ING CITY បង្ហាញ​គម្រោង​ស្ថាបនា​មហាវិថី​ធំ​ជាង​គេ​នៅ​ក្នុង​រាជធានី​ភ្នំពេញ
Posted On : October, 26, 2014 | By សំឡេងទីក្រុង

ដោយ៖ ភ្នំពេញប៉ុស្តិ៍​​ Sat, 25 October 2014

គោល​បំណង​ប្រកប​ដោយ​មហិច្ឆតា​របស់​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ ING Holding Co, Ltd ក្នុង​ការ​បង្កើត​ក្រុង​រណប​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា ING City ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ប្រជាជន និង​ការ​រីក​ចម្រើន​នៃ​វិស័យ​អចលន​ទ្រព្យ​នៅ​ពេល​នេះ​កំពុង​ដំណើរ​ការ​ទៅ​ មុខ​យ៉ាង​រលូន។

ក្រុង​រណប ING City (ដែល​គេ​ធ្លាប់​ស្គាល់​ថា ក្រុង​រណប AZ City) នឹង​រំលេច​ឡើង​ព្រម​ជាមួយ​មហាវិថី​ដ៏​ធំ​មួយ​ដែល​មាន​ឈ្មោះ​ថា «មហាវិថី​សម្តេច​តេជោ ហ៊ុន សែន» មាន​បណ្តោយ​សរុប ៩,២ គីឡូម៉ែត្រ និង​ទទឹង ៦០ ម៉ែត្រ​ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រហែល ៥១ លាន​ដុល្លារ និង​មហា​វិថី​ធំៗ​កាត់​ទទឹង​គម្រោង​នេះ​ចំនួន ២ ទៀត គឺ ទី១ មហាវិថី​អ្នក​ឧកញ៉ា មហាភក្តី សប្បុរិស ភោគាធិបតី ហ៊ុន នាង និង​មហាវិថី ទី២ នៅ​មិន​ទាន់​ស្ថាបនា និង​ដាក់​ឈ្មោះ​នៅ​ឡើយ​ទេ។

លោក មាស វីរីយ៉ា អនុ​ប្រធាន​នាយកដ្ឋាន​បច្ចេកទេស​នៃ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ ING Holiding Co, Ltd បាន​ប្រាប់ ប៉ុស្តិ៍ អចលន​ទ្រព្យ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​ស្ថាបនា​មហាវិថី សម្តេច តេជោ ហ៊ុន សែន នៅ​ពេល​នេះ​ជិត​បញ្ចប់​តួ​ផ្លូវ ១០០ ភាគរយ​ហើយ ដោយ​គ្រោង​បើក​ដំណើរ​ការ​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ ខាង​មុខ។ លោក​ប្រាប់​ទៀត​ថា ការ​ចាក់​កៅស៊ូ​មហាវិថី​ខាង​លើ​នឹង​ត្រូវ​បញ្ចប់​នៅ ខែ​ឆ្នូ ឆ្នាំ​២០១៥។

