wwf_original_ww222125_min_2_min_19241

ចាប់​ពី​ថ្ងៃ​២​សីហាទៅ​ មនុស្សជាតិរស់​ក្នុង​បំណុលរបស់​​ភព​ផែនដី

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព ៖ វិទ្យុបារាំង

ថ្ងៃទី២សីហានេះ ជាថ្ងៃដែលមនុស្សជាតិរស់នៅដោយប្រើប្រាស់ធនធានធម្មជាតិលើសពីអ្វីដែលភពផែនដីមានសមត្ថភាពផលិតបានក្នុងមួយឆ្នាំ។ ចាប់ពីថ្ងៃនេះទៅ រហូតដល់ថ្ងៃទី៣១ធ្នូ ធនធានធម្មជាតិដែលយើងប្រើប្រាស់ គឺជាធនធានបម្រុង។ ធនធានបម្រុងក៏នឹងត្រូវអស់ហិនហោចនៅថ្ងៃណាមួយ ប្រសិនបើមនុស្សជាតិបន្តប្រើប្រាស់ធនធានធម្មជាតិលើសសមត្ថភាពផលិតរបស់ភពផែនដី។ បើតាមការសិក្សា ចំនួនថ្ងៃដែលមនុស្សប្រើ

ប្រាស់ធនធានធម្មជាតិផលិតដោយផែនដីក្នុងមួយឆ្នាំៗ មានកាន់តែខ្លីទៅៗជាលំដាប់ គិតចាប់តាំងពីឆ្នាំ១៩៧០មក។

មនុស្សសត្វគ្រប់រូប សុទ្ធតែមានកំរិតសមត្ថភាពរបស់ខ្លួន ក្នុងការធ្វើ ឬផលិតអ្វីមួយ ! ធម្មជាតិក្រោមដីលើដី ទឹកប្រេងខ្យល់ រុក្ខាលកវល្លិ៍ ពោលគឺ ភពផែនដីទាំងមូល ក៏មានសមត្ថភាពលូតលាស់ ផលិត របស់ខ្លួន ក្នុងកំរិតច្បាស់លាស់ណាមួយដែរ ! ប៉ុន្តែអ្វីដែលភពផែនដីអាចផលិតបានក្នុងរយៈពេលមួយឆ្នាំ២០១៧នេះ អាចយកបម្រើតម្រូវការមនុស្សជាតិបានត្រឹមតែ៧ខែ ត្រឹមថ្ងៃទី ២ សីហានេះប៉ុណ្ណោះ។ មនុស្សជាតិ បានប្រើអស់រលីងនូវអ្វីដែលធម្មជាតិមានសមត្ថភាពផលិត ក្នុងរយៈពេលមួយឆ្នាំ។ ដូច្នេះពីថ្ងៃនេះទៅដល់ថ្ងៃ៣១ធ្នូ ដើម្បីអាចរស់ ដើម្បីអាចមានទឹកហូប មានអាហារបរិភោគ អាចធ្វើបំល្លាស់ទី ឬអាចមានថាមពលប្រើបាន មនុស្សជាតិត្រូវយកឈ្នះប្រព័ន្ធអេកូសាស្ត្រ បង្កើនការផលិតបង្ខំផែនដីឱ្យប្រឹងធ្វើអ្វីដែលហួសពីសមត្ថភាពធម្មជាតិរបស់ពួកគេ ពោលគឺទៅយកធនធានបម្រុងរបស់ផែនដីមកប្រើ។

