មន្ត្រី​ព្រមាន​ ផាកពិន័យ​អ្នក​បោះចោល​សំរាម ​ក្នុង​ពិធីបុណ្យ​អុំទូក
Posted On : វិច្ឆិកា, 15, 2018 | By សំឡេងទីក្រុង

ភ្នំពេញៈ ក្រសួង​បរិស្ថាន​នឹង​ដាក់​ពង្រាយ​មន្ត្រី និង​យុវជន​ស្ម័គ្រចិត្ត​ប្រមាណ ៣០០ នាក់ ដើម្បី​ដើរ​ត្រួតពិនិត្យ និង​អប់រំ​ពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​ផលប៉ះពាល់​ដោយសារ​ការបោះ​ចោល​សំរាម​ជាមួយ​នឹង​ការព្រមាន​ផាកពិន័យ ចំពោះ​អ្នក​បោះចោល​សំរាម ខណៈ​ក្រុមហ៊ុន​ស៊ិនទ្រី​នឹង​ដាក់​ពង្រាយ​កម្មករ​ចំនួន ២៧៤ ​នាក់ និង​ឡាន​ចំនួន ៤៥ គ្រឿង​ដើម្បី​ប្រមូល និង​ដឹក​សំរាម​នៅក្នុង​ពិធីបុណ្យ​អុំទូក​រយៈពេល​ ៣ ​ថ្ងៃ​។

លោក នេត្រ ភក្ត្រា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រសួង​បរិស្ថាន​ក៏​ដូចជា​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​យក​ចិត្ត​ទុកដាក់​ខ្ពស់​លើ​អនាម័យ​បរិស្ថាន និង​សោភណភាព​រាជធានី​នៅក្នុង​ពិធីបុណ្យ​អុំទូក​ដែល​មាន​ប្រជាពលរដ្ឋ​ច្រើន​មក​ចូលរួម​។

លោក​បន្ត​ថា​មន្ទីរ​បរិស្ថាន រាជធានី​មាន​យុវជន​ស្ម័គ្រចិត្ត​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សសយក​) ក៏​ដូចជា​មន្ត្រី​នានា​ប្រមាណ ៣០០ នាក់​នឹង​ចុះ​ផ្សព្វផ្សាយ​អប់រំ​ពី​ផលប៉ះពាល់​នៃ​សំណល់​រឹង​សំរាម​ទៅ​លើ​បរិស្ថាន​។

លោក​ថ្លែង​ថា​៖ «​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​មាន​អ្នក​ស្ម័គ្រចិត្ត​ជា​យុវជន ស.ស.យ.ក ក៏ដូចជា​មន្ត្រី​នានា​ប្រមាណ ៣០០ នាក់​នឹង​ចុះ​ផ្សព្វផ្សាយ​អប់រំ​ពី​ការគ្រប់គ្រង​សំណល់​រឹង​សំរាម​ដល់​អាជីវករ ប្រជាពលរដ្ឋ​ឱ្យ​វេចខ្ចប់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ និង​ទុកដាក់​សំរាម​នៅ​ក្នុង​ធុង​សំរាម​ដែល​អាជ្ញាធរ​បាន​ដាក់​នៅ​តាម​ទីតាំង​នានា​​រយៈពេល ៣ ថ្ងៃ​នៃ​ពិធី​បុណ្យអុំទូក​។ តាម​ការគ្រោង​ទុក​ធុង​សំរាម​យ៉ាង​ហោចណាស់ ២០០០ ទាំង​តូច​ទាំង​ធំ​នឹង​ត្រូវ​ដាក់​តាម​ទីតាំង​នានា​នៃ​កន្លែង​ប្រារព្ធ​ពិធី​»​។