Content image - Phnom Penh Post

«មហាវិថី សម្តេច តេជោ ហ៊ុន សែន» មាន​ទទឹង ៦០ ម៉ែត្រ​ត្រូវ​ចាក់​កៅស៊ូ​ទំហំ ៣០ ម៉ែត្រ និង​ទុក​គែម​ផ្លូវ​ម្ខាង ១៥ ម៉ែត្រ សម្រាប់​ផ្លូវ​ថ្មើរ​ជើង និង​សួនច្បារ។ មហា​វិថី​នេះ​ភ្ជាប់​ពី​ផ្លូវ​លេខ ២៧១ ឆ្ពោះ​ទៅ​កាន់​ផ្លូវ​ជាតិ​លេខ ២ ក្នុង សង្កាត់​ព្រែកហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។ ក្រៅ​ពី​មហា​វិថី​សម្តេច តេជោ ហ៊ុន សែន ក្រុង​រណប ING City ក៏​ត្រូវ​ស្ថាបនា​ផ្លូវ​មេ​កាត់​ទទឹង​ចំនួន ២ ខ្សែ​ទៀត​ផង​ដែរ គឺ​មួយ​មាន​ឈ្មោះ​ថា «មហាវិថី​អ្នក​ឧកញ៉ា មហាភក្តី សប្បុរិស ភោគាធិបតី ហ៊ុន នាង» មាន​បណ្តោយ ២,៧៤ គីឡូម៉ែត្រ និង​ទទឹង ៣០ ម៉ែត្រ បច្ចុប្បន្ន​ចាក់​កៅស៊ូ​រួច ៨០០ ម៉ែត្រ​ហើយ និង​ផ្លូវ ១ ខ្សែ​ទៀត​នៅ​មិន​ទាន់​សាង​សង់​ទេ ដោយ​ផ្លូវ​ទាំង ២ ចេញ​ពី​ផ្លូវ​ជាតិ​លេខ ២ ម្តុំ​ចាក់​អង្រែ​ក្រោម ឆ្ពោះ​ទៅ​ផ្លូវ​លេខ ៣៧១។ នៅ​ក្នុង​ផែនការ​អភិវឌ្ឍន៍​ក្រុង​រណប​នេះ ក៏​នឹង​មាន​ការ​សាង​សង់​ផ្លូវ​តូចៗ​ចំនួន ៤៨ ខ្សែ​បន្ថែម​ទៀត​ផង​ដែរ ដោយ​ផ្លូវ​នីមួយៗ​មាន​ទំហំ​តូច​បំផុត ២៦ ម៉ែត្រ។

លោក វីរីយ៉ា បាន​ប្រាប់​ថា៖ «ដោយ​គិត​គូរ​ជា​ចម្បង​ទៅ​លើ​ការ​ថែរក្សា​ការពារ​បរិស្ថាន សុវត្ថិភាព និង​ផាសុកភាព សម្រាប់​អ្នក​រស់​នៅ​ក្នុង​ក្រុង​រណប​ថ្មី​នេះ ក្រុម​ហ៊ុន ING Holiding Co, Ltd ក៏​បាន​រៀបចំ​នូវ​ប្រព័ន្ធ​លូ​យ៉ាង​ពិសេស ដោយ​មាន​ទំហំ​ចាប់​ពី ០,៣២,៨ ម៉ែត្រ និង​មាន​បែង​ចែក​ដាច់​ពី​គ្នា​រវាង​លូ​បង្ហូរ​ទឹក​ភ្លៀង និង​លូ​ទឹក​ស្អុយ»។

