yem-chhailim

ផ្ទះ ឬ​បន្ទប់​ជួល​សម្រាប់​កម្មករ​រោងចក្រ​ នៅ​តែ​គ្មាន​ស្តង់ដារ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព ៖ ភ្នំពេញបុស្តី៍

កម្មកររោងចក្រកាត់ដេររងការព្រួយបារម្ភពីសំណង់ផ្ទះ ឬបន្ទប់ជួលដែលពួកគេកំពុងរស់នៅប្រចាំថ្ងៃដោយសារពុំមានស្តង់ដារ ខណៈពេលពួកគេកំពុងតស៊ូប្រកបការងារនៅតាមរោងចក្រនានា ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ខ្លួននៅឯតាមខេត្ត។

ឧស្សាហកម្មកាត់ដេរនៅក្នុងប្រទេសកម្ពុជា មានការវិវត្តិគួរឲ្យកត់សម្គាល់ ហើយចំនួនរោងចក្រភាគច្រើននៅតែប្រមូលផ្តុំជុំវិញទីក្រុងនិងជីប្រជុំជនសំខាន់ៗ ស្របពេលដែលកម្មករធ្វើការមកពីទីជនបទក៏ចង់រស់នៅតាមលំនៅឋានមានទីតាំងនៅក្បែរកន្លែងធ្វើការ [រោងចក្រ] ផងដែរ។ ប៉ុន្តែស្តង់ដារសំណង់ជាលំនៅឋានសម្រាប់កម្មករអាចជួលស្នាក់នៅបាននោះពុំមានលក្ខខណ្ឌសមរម្យទេ គឺទាំងនៅក្នុងរាជធានីភ្នំពេញតាមជាយក្រុង និងតាមបណ្តាខេត្តនានា។

ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ មក វិស័យកាត់ដេរនៅប្រទេសកម្ពុជា បានផ្តល់ឱកាសការងារច្រើនដល់ប្រជាជនកម្ពុជា ជាពិសេសស្ត្រីដែលរស់នៅទីជនបទ។ ឧស្សាហកម្មនេះនៅតែរក្សាកំណើនបានល្អ រីឯចំនួនរោងចក្រក៏បានពង្រីកទៅតាមខេត្តខ្លះៗ គឺមិនត្រឹមតែ មានច្រើននៅក្នុងរាជធានីប៉ុណ្ណោះទេ។

ក្នុងរយៈពេលជិត ២០ ឆ្នាំនេះ អ្នកស្រី យ៉ែម ឆៃលីម ដែលមានវ័យ ៣៥ ឆ្នាំ មកពីខេត្តព្រៃវែងបានបម្រើការងារជាកម្មកររោងចក្រកាត់ដេរជាបន្តបន្ទាប់។ សព្វថ្ងៃអ្នកស្រីរស់នៅក្នុងបន្ទប់ជួលជាមួយស្វាមី ដែលមានមុខរបរដូចគ្នា។

អ្នកស្រីបានប្រាប់ពីជីវិតរស់នៅប្រចាំថ្ងៃថា ៖ «ខ្ញុំបានប្រើជីវិតជាកម្មកររោងចក្រជិត២០ឆ្នាំ ហើយការរស់នៅរបស់ខ្ញុំ គឺមិនមានអ្វីល្អប្រសើរនោះឡើយដោយសារយើងខ្វះខាត បានត្រឹមជួលផ្ទះស្នាក់នៅដែលមានតម្លៃថោក»។

ជារៀងរាល់ថ្ងៃក្រោយពីបញ្ចប់ការងារពីរោងចក្រដែលមានចម្ងាយ ប្រហែល១គីឡូម៉ែត្រពីផ្ទះ ឆៃលីម បានធ្វើដំណើរមកផ្ទះដោយថ្មើរជើងនិងដើរឆ្លងកាត់ស្ពានឈើបាក់ បែកប្រវែងជាង ១០០ ម៉ែត្រ ទើបចូលទៅដល់ផ្ទះជួលស្នាក់នៅ។

ស្ថិតក្នុងបន្ទប់ផ្ទះឈើមានដំបូលស័ង្កសីទំហំត្រឹមតែ៦ម៉ែត្រការ៉េ ដែលគ្មានបន្ទប់ទឹក ឆៃលីម និងស្វាមីបន្តថា «ពួកខ្ញុំចំណាយ ៣០ ដុល្លារជួលបន្ទប់រស់នៅដែលពុំមែន ជាសំណង់រឹងមាំទេដោយពេលខ្លះមានក្លិនស្អុយពីសំរាមដែលគេគរចោលនៅខាងក្រោមផ្ទះ»។