លោក​បន្ថែម​ថា​ក្រុម​មន្ត្រី​បរិស្ថាន​រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​នឹង​ដើរ​ត្រួតពិនិត្យ​ជាក់ស្តែង​ហើយ​ប្រសិន​បើ​កន្លែង​ណា​ដែល​មាន​សំរាម​ពេញ​ធុង​នឹង​ស្នើ​អន្តរាគមន៍​ពី​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិនទ្រី​ចាត់ចែង​ដើម្បី​កុំ​ឱ្យ​មាន​ការ​កកស្ទះ​សំរាម​។ ការថែរក្សា​អនាម័យ​បរិស្ថាន​ជា​ភារកិច្ច​របស់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ហើយ​ចំពោះ​អ្នក​ដែល​ចោល​សំរាម​ធ្ងន់ធ្ងរ​នឹង​ប្រឈមមុខ​នឹង​ការផាក​ពិន័យ​តាម​ច្បាប់​។

លោក ភក្ត្រា បាន​អំពាវនាវ​ថា​៖ «​សូម​បងប្អូន​ដែល​មក​ទស្សនា​ពិធីបុណ្យ​អុំទូក​ត្រូវ​ទុកដាក់​វេចខ្ចប់​សំរាម​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​។ យើង​ប្រើប្រាស់​វិធានការ​អប់រំ​ណែនាំ​ជា​ចម្បង ហើយ​បើ​ពិនិត្យ​ឃើញ​ការបំពុល​ធ្ងន់ធ្ងរ​នោះ​នឹង​ត្រូវ​ផាកពិន័យ​តាម​ច្បាប់​»​។

លោក ខៀវ វុទ្ធី បុគ្គលិក​ក្រុមហ៊ុន​ស៊ិនទ្រី​បាន​ឲ្យ​ដឹងថា ក្នុង​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ ក្រុមហ៊ុន​ស៊ិនទ្រី​នឹង​ដាក់​ពង្រាយ​កម្លាំង​កម្មករ​ចំនួន​ ៤៧៤ ​នាក់​ឡាន​ដឹក​សំរាម​ចំនួន ៤៥ គ្រឿង រទេះ​អូស​ ១០០ ​គ្រឿង និង​មាន​កញ្ឆេ​ចំនួន ១០២០ ដើម្បី​ប្រមូល និង​ដឹក​សំរាម​។

បើ​តាម​លោក វុទ្ធី នៅក្នុង​ពិធី​បុណ្យ​រយៈពេល ៣ ​ថ្ងៃ​នេះ​ក្នុង​មួយ​ថ្ងៃ​អាច​នឹង​មាន​សំរាម​ប្រមាណ​ពី ១០០ ទៅ​ ១៥០ ​តោន​។ លោក​បន្ត​ថា​៖ «​យើង​រៀបចំ​សម្ភារ​នេះ​អាច​ប្រមូល​បាន​លើសពី ៣០០ តោន​។ យើង​រៀប​ចំនេះ​ដើម្បី​ពន្លឿន​ការប្រមូល​សំរាម​របស់​យើង​។ កាលពី​មុន​យើង​ប្រមូល​ពី ៦ ទៅ ៧ ម៉ោង តែ​ពេល​នេះ​យើង​នឹង​ប្រមូល​ពី​ ២ ​ទៅ​ ៣ ​ម៉ោង​តែ​ប៉ុណ្ណោះ ដោយសារ​យើង​មាន​បទពិសោធ​ច្រើន​ឆ្នាំ​។ យើង​អាច​អនុវត្ត​បាន​ដោយ​រលូន​​ ប៉ុន្តែ​ត្រូវ​មាន​ការចូលរួម​ពី​មន្ទីរ​រៀបចំ​សណ្តាប់ធ្នាប់​ដើម្បី​ឲ្យ​ក្រុម​ការងារ​ខ្ញុំ​ងាយស្រួល​ប្រមូល​សំរាម​»​។

លោក​បន្ថែម​ថា​ដើម្បី​ងាយស្រួល​ក្នុង​ការប្រមូល​សំរាម​ ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ និង​អ្នក​លក់ដូរ​ដែល​គ្រោង​នឹង​ចូលរួម​ពិធីបុណ្យ​អុំទូក​នេះ​ហើយ​ថា ដោយសារ​មាន​ការ​ចូលរួម​ពី​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើឲ្យ​ការប្រមូល​សំរាម​នេះ​កាន់តែ​មាន​ប្រសិទ្ធភាព​។