ក្នុង​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប ING City មាន​ក្រុម​ហ៊ុន​អន្តរជាតិ​ជា​ច្រើន​កំពុង​ចូល​រួម​សិក្សា​បច្ចេក​ទេស និង​ផល​ប៉ះ​ពាល់​បរិស្ថាន ដូច​ជា​ក្រុម​ហ៊ុន​រៀបចំ​ប្លង់​គោល និង​ឌីហ្សាញ Surbana International Consultants Pte, Ltd ក្រុម​ហ៊ុន Yachiyo Engineering Co, Ltd និង​ក្រុម​ហ៊ុន Hitachi Ltd, Japan ជា​ក្រុម​ហ៊ុន​ជួយ​សិក្សា​បរិស្ថាន និង​សិក្សា​ពី​សហគមន៍​ដែល​ត្រូវ​រៀបចំ​ក្នុង​ក្រុង​រណប​នេះ។ ចំណែក​ក្រុម​ហ៊ុន Green Consultant Co, Ltd និង​ក្រុម​ហ៊ុន Daun Penh EIA Consultant សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន (EIA) រីឯ​ក្រុម​ហ៊ុន IMORI Construction Co, Ltd ជា​អ្នក​ត្រួត​ពិនិត្យ​បច្ចេក​ទេស​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា។ ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​មួយ​រូប​របស់​ក្រុម​ហ៊ុន ING Holding Co, Ltd ដែល​និយាយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ប្លង់​មេ​របស់​ក្រុង​រណប ING City បាន​ទទួល​ការ​អនុម័ត​ពី​សាលា​រាជធានី​ភ្នំពេញ និង​សាលា ខេត្ត​កណ្តាល ហើយ។ ការ​អភិវឌ្ឍ​ក្រុង​រណប​នេះ​ធ្វើ​ឡើង​តាម​ទស្សន​វិស័យ និង​ចក្ខុ​វិស័យ​អភិវឌ្ឍន៍​រយៈ​ពេល​វែង ដើម្បី​ប្រែ​ក្លាយ​ទីនោះ​ឲ្យ​ទៅ​ជា​ទីក្រុង​ដ៏​ទំនើប​ទាន់​សម័យ​ដូច​នៅ​ ប្រទេស​រីក​ចម្រើន​នានា​ដែល​លោក​ធ្លាប់​បាន​ទៅ​ទស្សនកិច្ច​ដូច​ជា សហរដ្ឋ​អាមេរិក សហគមន៍​អឺរ៉ុប និង​បណ្តា​ប្រទេស​ជាច្រើន​នៅ​តំបន់​មជ្ឈិម​បូព៌ា។

លោក​មាន​ប្រសាសន៍​ថា៖ «ការ​អភិវឌ្ឍ​​ក្រុង​រណប ING City ខ្ញុំ​គ្មាន​បំណង​ប្រមូល​ប្រាក់​ចំណេញ​ត្រឡប់​មក​វិញ​ភ្លាមៗ​នោះ​ទេ ព្រោះ​ខ្ញុំ​ចង់​អភិវឌ្ឍ​ទីក្រុង​នេះ​ឲ្យ​មាន​ចីរភាព មាន​ការ​គិត​គូរ​ពី​បរិស្ថាន និង​ផ្តល់​គុណ​តម្លៃ​ដល់​ជីវិត​សម្រាប់​អ្នក​រស់​នៅ​ទីនេះ»។ លោក​បន្ត​ថា៖ «ក្រុង​រណប​នេះ​នឹង​ត្រូវ​អភិវឌ្ឍ​ឡើង​តាម​លំនាំ​ទីក្រុង​ស៊ីវិល័យ ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើបៗ ហើយ​ប្រព័ន្ធ​ខ្សែ​ភ្លើង​ទាំង​អស់​នឹង​ត្រូវ​កប់​នៅ​ក្រោម​ដី»។

Content image - Phnom Penh Post

ផែនការ​មេ ឆ្នាំ​២០១៤-២០២០ របស់​ក្រុម​ហ៊ុន ING Holdings Co, Ltd បាន​ឲ្យ​ដឹង​ថា គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​នេះ​ត្រូវ​ចែក​ចេញ​ជា ៤ ដំណាក់​កាល​ក្នុង​នោះ​ដំណាក់​កាល ទី១ ត្រូវ​អនុវត្ត​លើ​ផ្ទៃ​ដី​សរុប ៥៧១ ហិកតា ដែល​ត្រូវ​បែង​ចែក​ជា​តំបន់​ពាណិជ្ជកម្ម តំបន់​រដ្ឋាភិបាល កន្លែង​ស្តុក​សម្ភារ​សំណង់ មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ទំនិញ កន្លែង​លក់​ផលិតផល​ពី​រោងចក្រ មជ្ឈមណ្ឌល​រថយន្ត មន្ទីរពេទ្យ​ជប៉ុន សហគមន៍​ជប៉ុន តំបន់​សម្រាប់​សង់​ផ្ទះ​ចូល​និវត្តន៍​ជន​ជាតិ​ចិន ផ្សារ​ទំនើប និង​មជ្ឈ​មណ្ឌល​មធ្យោបាយ​ធ្វើ​ដំណើរ​មាន​ដូច​ជា​ផ្លូវ​រទេះ​ភ្លើង រថយន្ត​តាក់ស៊ី និង​រថយន្ត​ក្រុង​ជាដើម។

