express-logo-for-hotnews-15-800x445

តើបារមីខ្នងបង្អែកគេខ្លាំងប៉ុណ្ណា បានជាអាជ្ញាធរខណ្ឌដូនពេញ មិនហ៊ានក្អក?

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព ៖ express.com.kh

សំណង់អគារខុនដូដ៏ស្កឹមស្កៃមួយកន្លែងជារបស់ថៅកែក្លឹបកម្សាន្ត x2 បានសាងសង់រំលោភយកចិញ្ចើមផ្លូវសាធារណៈទាំងបំពានច្បាប់ ប៉ុន្តែអាជ្ញាធរខណ្ឌដូនពេញ និងមន្ត្រីជំនាញសុរិយោដី រាជធានីភ្នំពេញមិនចាត់វិធានការរារាំងទាល់តែសោះ ធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំង។

សំណង់អគារខុនដូដែលកំពុងតែសាងសង់ល្មើសច្បាប់នេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២២២ កែងផ្លូវលេខ៥៥ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សំណង់អគារដ៏ធំនេះត្រូវបានសាងសង់ស្ទើររួចរាល់ហើយ ដោយមានរៀបចំ ចំណតរថយន្តនៅជាន់ក្រោមដី។

តាមការសង្កេតជាក់ស្តែងសំណង់ដ៏ធំ និងមានកម្ពស់១៣ជាន់នេះត្រូវបានសាងសង់ឡើងមិនត្រូវតាមច្បាប់ទេដោយហេតុថា ម្ចាស់សំណង់មិនបានរក្សាទុកទីធ្លាទំនេរ នៅជុំវិញឡើយ ពិសេសសូម្បីតែដីចំណីផ្លូវដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋក៏ម្ចាស់សំណង់រូបនេះទន្ទ្រានយកដែរដើម្បីធ្វើជាច្រកចេញចូលរបស់អគារទៅវិញ។

ផ្ទុយទៅវិញច្រកចេញចូលទាំង២ត្រូវបានសង់ភ្ជាប់ទៅនឹងទ្រូងផ្លូវលេខ២២២ និងផ្លូវលេខ៥៥ ដោយរំលោភយកចំណីផ្លូវសម្រាប់ថ្មើរជើង។ ច្រកទាំងពីរនេះងាយ បង្កគ្រោះថ្នាក់ដល់អ្នកថ្មើរជើងណាស់។

អ្នកដើរតាមចិញ្ចើមផ្លូវទាំង២នេះអាច ធ្លាក់ចូលទៅក្នុងច្រកដ៏ជ្រៅនិងចោតខ្លាំងនេះ។ រីឯអ្នកបើកបរម៉ូតូនិងជិះកង់វិញ ងាយនឹងធ្លាក់ចូលក្នុងច្រកនេះដែរ ព្រោះ តភ្ជាប់ជ្រៅមកដល់ទ្រូងផ្លូវសាធារណៈ ។

ទាំងអ្នកថ្មើរជើង និងអ្នកបើកបរម៉ូតូ ឬជិះកង់ បើធ្លាក់ចូលក្នុងច្រករបស់អគារ ខុនដូនេះហើយនឹងបាក់កស្លាប់ភ្លាមៗជាក់ជាមិនខាន ព្រោះវាចោតខ្លាំងណាស់និងជ្រៅថែមទៀតផង។

បើទោះបីដឹងថា សំណង់ខុនដូ សាងសង់ឡើងមិនត្រូវតាមច្បាប់ និងងាយបង្កគ្រោះថ្នាក់ដល់អ្នកដំណើរក៏ដោយក៏អាជ្ញាធរក្នុងមូលដ្ឋានមិនបានចាត់វិធានការហាមឡើយ ដោយបណ្ដោយឲ្យសំណង់នេះបន្តសាងសង់រហូតដល់កម្ពស់១៣ជាន់។

