express-logo-for-honews

អ្នក​វិនិយោគ​អចលនទ្រព្យ​ជប៉ុន ​មាន​សុទិដ្ឋិនិយម​លើ​ទីផ្សារ​កម្ពុជា

ប្រភព ៖ ភ្នំពេញបុស្តិ៍

ក្រុមហ៊ុនជប៉ុន CREED ASIA (Cambodia) Co., Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ CREED GROUP បានសម្រេចបោះទុនវិនិយោគប្រមាណ ៦០ លានដុល្លារអាមេរិកលើគម្រោងខុនដូ និងលំនៅឋាននៅទីក្រុងភ្នំពេញជាគម្រោងដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកវិនិយោគបរទេស និងប្រជាជនក្នុងស្រុក។

លោក ស៊ីវ ម៉េង អ្នកយកព័ត៌មានផ្នែកអចលនទ្រព្យនៃកាសែតភ្នំពេញប៉ុស្ត៍អចលនទ្រព្យបានជួបសម្ភាសន៍ជាមួយលោក TAKASHI Eguchi អគ្គនាយកក្រុមហ៊ុន CREED Asia (Cambodia) Co., Ltd. ដើម្បីលើកឡើងពីទស្សនវិស័យ និងគម្រោងវិនិយោគរបស់ក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធរបស់ CREED GROUP។

តើលោកចាប់ផ្តើមគម្រោងវិនិយោគរបស់លោកនៅកម្ពុជាយ៉ាងដូចម្តេច?

ក្រុមហ៊ុនរបស់យើងបានសហការចាប់ដៃគូជាមួយក្រុមហ៊ុន TRIPLE GEM នៅឆ្នាំ ២០១២ និងបានចាប់ផ្តើមវិនិយោគខុនដូ Bodaiju Residences នៅឆ្នាំ ២០១៣ ដែលរហូតមកទល់ពេលនេះយើងបានវិនិយោគលើគម្រោងខុនដូ និងលំនៅឋានមានលក្ខណៈជាបុរី។

គម្រោងទី ១ ជាគម្រោងខុនដូ Bodaiju ដែលរហូតមកទល់ពេលនេះយើងលក់បានអស់ជាង ៩០ ភាគរយហើយ និងកំពុងសាងសង់អគារចំនួន ៣ ក្នុងចំណោមអគារចំនួន ៦ នៅក្នុងគម្រោងនេះ ប៉ុន្តែការសាងសង់អគារ ៣ ផ្សេងទៀតយើងមិនទាន់ចាប់ផ្តើមទេ ដោយកំពុងសិក្សាស្ថានភាពទីផ្សារ។

តើលោកមើលឃើញដូចម្តេចចំពោះគម្រោងខុនដូនៅកម្ពុជា?

តម្រូវការខុនដូសម្រាប់ផ្គត់ផ្គង់ប្រជាជនក្នុងស្រុកពិតជាមានកម្រិតមែនទែន ប៉ុន្តែខុនដូរបស់យើងលក់បានច្រើនសម្រាប់ជនបរទេសដែលភាគច្រើនជាជនជាតិចិន ជប៉ុន កូរ៉េ ចិនហុងកុង តៃវ៉ាន់ជាដើម។ យើងមិននិយាយពីគម្រោងខុនដូបានផ្គត់ផ្គង់លើសតម្រូវការនោះទេ ព្រោះយើងកំពុងសម្លឹងមើលទីផ្សារដែលការផ្គត់ផ្គង់មានភាពលើសតម្រូវការ។

ប៉ុន្តែសម្រាប់រយៈពេល ១០ ឆ្នាំខាងមុខខ្ញុំគិតថាប្រជាជនខ្មែរនឹងផ្លាស់ប្តូររបៀបនៃការគិត។ ពួកគេនឹងសម្រេចចិត្តរស់នៅតាមខុនដូឧទាហរណ៍ ជាក់ស្តែងដូចជានៅទីក្រុងបាងកក ប្រទេសថៃ ប្រជាជនចង់រស់នៅលើលំនៅឋានជាប់ដី ប៉ុន្តែនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្នុងទីក្រុងតម្លៃដីមានតម្លៃយ៉ាងខ្ពស់ដែលធ្វើពួកគេសម្រេចចិត្តរស់នៅតាមខុនដូ។