ក្រុង​រណប​នេះ​មាន​ផ្ទៃ​ដី​ទំហំ ២៥៧២ ហិកតា និង​មាន​អាង​ស្តុក​ទឹក​ទំហំ ៥២០ ហិកតា ដោយ​ភ្ជាប់​ខណ្ឌ ៣ របស់​រាជធានី​ភ្នំពេញ គឺ ខណ្ឌ​ចំការមន មាន​ជ័យ ដង្កោ និង ក្រុង​តាខ្មៅ របស់ ខេត្ត​កណ្តាល។

គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប ING City ក៏​បាន​ធ្វើ​ឡើង​ស្រប​តាម​ទស្សន​វិស័យ​របស់​វីរ​ស្ថាបត្យករ​កម្ពុជា​លោក​ បណ្ឌិត វណ្ណ មូលីវណ្ណ ផង​ដែរ​ដោយ​លោក​ធ្លាប់​បាន​ផ្តល់​អនុសាសន៍​នា​ពេល​កន្លង​មក​ថា៖ «ខ្ញុំ​គិត​ថា ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ទៅ​ភាគ​ខាង​ត្បូង គឺ​ល្អ​ជាង​ភាគ​ខាង​លិច ព្រោះ​ភាគ​ខាង​ត្បូង​ជា​តំបន់​ខ្ពស់ និង​មាន​ទន្លេ​សម្រាប់​រំដោះ​ទឹក​ចេញ​ចៀស​ផុត​ពី​បញ្ហា​គ្រោះ​ទឹក​ជំនន់​ បាន»។

លោក​បន្ត​ថា៖ «នៅ ឆ្នាំ​២០១៥ ប្រជាជន​មក​រស់​នៅ​ភ្នំពេញ​អាច​នឹង​កើន​ឡើង​ដល់​ជិត ៣ លាន​នាក់ ដែល​ធ្វើ​ឲ្យ​ភ្នំពេញ​ត្រូវ​ការ​ផ្ទៃ​ដី​ធំ​ជាង​បច្ចុប្បន្ន ៣ ដង ដូច្នេះ​គេ​ត្រូវ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឲ្យ​បាន​ល្អ​ដើម្បី​ស្រប​តាម​ កំណើន​របស់​ប្រជាជន»។

ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​ក្រុម​ហ៊ុន​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​ការ​ដោះ​ស្រាយ​ផល​ប៉ះពាល់​ជាមួយ​ប្រជាជន ៤៨ គ្រួសារ​ដែល​មាន​លំនៅឋាន​នៅ​ជាប់​ក្បាល​មហាវិថី​អ្នក​ឧកញ៉ា មហាភក្តី សប្បុរិស ភោគាធិបតី ហ៊ុន នាង ជិត​បញ្ចប់​ហើយ។ ក្រុម​ហ៊ុន​បាន​ផ្តល់​ដី​ក្នុង​ទំហំ​ប៉ុន​គ្នា​នឹង​ដី​របស់​ពួក​គាត់ ដែល​មាន​ទីតាំង​នៅ​ក្បែរ​លំនៅឋាន​ចាស់ ហើយ​ក្រុម​ហ៊ុន​នឹង​ជួយ​សាង​សង់​ផ្ទះ​ជូន​ពួក​គាត់​ផង​ដែរ។ ចំណែក​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​ដទៃ​ទៀត​ក្រុម​ហ៊ុន​នឹង​ដោះ​ស្រាយ​ជា​ ជំហានៗ។

