japanese_bridge

ជប៉ុន​ ជួយ​ជួសជុល​ស្ពាន​ជ្រោយចង្វារ​​ ដោយ​ចំណាយ​ប្រាក់​៣០ ​លានដុល្លារ

ប្រភព ៖ ភ្នំពេញបុស្តិ៍

ស្ពានជ្រោយចង្វារនឹងជួសជុលឡើងវិញនៅពាក់កណ្តាលខែកញ្ញាក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នូវទឹកប្រាក់ចំនួន ៣០ លានដុល្លារ។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីម្សិលមិញថាកាលពីថ្ងៃទី ២៥ ខែកក្កដារដ្ឋលេខាធិការក្រសួងលោក តូច ចាន់កុសល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងស្តារស្ពានជ្រោយចង្វារឡើងវិញជាមួយក្រុមហ៊ុនសាជីវកម្មអូបាយ៉ាស៊ិជប៉ុននៅទីក្រុងតូក្យូ។

តាមប្រភពដដែលគម្រោងនេះគឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA ហើយគម្រោងជួសជុលនេះនឹងចាប់ផ្តើមនៅពាក់កណ្តាលខែកញ្ញាខាងមុខ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនលោក វ៉ាស៊ីម សូរិយា មានប្រសាសន៍ថាលោកមិនទាន់អាចផ្តល់ព័ត៌មានលម្អិតពីគម្រោងនេះនោះទេ ដោយលោកមិនទាន់បានទទួលឯកសារដែលទើបចុះហត្ថលេខានេះនៅឡើយ។ ទោះយ៉ាងណាលោកថាតាមការពិភាក្សានាពេលកន្លងមកគម្រោងជួសជុលស្ពានជ្រោយចង្វារនេះមានរយៈពេលពី ១៨ ខែទៅ ២៤ ខែ។

លោកបន្ថែមថា៖ «ខ្ញុំមិនទាន់បានឃើញឯកសារដែរ ខ្ញុំអត់ទាន់ឃើញថាយើងត្រូវធ្វើម៉េចទេណាទើបដេញថ្លៃហើយគណៈប្រតិភូទើបស៊ីញ៉េកុងត្រាកាលពីម្សិលអ៊ីចឹងខ្ញុំអត់ទាន់មានព័ត៌មានលម្អិតពី Contractor (ក្រុមហ៊ុនម៉ៅការ) អីៗទេ…ការបង្វែរចរាចរណ៍អីយ៉ាងម៉េចបើតាមពីមុនខាងសាលារាជធានីជាអ្នករៀបចំ»។

អ្នកនាំពាក្យសាលារាជធានីលោក ម៉េត មាសភក្តី ឲ្យដឹងថាការជួសជុលស្ពានជ្រោយចង្វារនេះនឹងធ្វើឡើងតាមដំណាក់កាលដែលត្រង់ចំណុចនេះចរាចរណ៍លើស្ពានមិនទាន់បិទទាំងស្រុងភ្លាមៗនៅពេលចាប់ផ្តើមជួសជុលនោះទេ។

លោកថ្លែងថា៖ «វាមានដំណាក់កាលវាមិនមែនមានន័យថា ការជួសជុលហ្នឹងយើងផ្អាកចរាចរណ៍តែម្តងនោះទេ វាស៊ីសងលើការងារជំនាញ…»។

តាមគម្រោងការជួសជុលនេះនឹងត្រូវចំណាយទឹកប្រាក់ប្រហែល ៣០ លានដុល្លារដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។ គួរំឭកថាស្ពានជ្រោយចង្វារកសាងឡើងក្នុងឆ្នាំ ១៩៦៦ ហើយត្រូវបានទាហានខ្មែរក្រហមដាក់មីនបំផ្ទុះកាត់ផ្តាច់នៅក្នុងឆ្នាំ ១៩៧៣។ រដ្ឋាភិបាលជប៉ុនបានជួយជួសជុល តភ្ជាប់ស្ពាននេះឡើងវិញនៅចន្លោះឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៥ ។

ទោះជាយ៉ាងណាមិនអាចសុំការពន្យល់បន្ថែមពីមន្ត្រី JICA បានទេកាលពីម្សិលមិញ៕

Leave a Reply