អ្នកស្រីបានរំឭកថា ៖ «កាលពីឆ្នាំ ២០០០ ពួកខ្ញុំស្នាក់នៅជាមួយ អ្នកធ្វើការដទៃក្នុងបន្ទប់រួមគ្រាន់តែក្នុងមុងមួយៗផ្សេងៗគ្នាទេ។ ខ្ញុំពិបាកចិត្តនៅពេលដែលមានភ្លៀងទឹកសាចចូលក្នុងបន្ទប់ យើងរង់ចាំទាល់តែរាំងភ្លៀងទើបសម្រាន្តបាន ប៉ុន្តែទោះជាយ៉ាងណាក៏នៅមានកម្មកររោងចក្រខ្លះមានសភាពលំបាកជាងខ្ញុំទៅទៀត»។

អ្នកស្រី ឆៃលីម បន្តថា ៖ «ខ្ញុំតែងប្រាថ្នាចង់បានផ្ទះឈើធំមួយសម្រាប់ការរស់នៅជាមួយក្រុមគ្រួសារនៅឯស្រុកកំណើតប៉ុន្តែរហូតមកទល់ពេលនេះខ្ញុំមិនទាន់មានសមត្ថភាពធ្វើបាននៅឡើយ»។

ថវិការកបានមួយផ្នែកត្រូវសន្សំ សំចៃសម្រាប់ផ្ញើទៅចិញ្ចឹមម្តាយ និងកូនៗកំពុងរៀនសូត្រនៅស្រុកកំណើតហើយគ្រួសាររបស់ ឆៃលីម បានស៊ូទ្រាំរស់នៅក្នុងផ្ទះជួលដែលមានតម្លៃថោកជាសំណង់មិនត្រូវតាមស្តង់ដារឡើយ។

yem-chhailim-01

ផ្ទះជួលនេះមានតែបន្ទប់ទទេទេ។ អ្នកស្រី ឆៃលីម បន្តថា ៖ «ខ្ញុំរស់នៅទីនេះលំបាកមែន ប៉ុន្តែវាហាក់ដូចជាស៊ាំហើយ ដោយសារពួកយើងរស់នៅទីនេះសុទ្ធសឹងតែជាអ្នកមិនមានផ្ទះផ្ទាល់ខ្លួនរស់នៅជាយូរណាស់មកហើយ»។

អ្នកស្រី ឆៃលីម បន្ថែមថា ៖ «ខ្ញុំតែងសង្ឃឹមថា បើសិនរោងចក្រនីមួយៗមានបន្ទប់ស្នាក់នៅសម្រាប់កម្មករមិនដឹងជាសប្បាយចិត្តយ៉ាងណាទេ ប៉ុន្តែតាំងពីខ្ញុំធ្វើការរោងចក្រជិត ២០ ឆ្នាំមកនេះមិនដែល បានកន្លែងស្នាក់នៅបានល្អនោះទេ»។

កម្មកររោងចក្រភាគតិចណាស់ ដែលមានសមត្ថភាពក្នុងការជួលបន្ទប់ដែលស្អាតសមរម្យ និងមានតម្លៃខ្ពស់។ ពួកគេតែងតស៊ូរស់នៅដោយខ្លួនឯង សន្សំសំចៃសម្រាប់ចំណាយទៅទ្រទ្រង់ជីវភាពគ្រួសារនៅឯស្រុកកំណើត ដូច្នេះជម្រើសដែលល្អបំផុតគឺពួកគាត់រស់នៅតាមបន្ទប់ជួលថោកៗ។

ចំណែកអ្នកស្រី ជា សុខលាង វ័យ ៤២ ឆ្នាំ មកពីខេត្ត ព្រៃវែង ជាកម្មកររោងចក្រកាត់ដេរផ្សេងទៀត នៅសង្កាត់ចាក់អង្រែលើបានប្រាប់ ពីផលលំបាកក្នុងការរស់នៅផ្ទះជួលថា អ្នកស្រីទើបតែធ្វើការរោងចក្របាន២ឆ្នាំប៉ុណ្ណោះ ហើយការរស់នៅផ្ទះជួលគឺជួបបញ្ហាចោទច្រើនសម្រាប់ពួកគាត់ដែលមានប្រាក់ចំណូលទាប។

អ្នកស្រី សុខលាង បន្តថា ៖ «បើសិនជាមានផ្ទះជួលមួយសមរម្យដែលមានបន្ទប់ទឹក និងបរិយាកាសល្អ យើងពិតជាអាចរស់នៅដោយរីករាយ និងប្រកបដោយផាសុកភាព»។

អ្នកស្រី សេង នី ម្ចាស់ផ្ទះជួលម្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍អចលនទ្រព្យថា ផ្ទះជួលរបស់គាត់មាន២០បន្ទប់ ដោយជួលក្នុងតម្លៃ ៤០ ដុល្លារ ១ បន្ទប់ក្នុង ១ ខែសម្រាប់កម្មកររោងចក្រនៅក្បែរៗនេះ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំព្យាយាមសាងសង់បន្ទប់ដែលមានទំហំធំល្មមដែលមានបន្ទប់ទឹក រៀងៗខ្លួន ពីព្រោះចង់ផ្តល់ឲ្យពួកគេមានទីធ្លា អនាម័យ និងសុវិត្ថភាពសម្រាប់អ្នកស្នាក់នៅ»។

yem-chhailim-house

អ្នកស្រីបន្តថា ទោះបីជាបន្ទប់ជួលទាំងអស់នោះមិនទាន់ស្របតាមស្តង់ដារសំណង់មែន ប៉ុន្តែ«បន្ទប់របស់យើងមានភាពល្អប្រសើរជាងកន្លែងផ្សេងទៀតដែលយើងបានធ្លាប់ឃើញដោយការរស់នៅរបស់ពួកគេដូចសំណង់អនាធិបតេយ្យ»។

