2-3-business1

តើ​អ្នក​វិនិយោគ​អចលនទ្រព្យ​ គួរ​ចាប់​យក​អតិថិជន​មាន​ជីវភាព​មធ្យម​យ៉ាង​ដូច​ម្តេច​?

ប្រភព ៖ ភ្នំពេញបុស្តិ៍

ទីផ្សារអចលនទ្រព្យទំនងជាដល់វដ្តថ្មីមួយនៅពេលក្រុមប្រជាជនមានជីវភាពមធ្យមបានកើនឡើង ទន្ទឹមនឹងការកើនឡើងនូវការវិនិយោគលំនៅដ្ឋានសម្រាប់ប្រជាជនមានជីវភាពថ្នាក់កណ្តាលក៏បានចាប់ផ្តើមជាច្រើននៅជាយក្រុងភ្នំពេញផងដែរ។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកនៃក្រុមហ៊ុន Khmer Foundation Appraisal បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថាចរន្តនៃកំណើនជីវភាពប្រជាពលរដ្ឋ បណ្តាលមកពីកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំ ដែលធ្វើឲ្យក្រុមប្រជាជនមានជីវភាពមធ្យមមានការកើនឡើងជាប្រចាំ និងធ្វើឲ្យប្រជាពលរដ្ឋមានលទ្ធភាពទិញលំនៅឋានកាន់តែច្រើន ពិសេសលំនៅឋានមានតម្លៃមធ្យម ហើយប្រជាជនខ្លះមានផ្ទះរួចហើយ ប៉ុន្តែពួកគេបានទិញលំនៅឋានសម្រាប់កូនចៅរបស់ពួកគេនាពេលអនាគត។

លោកបន្តថា៖ «តម្រូវការលំនៅឋានពិសេសលំនៅឋានសម្រាប់ប្រជាជនមានជីវភាពមធ្យមពិតជាបានកើនឡើង ហើយខ្ញុំសង្កេតឃើញគម្រោងវិនិយោគថ្មីៗមួយចំនួនបានចាប់ផ្តើមចាប់យកអតិថិជនប្រភេទនេះ»។

តាមទិន្នន័យនៃការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថាក្នុងរយៈពេល ១៥ ឆ្នាំខាងមុខគិតចាប់ពីឆ្នាំ ២០១៥ ដល់ ២០៣០ តម្រូវការលំនៅឋានសម្រាប់រាជធានី ក្រុង និងទីប្រជុំជននានាមានប្រមាណ ៨០ ម៉ឺនលំនៅឋានដែលគិតជាមធ្យមមានតម្រូវការប្រមាណ ៥ ម៉ឺនលំនៅឋានក្នុងមួយឆ្នាំ ខណៈចំនួនប្រជាជនរស់នៅរាជធានី ក្រុង និងទីប្រជុំជននៅឆ្នាំ ២០១៤ មានចំនួន ៤,៥ លាននាក់ស្មើនឹង ២៧,១ ភាគរយ និងបន្តកើនឡើងដល់ ៧,៩២ លាននាក់នៅឆ្នាំ ២០៣០ ស្មើនឹង ៤៤ ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប។

នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ថាតម្រូវការលំនៅឋានសម្រាប់ប្រជាជនមានជីវភាពមធ្យម ពិតជាកើនឡើងព្រោះវាជាមូលដ្ឋាននៃតម្រូវការពិតប្រាកដដោយសារប្រជាជនមានជីវភាពមធ្យមមានចំនួនច្រើន និងជាទីផ្សារធំមួយដែលអ្នកវិនិយោគគួរតែចាប់យក។

អ្នកនាងបន្តថា ៖ «ការវិនិយោគលើលំនៅឋានមានតម្លៃទាប និងមធ្យមជាការវិនិយោគត្រឹមត្រូវ និងឆ្លើយតបមូលដ្ឋានទីផ្សារពិតប្រាកដ»។

លំនៅឋានសម្រាប់ប្រជាជនមានជីវភាពមធ្យមមិនមានការកំណត់និយមន័យជាក់លាក់ណាមួយនោះឡើយ ប៉ុន្តែវាទំនងជាលំនៅឋានដែលមានតម្លៃចាប់ពី ២ ដល់ ៦ ម៉ឺនដុល្លារអាមេរិក។

