2-6-016

នារី​រោងចក្រ​កាត់ដេរ​ម្នាក់​ស្លាប់ និង​ ២៧ ​នាក់​សន្លប់​សង្ស័យ​ពុល​ថ្នាំ

ប្រភព ៖ ភ្នំពេញបុស្តិ៍

ក្រុមសមត្ថកិច្ចបានកំពុងធ្វើការស្រាវជ្រាវស្វែងរកពីមូលហេតុដែលបានបណ្ដាលឲ្យកម្មការិនីម្នាក់ស្លាប់ និង ២៧ នាក់ទៀតបានដួលសន្លប់កាលពីរសៀលថ្ងៃពុធដោយសង្ស័យបណ្ដាលមកពីពុលថ្នាំជ្រលក់ក្រណាត់។ យោងតាមនគរបាលមូលដ្ឋានដែលបានថ្លែងឲ្យដឹងកាលពីម្សិលមិញ។

លោក តឹប ប៊ុនថេន នាយនគរបាលប៉ុស្តិ៍សង្កាត់ក្រាំងពង្របានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថាកម្មការិនីរងគ្រោះឈ្មោះ ខាត់ សាមើល អាយុ ៤៣ ឆ្នាំបម្រើការងារផ្នែកដេរនៅក្នុងរោងចក្រកាត់ដេរអាកាសសិត (Accasette Garment Co; Ltd) ដែលមានទីតាំងស្ថិតនៅសួនវឌ្ឍនៈ ២ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថាតាមការអះអាងជនរងគ្រោះបានស្លាប់ពេលដឹកទៅដល់គ្លីនិកឯកជនមួយនៅខណ្ឌពោធិ៍សែនជ័យ។

ក្រោយទទួលដំណឹងថាជនរងគ្រោះបានស្លាប់កម្មការិនីផ្សេងទៀតមានអារម្មណ៍តក់ស្លុតហើយក៏បានដួលសន្លប់ជាបន្តបន្ទាប់ ២៧ នាក់។ ភ្លាមៗនោះទាំងខាងតំណាងរោងចក្រ និងអាជ្ញាធរមូលដ្ឋានបានចេញជួយអន្តរាគមន៍នាំជនរងគ្រោះទាំងនោះទៅកាន់មន្ទីរព្យាបាលជំងឺទូទៅ និងសម្ភព ហ៊ាងមុន្នីវុធដើម្បីជួយសង្គ្រោះ។

លោកថ្លែងថា៖ «តាមការសន្និដ្ឋានក្នុងជំហានដំបូងរបស់អាជ្ញាធរមូលដ្ឋានយើងខ្ញុំកម្មការិនីដែលរងគ្រោះដល់ជីវិតនោះទំនងជាបណ្ដាលមកពីមានបញ្ហាជំងឺផ្លូវដង្ហើមដែលបង្កឡើងដោយការស្រូបក្លិនគីមីពុលដែលជាប់នឹងក្រណាត់ ហើយកម្មការិនីដែលដួលសន្លប់ផ្សេងទៀតអាចបណ្ដាលមកពីអារម្មណ៍ភ័យតក់ស្លុត។ ប៉ុន្តែករណីនេះក្រុមមន្ត្រីជំនាញមកពីក្រសួងការងារកំពុងធ្វើការស្រាវជ្រាវ»។

លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបាននិយាយថាសពកម្មការិនីរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យនៅឯស្រុកកំណើតដែលស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

លោកនិយាយថា៖ «ខ្ញុំអាចសន្និដ្ឋានបានថាករណីស្លាប់របស់កម្មការិនីឈ្មោះ ខាត់ សាមើល គឺជាករណីគ្រោះថ្នាក់ការងារដែលជាការទទួលខុសត្រូវទាំងស្រុងរបស់បេឡាជាតិរបបសន្តិសុខសង្គម»។ លោក ចេវ ប៊ុនរិទ្ធ អ្នកនាំពាក្យ ប.ស.ស នៃក្រសួងសង្គមកិច្ចមិនអាចទាក់ទងបានទេម្សិលមិញ។

ទោះជាបែបណាក្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញមុខទទួលដោះស្រាយបញ្ហាខាងលើនេះដល់ក្រុមគ្រួសារជនរងគ្រោះទៅតាមគោលរបបសន្តិសុខសង្គមរបស់បេឡាជាតិរបបសន្តិសុខសង្គម៕

Leave a Reply