លោក​បញ្ជាក់​ថា៖ «ប្រសិន​បើ​ប្រជា​ពលរដ្ឋ​ណា​ចង់​បាន​ប្រាក់ ក្រុម​ហ៊ុន​នឹង​ផ្តល់​ប្រាក់​ទៅ​តាម​តម្លៃ​ទីផ្សារ​ជាក់​ស្តែង ប៉ុន្តែ​បើ​ពួក​គាត់​ទទួល​យក​សំណង​ជា​ថ្នូរ​នឹង​លំនៅឋាន​ថ្មី គឺ​ពួក​គាត់​នឹង​ទទួល​បាន​ដី​ទំហំ​ដូច​គ្នា​នឹង​ដី​ចាស់​ព្រម​ទាំង​ទទួល​បាន ​លំនៅឋាន​សង់​ពី​ថ្ម​ដែល​មាន​បទដ្ឋាន និង​គុណភាព​កម្រិត​ស្តង់ដារ»។

លោក​បន្ត​ថា៖ «គោល​នយោបាយ​របស់​ក្រុម​ហ៊ុន​ធ្វើ​ឡើង​ដោយ​ទន់ភ្លន់ ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​ពេញ​ចិត្ត និង​មិន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ភាព​ទោមនស្ស​នោះ​ទេ»។

បច្ចុប្បន្ន​មាន​ក្រុម​ហ៊ុន​ជប៉ុន​ដ៏​ធំ​មួយ​ឈ្មោះ Future Gate គ្រោង​នឹង​ចាប់​ផ្តើម​សាង​សង់​អគារ​ខ្ពស់ៗ​ពី ៤ ទៅ ៦ អគារ​ក្នុង​ក្រុង​រណប​នេះ​ផង​ដែរ។

ដោយ​បាន​សិក្សា​ទីតាំង​ប្រហែល ២០ កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ មុន​ពេល​សម្រេច​ចិត្ត​ទិញ​ដី និង​សាង​សង់​សាលារៀន​ភ្នំពេញ​អន្តរជាតិ (ISPP) លោក Barry Sutherland នាយក​សាលា ISPP បាន​ប្រាប់​ថា លោក​កំពុង​វិនិយោគ​ប្រាក់​ប្រមាណ ៤០ លាន​ដុល្លារ​សម្រាប់​កសាង​សាលា ISPP ក្នុង​ក្រុង​រណប ING City ព្រោះ​លោក​យល់​ថា តំបន់​ដែល​សាលារៀន​អន្តរជាតិ​ភ្នំពេញ នឹង​បង្ហាញ​ខ្លួន​នា​ពេល​ខាង​មុខ គឺជា​តំបន់​ដែល​មាន​សក្តានុពល​ខ្លាំង ព្រោះ​មាន​ការ​តភា្ជប់​ជាមួយ​នឹង​ផ្លូវ​ពីរ​សំខាន់ៗ គឺ​ផ្លូវ​លេខ ២៧១ និង​ផ្លូវ​ជាតិ​លេខ ២។

លោក​អះអាង​ថា៖ «ទោះ​បី​ខ្ញុំ​ពេញ​ចិត្ត​ទីស្នាក់​ការ​របស់​ខ្ញុំ​នៅ សង្កាត់​បឹងកក់ ១ និង​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ម្ចាស់​ដី​នៅ​ទីនោះ​ក៏​ដោយ ក៏​វា​ជា​ការ​ល្អ​សម្រាប់​យើង​ក្នុង​ធ្វើ​ជា​ម្ចាស់​ខ្លួន​ឯង​លើ​ដី​និង​ អគារ​នៅ​ទីតាំង​ថ្មី​នេះ»។