វិទ្យាស្ថានស្រាវជ្រាវអន្តរជាតិមានទីស្នាក់ការនៅ Oakland សហរដ្ឋអាមេរិក Global Footprint Network បានសិក្សាគណនា ជារៀងរាល់ឆ្នាំ ថ្ងៃដែលមនុស្សជាតិប្រើអស់ធនធានធម្មជាតិនៃភពផែនដី ដោយសំអាងលើទិន្នន័យជាង ១៥០០០របស់អង្គការសហប្រជាជាតិ។ វិទ្យាស្ថានបានធ្វើការសិក្សាដោយប្រើវិធីគណនាយ៉ាងសាមញ្ញអំពីទំនួលខុសត្រូវរបស់មនុស្សនិងបរិស្ថាន តែមិនបានបូកការប្រើប្រាស់ទឹក ការបំផ្លាញព្រៃឈើ ឬធនធានក្រោមដីទេ។ ហេតុដូច្នេះហើយបានជាមានពាក្យរិះគន់ថា ការសិក្សានេះមិនពេញលេញ។ ប៉ុន្តែសមហេតុផលបំផុតក្នុងការដាស់តឿនមតិសាធារណៈទូទៅ។

ចំនួនថ្ងៃដែលមនុស្សជាតិប្រើប្រាស់ធនធានធម្មជាតិហួសពីសមត្ថភាពផលិតរបស់ភពផែនដី កើនឡើងជាលំដាប់

វិទ្យាស្ថានបានប្រៀបធៀបស្នាមបរិស្ថានរបស់មនុស្សដែលវាស់វែងអំពីកំរិតប្រើធនធានធម្មជាតិ ជាមួយនឹងជីវៈសមត្ថភាពផលិតរបស់ភពផែនដី ពោលគឺសមត្ថភាពស្ថាបនាធនធានបម្រុងនិងសមត្ថភាពស្រូបឧស្ម័នផ្ទះកញ្ចក់ ក្នុងមួយឆ្នាំៗ។ លទ្ធផលបានបង្ហាញថា តម្រូវការមនុស្សមានច្រើនជាងធនធានដែលមានដល់ទៅ៧០%។ និយាយបែបផ្សេង ដើម្បីឆ្លើយតបនឹងតម្រូវការរបស់មនុស្សជាតិ គេគួរតែមានភពផែនដី ១,៧។

ការសិក្សាបានបង្ហាញទៀតថា យើងកាប់ដើមឈើក្នុងល្បឿនលឿនជាងដុះលូតលាស់នៃព្រៃ ! យើងបរិភោគច្រើនជ្រុល ទៅចាប់ត្រីពីសមុទ្ទច្រើនជាងចំនួនត្រីកើតក្នុងមួយឆ្នាំៗ ហើយយើងបញ្ចេញឧស្ម័នពុលនៅក្នុងបរិយាកាសច្រើនខ្លាំងដែលព្រៃនិងសមុទ្ទមិនអាចស្រូបអស់។ ការនេះបានបង្កផលវិបាកយ៉ាងខ្លាំងដល់ភពផែនដីទាំងមូល កាប់ព្រៃធ្វើឱ្យថយនិងផុតពូជជីវចម្រុះ ខ្សោះទឹក សមុទ្ទលែងសូវប្រៃ ដីច្រោះ សម្រាមកើនឡើងគជាភ្នំ ការចិញ្ចឹមសត្វបង្កើនឧស្ម័នកាបូនិចក្នុងបរិយាកាស។

កាលពីឆ្នាំ១៩៦១ ផែនដីមានសល់ផលធនធានធម្មជាតិ។ មនុស្សលោកប្រើប្រាស់តែបីភាគបួននៃធនធានធម្មជាតិផលិតដោយភពផែនដីប៉ុណ្ណោះ។ តែចាប់ពីឆ្នាំ ១៩៧០មក មនុស្សជាតិចាប់ផ្តើមជាប់បំណុលភពផែនដី។ នៅឆ្នាំ១៩៨៥ សមត្ថភាពផលិតរបស់ភពផែនដីអាចចិញ្ចឹមមនុស្សបានត្រឹមថ្ងៃទី ៥ វិច្ឆិកា – ១តុលានៅឆ្នាំ១៩៩៨- ២០សីហា នៅឆ្នាំ២០០៩- ១៩សីហា នៅឆ្នាំ២០១៤ -៨សីហានៅឆ្នាំ២០១៦។ ថ្វីបើនៅទសវត្សរ៍ចុងក្រោយល្បឿននៃកើនថ្ងៃបំណុលមិនសូវលឿនខ្លាំងមែន ប៉ុន្តែប្រសិនតែនៅបន្តដូច្នេះទៀត នោះគេត្រូវរកភពផែនដីមួយទៀតហើយនៅឆ្នាំ២០៣០ ទើបអាចឆ្លើយតបនឹងសេចក្តីត្រូវការ ក្នុងមួយឆ្នាំៗរបស់មនុស្សបាន។