បច្ចុប្បន្នក្រុមហ៊ុន World Bridge Group ដែលជាក្រុមហ៊ុនដំបូងគេផ្តោតលើអ្នកមានជីវភាពមធ្យមកំពុងរៀបចំសាងសង់គម្រោងរបស់ខ្លួនដែលមានតម្លៃផ្ទះចាប់ពី ២ ទៅ ៣ ម៉ឺនដុល្លារ និងក្រុមហ៊ុនមួយចំនួនទៀតដូចជាបុរីពិភពថ្មី គម្រោងទីក្រុង Skyland របស់ក្រុមហ៊ុន Jet Group និងគម្រោងមួយចំនួនទៀតបាន និងកំពុងវិនិយោគលើលំនៅឋានប្រភេទនេះ។

2-3-business2

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជាអគ្គនាយកបុរីវិមានភ្នំពេញលោកឧកញ៉ា លី ហួរ បានថ្លែងថាតម្រូវការលំនៅឋាននៅតែមាននៅឡើយ ប៉ុន្តែការអភិវឌ្ឍលំនៅឋានទទួលជោគជ័យឬអត់ វាអាស្រ័យលើអ្នកវិនិយោគចាប់ផ្តើមវិនិយោគផ្តោតលើក្រុមអតិថិជនប្រភេទណា និងស្ថិតនៅទីតាំងណាព្រោះការសាងសង់លំនៅឋានដែលមានតម្លៃខ្ពស់ វាអាស្រ័យលើទីតាំងប្រសិនជាទីតាំងល្អនឹងទទួលបានជោគជ័យ។

ដូចគ្នាដែរការសាងសង់លំនៅឋានសម្រាប់ប្រជាជនមានជីវភាពមធ្យមក៏មិនអាចយកទីតាំងល្អ និងដីមានតម្លៃថ្លៃខ្ពស់ៗទៅធ្វើបានដែរ។

លោកបន្តថា៖ «ខ្ញុំបានវិនិយោគលំនៅឋានតម្លៃមធ្យមនៅតាមផ្លូវជាតិលេខ ៦A ក្នុងតម្លៃជាង ៣ ម៉ឺនដុល្លារ ហើយទទួលបានជោគជ័យនាពេលនេះ»។

លោកបណ្ឌិត ហុង វណ្ណៈ សាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថាលោកសង្កេតឃើញមាននិន្នាការ ២ នៅក្នុងវិស័យអចលនទ្រព្យបច្ចុប្បន្ននេះទី ១ គម្រោងវិនិយោគដោយជនបរទេស សហការជាមួយអ្នកវិនិយោគក្នុងស្រុក និងទី ២ គម្រោងរបស់អ្នកវិនិយោគក្នុងស្រុកដែលភាគច្រើនពីមុនមកពួកគេផ្តោតលើលំនៅឋានសម្រាប់អ្នកមានជីវភាពមធ្យមឡើងលើ ប៉ុន្តែបច្ចុប្បន្នអ្នកវិនិយោគទាំងនោះបានងាកមកចាប់យកអតិថិជនជាអ្នកមានជីវភាពមធ្យម។

លោកបន្តថា៖ «នៅប្រទេសណាក៏ដូចប្រទេសណាដែរ ចំនួនប្រជាជនមានជីវភាពមធ្យមមានទំហំធំ ហើយពួកគេជាក្រុមប្រជាពលរដ្ឋ ដែលជួយជំរុញកំណើនសេដ្ឋកិច្ច ហេតុនេះពេលមានតម្រូវការធំ ការវិនិយោគលំនៅឋានសម្រាប់ប្រជាជនក្រុមនេះនឹងទទួលបានជោគជ័យ»។

លោកបន្តថា៖ «នៅពេលប្រទេសមួយមានកំណើនសេដ្ឋកិច្ចខ្ពស់ក្រុមប្រជាជនមានជីវភាពមធ្យមក៏មានការកើនឡើង និងធ្វើឲ្យតម្រូវការលំនៅឋានក៏ដូចជាសេវាកម្មផ្សេងៗទៀតកើនឡើងផងដែរ»។

លោកបណ្ឌិត ហុង វណ្ណៈ បានថ្លែងថាជាមួយគ្នានេះវិស័យហិរញ្ញវត្ថុដូចជា ធនាគារ និងមីក្រូហិរញ្ញវត្ថុ គួរជួយសម្រួលលក្ខខណ្ឌនៃការផ្តល់ឥណទានដល់ប្រជាពលរដ្ឋផងដែរ ដើម្បីឲ្យពួកគេកាន់តែមានលទ្ធភាពក្នុងការស្វែងរកលំនៅឋានស្នាក់នៅសមរម្យ៕

Leave a Reply