យោងតាមមាត្រា១៧នៃច្បាប់ស្តីពីការ រៀបចំទឹកដី នគរូបនីយកម្ម និងសំណង់ ដែលរដ្ឋសភាអនុម័តកាលពីឆ្នាំ១៩៩៥ បាន ចែងថា «មិនអនុញ្ញាតឲ្យសាងសង់បើ គម្រោងសាងសង់នោះប៉ះពាល់ដល់សន្តិសុខសាធារណៈ ប៉ះពាល់ដល់បរិស្ថាន ប៉ះពាល់ដល់អនាម័យសាធារណៈ» ។

លោក អោម វុត្ថា ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង ភូមិបាលខណ្ឌដូនពេញបានបញ្ជាក់ថា សំណង់អគាររបស់ X2 ពិតជាបានសង់ រំលោភយកចិញ្ចើមផ្លូវសាធារណៈមែនប៉ុន្តែ លោកបដិសេធមិនបកស្រាយលម្អិត។

ចំណែកលោក ស៊ឹម សុផល អនុប្រធាន ការិយាល័យភូមិបាលខណ្ឌដូនពេញពេលសួរពាក់ព័ន្ធបញ្ហាសំណង់នេះបានឆ្លើយ ទាំងទើសទាល់ថា សំណង់មួយនេះលោកបានដឹងរឿងច្បាស់លាស់ ហើយដឹងថា ពិតជាខុសច្បាប់ទៀតផង ប៉ុន្តែលោកបដិសេធមិនបកស្រាយបញ្ជាក់បន្ថែមឡើយ។

យោងតាមប្រភពពីមន្ត្រីមួយចំនួននៅ ក្នុងសាលាខណ្ឌដូនពេញបានបង្ហើបឲ្យ ថា សំណង់ខុនដូ X2 នេះគឺចាប់សាងសង់ជាយូរមកហើយដោយបានរំលោភយកដីចិញ្ចើមផ្លូវសាធារណៈ ប៉ុន្តែមន្ត្រីខណ្ឌនិងអាជ្ញាធររាជធានីភ្នំពេញ ជាពិសេសមន្ត្រី ជំនាញភូមិបាលមិនហ៊ានបញ្ឈប់ការសាងសង់ឡើយ។

ប្រភពច្បាស់ការណ៍បានប្រាប់ថា ម្ចាស់ សំណង់នេះអាងអំណាចមិនខ្លាចអាជ្ញាធរ ថ្នាក់ក្រោមទេ ហើយកន្លងមកខាងក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចុះមកពិនិត្យមើលរួចម្តងហើយប៉ុន្តែក៏ស្ងាត់ឈឹងរហូតដល់បច្ចុប្បន្ន រីឯសំណង់ ដំណើរការសាងសង់ធម្មតា។

លោក សេង ឡូត ពេលទាក់ទងបាន កាលពីចុងសប្តាហ៍មុនបានបង្វែរសំណួរទៅខាងមន្ត្រីមន្ទីរសុរិយាដី រាជធានីភ្នំពេញ វិញតែមិនអាចទាក់ទងបាន។

លោកស្រី ទៀង ស៊ីឡេង ចៅសង្កាត់ បឹងរាំងបានឲ្យដឹងថា ពាក់ព័ន្ធនឹងសំណង់ X2 ស្ថិតត្រង់ចំណុចកែងផ្លូវលេខ២២២ និងលេខ៥៥ ពិតជាធ្លាប់មានបញ្ហាមែន ប៉ុន្តែអាជ្ញាធរបានដោះស្រាយរួចរាល់ចប់សព្វគ្រប់អស់ហើយ។

លោកស្រីចៅសង្កាត់បន្តថា សំណង់ ខាងលើមន្ត្រីជំនាញភូមិបាលខណ្ឌដូនពេញ ធ្លាប់បានផ្អាកម្តងហើយ លុះក្រោយមកស្រាប់តែដំណើរការសាងសង់វិញជាធម្មតា៕

Leave a Reply