Content image - Phnom Penh Post

លោក​បណ្ឌិត បេងហុង សុជាតិ​ខេមរ៉ូ អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​លំនៅឋាន នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​បញ្ចប់​ថ្នាក់​បណ្ឌិត​នៅ ចក្រភព​អង់គ្លេស និង ប្រទេស​ហូឡង់ ផ្នែក​ផែនការ​អភិវឌ្ឍន៍ និង​គ្រប់​គ្រង​ទីក្រុង មាន​ប្រសាសន៍​ថា បើ​និយាយ​ពី​លក្ខណ​សម្បត្តិ​របស់​ក្រុង​រណប ING City និង​បញ្ហា​បរិស្ថាន គឺ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ អាច​មាន​លទ្ធភាព​រៀបចំ​ទីក្រុង​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ ព្រោះ​តំបន់​នោះ​ជា​តំបន់​ដែល​មិន​ទាន់​មាន​ការ​តាំង​ទីលំនៅ​ដូច្នេះ​ការ​ រៀបចំ​អាច​មាន​ភាព​ល្អ សមស្រប​តាម​បទដ្ឋាន​អន្តរជាតិ។

លោក​បាន​ថ្លែង​ថា៖ «នេះ​ជា​ឱកាស​មាស​សម្រាប់​ទីតាំង​ដែល​មិន​ទាន់​មាន​ការ​តាំង​ទីលំនៅ ដោយ​អ្នក​រៀបចំ​ប្លង់​អភិវឌ្ឍន៍​ក្រុង​មាន​លទ្ធភាព​ធ្វើ​ឲ្យ​ទីក្រុង​នេះ​ មាន​បរិយាកាស​រស់​នៅ​ល្អ មាន​ផាសុកភាព និង​មាន​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ»។

លោក​បាន​បន្ត​ថា៖ «សម័យ​បច្ចេកវិទ្យា​ជឿន​លឿន​ទីក្រុង​មាន​សណ្ឋាន​ដី​ខ្ពស់ ឬ​ទាប​មិន​មាន​បញ្ហា​គួរ​ឲ្យ​បារម្ភ​នោះ​ទេ។ ការ​ខ្ពស់​ជាង ឬ​ទាប​ជាង​កម្ពស់​ទឹក​ទន្លេ​លែង​ជា​ទៀត​បញ្ហា​ហើយ»។

លោក​បណ្ឌិត​បាន​បន្ត​ថា តាម​ពិត​ដូច​នៅ ប្រទេស​សិង្ហបុរី គេ​បាន​បង្កើត​ពហុ​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ក្នុង​ទីក្រុង​របស់​គេ​ច្រើន​ កន្លែង គឺ​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍។ ប្រសិន​បើ​រាជធានី​ភ្នំពេញ មាន​ប៉ូល​សេដ្ឋកិច្ច​តែ​មួយ​មនុស្ស​នឹង​ប្រមូល​ផ្តុំ​នៅ​កន្លែង​តែ​មួយ។ ហេតុ​នេះ​ការ​ពង្រីក​ប៉ូល​សេដ្ឋកិច្ច​ច្រើន​កន្លែង នឹង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មិន​ប្រមូល​ផ្តុំ​តែ​មួយ​កន្លែង​នោះ​ទេ ដែល​នេះ​ជា​គោល​ការណ៍​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​រៀបចំ និង​អភិវឌ្ឍន៍​ទីក្រុង​ផង​ដែរ។

លោក​បាន​បញ្ជាក់​ថា៖ «ការ​កសាង​ក្រុង​រណប​ជុំវិញ​រាជធានី​ភ្នំពេញ គឺជា​ទិសដៅ​នៃ​ការ​អភិវឌ្ឍ​ដ៏​ត្រឹម​ត្រូវ ហើយ​ការ​អភិវឌ្ឍ​ទីក្រុង​នា​ពេល​នេះ​មិន​រើស​ទិស​ដូច​ការ​អភិវឌ្ឍ​កាល​ពី​ សម័យ​មុន​នោះ​ទេ»។