លោក​បន្ថែម​ថា​៖ «​ប្រជាពលរដ្ឋ​ និង​អ្នក​លក់ដូរ​ត្រូវ​វេចខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ចៀសវាង​យើង​យក​បោះចោល​ក្រៅ​ធុង​សំរាម​…​យើង​ប្រើប្រាស់​សម្ភារ និង​កម្លាំង​ច្រើន​ជាង​ឆ្នាំ​មុន​ប្រហែល ៣០ ​ភាគរយ​»​។

យោង​តាម​មាត្រា ៤២ នៃ​អនុក្រឹត្យ​ស្ដីពី​ «​ការគ្រប់គ្រង​សំរាម សំណល់​រឹង​នៅ​ទីប្រជុំជន​» ​អ្នកដំណើរ អ្នកទេសចរ ដែល​បោះចោល​សំរាម​នៅ​ទីសាធារណៈ តាម​ដងផ្លូវ ទីវាល ដី​កម្មសិទ្ធិ​ ឬ​ទី​ដែល​រដ្ឋបាល​រាជធានី ក្រុង ស្រុក ខណ្ឌ ហាមឃាត់​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន ២ ម៉ឺន​រៀល ហើយ​ត្រូវ​ប្រមូល​សម្អាត​សំរាម​ដែល​ខ្លួន​ចោល​នោះ​យក​ទៅ​ដាក់​ក្នុង​ធុងសំរាម ហើយ​បើ​មិន​រាងចាល​ត្រូវ​ទទួល​ការពិន័យ​ប្រាក់​ទ្វេដង​នៃ​ប្រាក់​លើក​មុន​។

ទាក់ទង​នឹង​បញ្ហា​សន្តិសុខ​វិញ​លោក​ ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ឆ្នាំ​នេះ​ចំនួន​ទូក​ដែល​ចូលរួម​ប្រណាំង​ជិត ៣០០ ទូក និង​កីឡាករ​ជិត​ ២ ​ម៉ឺន​នាក់​។

លោក​បន្ត​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ-អន្តរជាតិ​រួម​នឹង​សាលា​រាជធានី​តែងតែ​យក​ចិត្ត​ទុកដាក់​ខ្ពស់​មុន​គេ​គឺ​សន្តិសុខ និង​សណ្តាប់ធ្នាប់​។ ប៉ុន្តែ​ចំនួន​កម្លាំង​សន្តិសុខ​នៅ​មិន​ទាន់​អាច​ជម្រាប​ជូន​បាន​នោះ​ទេ ព្រោះ​វា​ជា​ការងារ​សន្តិសុខ​។

លោក​ថ្លែង​ថា​៖ «​ជម្រាប​ជូន​សាធារណជន​ថា កុំ​បារម្ភ​ព្រោះ​ការងារ​សន្តិសុខ​នេះ គណៈកម្មាធិការ​គិតគូរ​រៀបចំ​ទាំង​កម្លាំង ទាំង​មធ្យោបាយ​ការកសាង​ផែនការ​របស់​យើង​បែងចែក​តាម​តំបន់​ផ្សេងៗ​យ៉ាង​ល្អិតល្អន់​។ ទាំងអស់​ហ្នឹង​សំដៅ​ឲ្យ​ពលរដ្ឋ​យើង​សប្បាយរីករាយ​ហើយ​មាន​សុវត្ថិភាព​ថែម​ទៀត​»​។

លោក​នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កម្លាំង​ការពារ​សន្តិសុខ​ត្រូវ​បាន​រៀបចំ​រួច​អស់​ហើយ​ដែល​រួមមាន​នគរបាល កងរាជអាវុធហត្ថ និង​យោធា​ជាដើម​។ ប៉ុន្តែ​ចំនួន​កម្លាំង​សរុប​នោះ នៅ​មិន​ទាន់​អាច​ជម្រាប​បាន​នោះ​ទេ​៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

សំឡេងទីក្រុង!

សំឡេងទីក្រុង!