អ្នកស្រីបន្ថែមថា ៖ «ខ្ញុំបានដឹង ពីសំណង់ដែលមានស្តង់ដារហើយ ខ្ញុំចង់ជួយកម្មកររោងចក្រឲ្យមានកន្លែងរស់នៅដែលមានស្តង់ដារ ប៉ុន្តែសំណង់បែបនោះត្រូវការចំណាយច្រើន ហើយពួកគាត់មិនមានសមត្ថភាពក្នុងការជួលបន្ទប់ដែលមានតម្លៃខ្ពស់នោះទេ»។

តាមរយៈបទពិសោធចាប់តាំងពីឆ្នាំ ២០០០ រហូតដល់សព្វថ្ងៃ លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា (CATU) មានប្រសាសន៍ថា លំនៅឋានជួលស្នាក់នៅរបស់កម្មកររោងចក្រនៅតែមានស្ថានភាពលំបាករួមទាំង ការហូបចុក និងស្ថានភាពរស់នៅរបស់គ្រួសាររបស់ពួកគេ»។

រោងចក្រខ្លះបានផ្តល់ជាកន្លែងស្នាក់នៅដល់កម្មកររោងចក្រ ប៉ុន្តែរោងចក្រមួយចំនួនធំដែលមិនមានកន្លែងស្នាក់នៅ ប្រកបដោយស្តង់ដារនៅឡើយទេ វាក៏បង្កភាពលំបាកដល់កម្មករ ដែលធ្វើការថែមម៉ោងដោយសារស្ថានភាពអសនិ្តសុខ គ្មានភ្លើងបំភ្លឺនៅតាមផ្លូវទៅផ្ទះជាដើម ហើយភាគច្រើននៃពួកគាត់បានប្រើបន្ទប់ទឹករួមគ្នាដែលបង្កឲ្យខ្វះអនាម័យ។

លោកស្រី សុភ័ណ្ឌ បន្ថែមថា បើចង់ឲុ្យកម្មកររស់នៅប្រកបដោយស្តង់ដារ និងផាសុកភាព រាជរដ្ឋាភិបាល ឬម្ចាស់សំណង់គួរគិតពីភាពធំទូលាយ បរិយាកាសជុំវិញ បន្ទប់ស្នាក់នៅត្រូវមានបន្ទប់ទឹករក្សាសុវិត្ថភាពតាមដងផ្លូវដោយដាក់ភ្លើងបំភ្លឺ និងមិនមានសំរាមពាសវាលពាសកាល។

ឧទាហរណ៍ជាក់ស្តែងបញ្ហាចោទពីសំណង់រស់នៅរបស់កម្មករដោយសារនៅពេលដែលម្ចាស់ផ្ទះសាងសង់សំណង់ដែលមានស្តង់ដារ ប៉ុន្តែកម្មករក៏មិនមានលទ្ធភាពក្នុងការជួលក្នុងតម្លៃថ្លៃលើសពីការចំណាយរបស់ពួកគាត់ ដូច្នេះគឺមានតែបន្ធូរតម្លៃចំណាយសម្រាប់សំណង់បន្ទប់ដែលមានលក្ខណៈស្តង់ដារ។

បើទោះបីជាតួលេខនៃប្រាក់ឈ្មួលគោលរបស់កម្មករមានការកើនឡើងដល់ ១៥៣ ដុល្លារ ក្នុង ១ ខែ ប៉ុន្តែការចំណាយក៏ខ្ពស់ដោយសារទំនិញផ្សេងៗឡើងថ្លៃ។

លោកស្រី សុភ័ណ្ឌ បន្តថា ៖ «ជាទូទៅសហជីពបានជួយចងក្រងពួកគាត់ជាក្រុមឲ្យទទួលបានលក្ខខណ្ឌការងារដែលល្អពីការរស់នៅរបស់កម្មករ»។

«យើងមានច្បាប់ផ្ទះជួលដែលនិយាយពីស្តង់ដារនៃផ្ទះជួលសម្រាប់កម្មកររោងចក្រ ប៉ុន្តែខ្ញុំមើលទៅវាហាក់ដូចជាមិនទាន់មានការអនុវត្តទូលំទូលាយទេ ហើយពួកគេហាក់ដូចជាមិនទាន់យល់ពីពាក្យពេចន៍នៃច្បាប់ដែលស្ថិតក្នុងសេចក្តីប្រកាសរបស់ក្រសួងការងារនោះទេ»៕

0

 

Leave a Reply