លោក​បន្ត​ថា៖ «ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប ING City គួរ​រក​អ្នក​មាន​ជំនាញ​ផ្នែក​ផែនការ​អភិវឌ្ឍន៍​ក្រុង​រណប​នេះ​ឲ្យ​បាន​ត្រឹម ​ត្រូវ និង​ស្វែង​រក​ព័ត៌មាន​របស់​អតិថិជន​ដែល​នឹង​មក​រស់​នៅ និង​ប្រកប​អាជីវកម្ម​នៅ​ទីនោះ​ទីក្រុង​នេះ​នឹង​ទទួល​បាន​ជោគជ័យ»។

លោក Kevin Goos អគ្គ​នាយក​ក្រុម​ហ៊ុន Century21 Cambodia បាន​គាំទ្រ​ចំពោះ​ការ​អភិវឌ្ឍ​ក្រុង​រណប​ថ្មីៗ​នៅ​រាជធានី​ភ្នំពេញ ដែល​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​តម្រូវការ​លំនៅឋាន និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា។

លោក​បាន​ថ្លែង​ថា៖ «គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប ING City ជា​ផែនការ​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ព្រោះ​ទីនោះ​មាន​ទីតាំង​នៅ​ភាគ​ខាង​ត្បូង​ភ្នំពេញ និង​មាន​ទំហំ​ដី​ធំ។ ដើម្បី​អភិវឌ្ឍ​ក្រុង​រណប​មួយ​ឲ្យ​ទទួល​ជោគជ័យ វា​ទាម​ទារ​ឲ្យ​អ្នក​អភិវឌ្ឍន៍​រៀបចំ​ប្លង់​គោល ហេដ្ឋា​រចនា​សម្ព័ន្ធ​ឲ្យ​បាន​ច្បាស់​លាស់ និង​ត្រូវ​សិក្សា​ពី​តម្រូវ​ការ​របស់​អតិថិជន​ផង​ដែរ»។

លោក Kevin បាន​បន្ត​ថា ការ​អភិវឌ្ឍ​ក្រុង​រណប​ថ្មីៗ​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ វា​មិន​ត្រឹម​តែ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នោះ​ទេ តែ​ជួយ​ពង្រាយ​ប្រជាជន​មិន​ឲ្យ​រស់​នៅ​ប្រមូល​ផ្តុំ​តែ​មួយ​កន្លែង​ផង​ដែរ។

នាយក​ក្រុម​ហ៊ុន​អចលន​ទ្រព្យ Knight Frank ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា៖ «គម្រោង​អភិវឌ្ឍន៍​លើ​ដី​ទំហំ​ប្រហែល ២៦០០ ហិកតា​នេះ​ជាក់​ស្តែង​ណាស់​វា​គឺ​ជា​គម្រោង​ដែល​មាន​រយៈ​ពេល​វែង ហើយ​បើ​ក្រុម​ហ៊ុន​អនុវត្ត​តាម​ផែនការ​ដែល​បាន​គ្រោង​ទុក​នោះ ខ្ញុំ​គិត​ថា វា​នឹង​មាន​ផល​វិជ្ជមាន​ច្រើន​សម្រាប់​រាជធានី​ភ្នំពេញ»។

លោក​បន្ត​ថា៖ «ដូច​អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់​កាល​ពី​មុន​ថា វា​ត្រូវ​តែ​មាន​ការ​វិនិយោគ​លើ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដើម្បី​ ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច»។

លោក​បន្ត​ថា ទំហំ​នៃ​ក្រុង​រណប ING City នឹង​អនុគ្រោះ​ដល់​ការ​អភិវឌ្ឍ ព្រោះ​តាម​ផែនការ​នៅ​ទីនោះ​នឹង​មាន​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អ ដែល​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ។ ការ​បង្កើត​ឲ្យ​មាន​បរិស្ថាន​រស់​នៅ​ល្អ នឹង​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ក្រុង​រណប ING City ទទួល​ជោគ​ជ័យ៕

Urban Voice Cambodia

Urban Voice Cambodia