នៅក្នុងទីក្រុងហូជីមីញក៏ដូចគ្នាដែរប្រជាជនប្រាថ្នារស់នៅផ្ទះជាប់ដីដូចគ្នា ប៉ុន្តែដោយសារដីមានតម្លៃថ្លៃ និងទីក្រុងកាន់តែចង្អៀតពួកគេសម្រេចចិត្តរស់នៅតាមខុនដូ។ នាពេលអនាគតប្រជាជនវ័យក្មេងនៅទីនេះពួកគេនឹងរស់នៅតាមខុនដូដែលមានទីតាំងនៅក្បែរ ឬកណ្តាលទីក្រុង។

express-logo-for-hotnews

ក្រៅពីខុនដូក្រុមហ៊ុន CREED GROUP បានសម្រេចចិត្តវិនិយោគលើបុរីមួយចំនួន តើលោកមើលឃើញទីផ្សារបុរីយ៉ាងដូចម្តេចដែរ?

យើងវិនិយោគដោយផ្តោតលើប្រជាជនមានប្រាក់ចំណូលមធ្យមតាមរយៈការវិនិយោគលើបុរីមហាសែនសុខដែលស្ថិតនៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ គម្រោងដែលមានទំហំជាង ១២ ហិកតានេះ និងមានផ្ទះជាច្រើនរយខ្នងបានលក់ជិតអស់ហើយ ហើយផ្ទះជាង ២០០ បានបញ្ចប់ និងម្ចាស់ផ្ទះជាង ១០០ ល្វែងបានចាប់ផ្តើមចូលស្នាក់នៅហើយ។

គម្រោងនេះមានចំនួន ៨ ដំណាក់កាល និងគ្រោងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ ២០១៨។

កាលពីថ្ងៃអាទិត្យកន្លងមកនេះក្រុមហ៊ុនរបស់លោក និងដៃគូបានចាប់ផ្តើមគម្រោងថ្មីមួយទៀត? តើគម្រោងនេះមានលក្ខណៈពិសេសដូចម្តេច?

គម្រោងនេះផ្តោតលើប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ដោយសារវាមានតម្លៃចាប់ពីជាង ៨៧ ០០០ ដុល្លាររហូតដល់ ២០ ម៉ឺនដុល្លារអាមេរិក។

មូលហេតុយើងវិនិយោគលើបុរីបន្ថែមទៀតដោយសារប្រជាជនកម្ពុជានៅតែមានការពេញនិយមរស់នៅផ្ទះជាប់ដី ហើយយើងជឿថាប្រជាជនកម្ពុជានៅតែពេញចិត្តក្នុងការរស់នៅតាមបុរីទើបយើងផ្តល់នូវផលិតផលសម្រាប់ប្រជាជនកម្ពុជាអាចមានលទ្ធភាព និងអាចរស់នៅបាន។

គម្រោងបុរីរបស់យើងបានផ្តោតលើភាពបៃតងកន្លែងអង្គុយលេង ផ្លូវថ្មើរជើង និងអាងហែលទឹកជាដើម។

យើងមានដៃគូមួយទៀតគឺក្រុមហ៊ុន Hoosiers ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនបានចូលរួមវិនិយោគលើគម្រោងថ្មីនេះដែលមានឈ្មោះ ARATA ស្ថិតនៅក្បែរផ្សារទំនើប AEON ទី ២ ក្នុងខណ្ឌសែនសុខ។

ប្រជាជនកម្ពុជាមានការរអ៊ូរទាំច្រើនពីគុណភាពសំណង់តាមបុរីនានា តើគម្រោងរបស់លោកបាននាំយកស្តង់ដាជប៉ុនមកប្រើប្រាស់ឬយ៉ាងណា?