តើនរណាប្រើប្រាស់ធនធានផែនដីជាងគេ?

បើតាមវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិទទួលបន្ទុកសិក្សាលើបញ្ហានេះ គឺក្រុមប្រទេសអភិវឌ្ឍន៍ និងជឿនលឿន ជាអ្នកមានចំណែកទទួលខុសត្រូវខ្លាំងជាងគេ ដល់៥ដងលើសប្រទេសក្រីក្រ។ ជាមួយនឹងរបៀបរបបរស់នៅរបស់ជនជាតិអាមេរិកឬអូស្ត្រាលី គេត្រូវការមានភពផែនដីដល់ទៅ៥ឯណោះដើម្បីរស់។ ទម្លាប់រស់នៅរបស់បារាំងវិញ គេត្រូវរកផែនដីពីរទៀតមកបន្ថែម ហើយបើរស់តាមបែបចិន គេមានភពផែនដីជាងពីរ និងប្រសើរបំផុតគឺខ្សែជីវិតឥណ្ឌា ដែលហូបអស់ធនធានធម្មជាតិពិភពលោកតែ៦០%ប៉ុណ្ណោះ។

បើប្រៀបធៀបនឹងធនធានធម្មជាតិជាតិវិញ ជប៉ុនត្រូវការមានប្រទេសធំជាងសព្វថ្ងៃ៧ដងដើម្បីបំពេញតម្រូវការប្រជាជន អ៊ីតាលីនិងអង់គ្លេសត្រូវការមានប្រទេសធំជាងបួនដង។

តើគេអាចប្តូរនិន្នាការនេះ បានដែរឬទេ ?

ប្រសិនបើយើងចង់ឱ្យមានលំនឹងរវាងការប្រើប្រាស់ធនធានធម្មជាតិរបស់មនុស្សជាតិ និងការផលិតបានរបស់ភពផែនដីក្នុងមួយឆ្នាំៗ នៅឆ្នាំ២០៣០ គេត្រូវចាប់ផ្តើមកាត់បន្ថយចំនួនថ្ងៃជំពាក់ផែនដី បួនថ្ងៃកន្លះក្នុងមួយឆ្នាំ។

បើតាមការសិក្សា ជាបឋម យើងត្រូវកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលជាដើមហេតុនៃបញ្ហាប៉ះពាល់បរិស្ថានពិភពលោកដល់ទៅ៦០%។ បើពិភពលោកអាចកាត់បន្ថយការបញ្ចេញឧស្មមន័កាបូនិកបាន៥០% នោះគេនឹងអាចចំណេញថ្ងៃប្រើប្រាស់ធនធានធម្មជាតិស្របតាមកម្លាំងផែនដីបានបីខែ។

បន្ទាប់មកត្រូវកំរិតការឡើងកម្តៅនៃភពផែនដី ស្របតាមកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស ដើម្បីជីវចម្រុះអាចដុះលូតលាស់បានត្រឹមត្រូវនិងមានលំនឹង។ បញ្ឈប់ការកាប់ព្រៃឈើ និងប្តូរទម្លាប់រស់នៅ កាត់បន្ថយការទទួលទានសាច់ ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយចំណីអាហារ ប្រកាន់ខ្ជាប់ការធ្វើកសិកម្មសរីរាង្គ កសិកម្មមិនចេះរីងស្ងួត៕

Leave a Reply