់ផ្តើមសិក្សាលើគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលមួយបន្ថែមទៀតនៅរាជធានីភ្នំពេញ ដើម្បីកសាងផែនការមេនៃអភិវឌ្ឍន៍ផ្លូវរថភ្លើងរាជធានីភ្នំពេញ ដែលនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង។

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យដឹងថា អង្គការចៃកា នឹងចាប់ផ្តើមសិក្សាពីលទ្ធភាពនៃគម្រោងរថភ្លើងធុនស្រាលចាប់ពីខែមេសា ឆ្នាំ២០១៧ រហូតដល់ ខែឧសភា ឆ្នាំ២០១៨។

លោក វ៉ា ស៊ឹមសុរិយា អ្នកនាំពាក្យក្រសួងសាធារណការ បានឲ្យដឹកកាលពីម្សិលមិញថា គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនេះ ជាផ្នែកមួយនៃការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍។

លោក ស៊ឹមសុរិយា ថ្លែងថា៖ «ក្រសួងធ្លាប់មានគម្រោងស្រដៀងគ្នាយូរហើយ ដោយសារក្រសួងយល់ថា តម្រូវការចាំបាច់ណាស់ក្នុងការកាត់បន្ថយការស្ទះចរាចរណ៍ក្នុងទីក្រុង។ ប៉ុន្តែគម្រោងមួយចំនួនយើងនៅតែមិនទាន់អាចអភិវឌ្ឍន៍បានទេ ដោយផ្ដោតទៅលើគម្រោងអាទិភាពមុនសិន»។

សាលារាជធានីភ្នំពេញ កាលពីម្សិលមិញបានអះអាងថា ចៃកា ធ្លាប់បានស្នើគម្រោងដើម្បីពិនិត្យ និងសិក្សាពីលទ្ធភាព ក្នុងការអភិវឌ្ឍរថភ្លើងធុនស្រាល។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឲ្យដឹងថា គម្រោងរថភ្លើងធុនស្រាលលើអាកាស (AGT) សិក្សាដោយចៃកា នឹងចាប់ផ្តើមពីចំណុចផ្លូវសម្តេចមុនីរ៉េត កាត់តាមផ្លូវវេងស្រេង រហូតដល់រង្វង់មូលចោមចៅ។

លោក មាសភក្តី ថ្លែងថា៖ «យើងដាក់ឲ្យមានសេវារថយន្តក្រុង ប៉ុន្តែនៅតែមានអ្នកដំណើរឆ្លងកាត់ផ្លូវ ការស្ទះចរាចរណ៍នៅដដែល ប៉ុន្តែរថភ្លើង AGT គឺខុសគ្នា វាជាជាប្រភេទរថភ្លើងនៅលើអាកាស មានពេលវេលាចេញទៀងទាត់ ដូច្នេះជួយកាត់បន្ថយស្ទះចរាចរណ៍បានច្រើន»។

បើតាមលោក មាសភក្តី ខាងចៃកា មិនទាន់បង្ហាញថវិកាប៉ាន់ស្មានចំពោះគម្រោងរថភ្លើងធុនស្រាលនេះនៅឡើយទេ។

យោងតាមចៃកា ថវិកាប្រមាណ ៨០០លានដុល្លារត្រូវព្យាករណ៍ថា ត្រូវចំណាយសម្រាប់អភិវឌ្ឍគម្រោងផ្លូវរថភ្លើងធុនស្រាលក្នុងទីក្រុង។

លោក Hideaki IWASE មន្ត្រីទទួលបន្ទុកលើកគម្រោង នៃការិយាល័យចៃកា ប្រចាំនៅកម្ពុជា បានឲ្យដឹងថា គម្រោងនេះ គឺដើម្បីកសាងរថភ្លើងទីក្រុងមួយ នៅក្នុងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងកំណើនចរាចរណ៍ចេះតែកើនឡើង ដែលនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង។

លោក Hideaki IWASE ថ្លែងឲ្យដឹងថា៖ «របាយការណ៍នៃការសិក្សាគម្រោង នឹងត្រូវបានប្រគល់ទៅរដ្ឋាភិបាលកម្ពុជា ដែលនឹងធ្វើការសម្រេចចិត្តថា អនុវត្តគម្រោងដែលសិក្សាដោយចៃកា ឬយ៉ាងណា»៕

ប្រភព៖ khmertimeskh

Leave a Reply