គុណភាពនៅតាមលំនៅឋានរបស់យើងត្រូវបានយកចិត្តទុកដាក់ជាពិសេស ហើយជាលទ្ធផលអ្នកទិញលំនៅឋានក្នុងគម្រោងរបស់យើងជាច្រើនបាននិយាយល្អអំពីគម្រោងរបស់យើង។

ប្រសិនជាយើងធ្វើមិនល្អ ហើយឧទាហរណ៍យើងបង់រំលស់ជាមួយពួកគេ ពួកគេអាចឈប់បង់ប្រាក់ ប៉ុន្តែអ្នកទិញលំនៅឋាននៅក្នុងបុរីមហាសែនសុខ ពួកគេរីករាយក្នុងការចូលស្នាក់នៅលំនៅឋានដែលពួកគេបានទិញ។ យើងបានផ្តល់សេវាជួសជុលរយៈពេល ១ ឆ្នាំសម្រាប់ប្រជាជនដែលបានទិញលំនៅឋានរបស់យើង។

តើលោកសម្លឹងទៅអនាគតយ៉ាងដូចម្តេច និងគ្រោងចាប់ផ្តើមវិនិយោគបន្ថែមអ្វីខ្លះទៀត?

យើងជឿជាក់ចំពោះកម្ពុជានឹងមានសុវត្ថិភាព និងបន្តរីកចម្រើនដូច្នេះយើងអាចនឹងមានគម្រោងដទៃទៀត ពិសេសវិនិយោគលើដីធ្លី។ ប្រទេសនេះកំពុងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមដែលស្តង់ដារស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។

យើងមានគម្រោងវិនិយោគលំនៅឋានដោយផ្តោតលើប្រជាជនមានប្រាក់ចំណូលមធ្យម ឬលើមធ្យមសម្រាប់គម្រោងលំនៅឋានតម្លៃចាប់ពី ៤ ទៅ ៥ ម៉ឺនដុល្លារនាពេលអនាគតឆាប់ៗនេះ។

តើលោកមានគម្រោងវិនិយោគនៅតាមបណ្តាខេត្តឬទេពិសេសនៅខេត្តព្រះសីហនុ?

យើងមានឱកាស និងកំពុងសម្លឹងរកការវិនិយោគនៅតាមបណ្តាខេត្តផងដែរ ពិសេសនៅខេត្តព្រះសីហនុ វាជាទីផ្សារកំពុងក្តៅគគុកសម្រាប់ការវិនិយោគរបស់ចិន។ យើងអាចប្រកួតប្រជែងជាមួយពួកគេ ប៉ុន្តែវាមិនមែនជាទីផ្សារពិតប្រាកដ តែអ្វីដែលយើងសម្លឹងមើលគឺសំដៅលើទីផ្សារដែលមានតម្រូវការពីប្រជាជនក្នុងស្រុកពិតប្រាកដ។

តើរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តយ៉ាងដូចម្តេចចំពោះគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនានាជាមួយគម្រោងរបស់លោក?

ខ្ញុំមិនមានអ្វីនិយាយច្រើនទេ តែអ្វីជាការយល់ឃើញរបស់ខ្ញុំគឺរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយ បើកចំហយ៉ាងខ្លាំងសម្រាប់អ្នកវិនិយោគបរទេសដែលផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់អ្នកវិនិយោគ និងជារឿងដែលល្អសម្រាប់អ្វីដែលយើងមានអារម្មណ៍កក់ក្តៅក្នុងការរស់នៅទីនេះ។

ប៉ុន្តែបើនិយាយពីហេដ្ឋារចនាសម្ព័ន្ធវិញរដ្ឋាភិបាលកម្ពុជាហាក់មិនមានគម្រោងវិនិយោគសាងសង់ផ្លូវនៅក្នុងទីក្រុងជាក់លាក់ទេដែលយើងត្រូវវិនិយោគលើផ្លូវដែលជាការងាររបស់រដ្ឋាភិបាលខ្លួនឯងលោកត្រូវធ្វើតែយើងសម្រេចចិត្តធ្វើវា ដើម្បីភ្ជាប់ទៅកាន់គម្រោងរបស់យើង ប៉ុន្តែយើងរីករាយក្នុងការចូលរួមចំណែកអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធទាំងនោះ៕

Leave a Reply