10-7-026

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ព្រះ​សីហ​នុ គ្រោង​ចាប់ផ្តើម​ចុងឆ្នាំ​នេះ

ប្រភព ៖ កោះសន្តិភាព

គម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ គ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ដែលនឹងក្លាយជាផ្លូវល្បឿនលឿនលើកដំបូង និងជាប្រវត្តិសាស្ត្រនៅកម្ពុជា ។

លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៨ កក្កដា ថា តាមគម្រោងការសាងសង់ នឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ប្រសិនជាការចរចាវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគសាងសង់ផ្លូវនេះបញ្ចប់តាមការគ្រោងទុក ។

លោកបន្តថា ផ្លូវប្រវែង១៩០គីឡូម៉ែត្រនេះ គ្រោងនឹងចំណាយថវិកាសាងសង់ចំនួន១៩០០លានដុល្លារអាមេរិក ។ ផ្លូវនេះជាប្រភេទផ្លូវល្បឿនលឿន ដែលមានគន្លងរថយន្តអាចបើកបរបានពីរខ្សែ ទាំងទៅទាំងមក ។

លោកបន្តថា ៖« បច្ចុប្បន្នផ្លូវជាតិលេខ៤ចង្អៀតហើយ ហេតុនេះការវិនិយោគលើផ្លូវនេះពិតជាដំណោះស្រាយដ៏ល្អសម្រាប់សម្រួលការដឹកជញ្ជូន កាត់បន្ថយពេលវេលាលើការធ្វើដំណើរ និងកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន » ។ លោកថា ៖« ខេត្តព្រះសីហនុជាដង្ហើមសេដ្ឋកិច្ចរបស់ជាតិ ហេតុនេះការសាងសង់ផ្លូវនេះ នឹងជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ » ។

លោកសូរិយាបានបន្តថា នៅពេលផ្លូវនេះសាងសង់ចប់ នឹងមិនមានចំណុចឆ្លងកាត់ច្រើននោះទេ ហើយម៉ូតូតូចៗ មិនអាចបើកបរបានឡើយ ពិសេសនឹងមានការបិទរបងដែលមិនអាចឲ្យសត្វ ពាហនៈ ឆ្លងកាត់បានឡើយ ។ លោកបន្តថា ផ្លូវនេះស្ថិតនៅភាគខាងជើងនៃផ្លូវជាតិលេខ៤បច្ចុប្បន្ន ប៉ុន្តែលោកមិនបានបញ្ជាក់ឲ្យដឹងលម្អិតនោះទេ ។

ពាក់ព័ន្ធនឹងការដឹកជញ្ជូននៅកម្ពុជាដែលមានតម្លៃថ្លែជាងបណ្តាប្រទេសក្នុងតំបន់ លោកវ៉ា ស៊ីមសូរិយា បានថ្លែងថា វាមានកត្តាជាច្រើនដែលធ្វើឲ្យតម្លៃដឹកជញ្ជូននៅកម្ពុជាថ្លៃជាងប្រទេសជិតខាង ដូចជា ការវិនិយោគ ការនាំចូលទំនិញ តម្លៃប្រេងថ្លៃ និងនីតិវិធីធ្វើការងារនៅកម្ពុជាមានលក្ខណៈស្មុគស្មាញច្រើន ។

លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជារឿងចាំបាច់ណាស់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រោះប្រសិនជាចង់ឲ្យសេដ្ឋកិច្ចរីកចម្រើនបន្ថែមទៀត យើងត្រូវបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែង ប៉ុន្តែទាមទារឲ្យមានការបង្កើនល្បឿនវិនិយោគបន្ថែមទៀត ។

លោកថ្លែងថា ៖« ប្រសិនជាមិនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចរបស់យើងនៅតែប៉ុណ្ណឹង ដូច្នេះដើម្បីសេដ្ឋកិច្ចយើងរីកចម្រើន និងឈានទៅដំណាក់កាលថ្មី ការវិនិយោគលើ ហេដ្ឋា រចនា សម្ព័ន្ធ គឺជារឿងមិនអាចខ្វះបាន »៕

10-7-025

Leave a Reply