23-6-015

អ្នក​ជំនាញ​ថា​គម្រោង​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ​របស់​ចិន​ផ្តល់​ប្រយោជន៍​ដល់​កម្ពុជា

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព ៖ RFA

អ្នកជំនាញពីស្ថាប័នស្រាវជ្រាវ និងស្ថាប័នរដ្ឋាភិបាល យល់ឃើញថា ប្រទេសកម្ពុជា នឹងចំណេញពីការចូលរួមអនុវត្តគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយ (Belt and Road Initiative) របស់រដ្ឋាភិបាលចិន។ អ្នកជំនាញលើកឡើងថា គម្រោងដ៏ធំសម្បើមរបស់ចិន នេះ នឹងជួយកម្ពុជា អាចសម្រេចក្តីសុបិនបានឆាប់រហ័ស តែត្រូវគិតគូរឲ្យបានម៉ត់ចត់ ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគរបស់ចិន នៅកម្ពុជា។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីពាក់កណ្ដាលខែឧសភា បានហៅគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយរបស់លោក ថាជា «គម្រោងវិនិយោគប្រចាំសតវត្ស»។ រដ្ឋាភិបាលចិន វិនិយោគប្រាក់ចំនួន ១ទ្រីលានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រទេសចិន ទៅទ្វីបអឺរ៉ុប ឆ្ពោះទៅទ្វីបអាហ្វ្រិក ដើម្បីជំរុញការវិនិយោគរបស់ចិន នៅបរទេស។

រដ្ឋាភិបាលកម្ពុជា ជាភាគីមួយក្នុងចំណោមអ្នកដំបូងគេដែលគាំទ្រគំនិតផ្ដួចផ្ដើមនេះ ហើយជឿជាក់ថា វានឹងផ្តល់ប្រយោជន៍ដល់ប្រទេសកម្ពុជា។

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការនៃក្រសួងសាធារណការ បញ្ជាក់នៅថ្ងៃទី២២ មិថុនា នារាជធានីភ្នំពេញ ថាការចូលរួមរបស់កម្ពុជា ក្នុងគម្រោងខ្សែក្រវាត់មួយផ្លូវមួយ មានវិស័យជាអាទិភាព និងសក្ដានុពលដូចជា ការកសាងផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ការកសាងផ្លូវរថភ្លើង ការបង្កើនចំនួនជើងយន្តហោះត្រង់ពីចិន មកកម្ពុជា ដើម្បីទាញយកវិនិយោគិនចិន មកប្រទេសកម្ពុជា ការអភិវឌ្ឍក្រុងព្រះសីហនុ ដើម្បីប្រែក្លាយជាទីតាំងមូលដ្ឋានសម្រាប់សហគ្រាសចិន នៅកម្ពុជា ការវិនិយោគលើវិស័យថាមពលសូឡា ការសាងសង់ទំនប់វារីអគ្គិសនីដើម្បីបញ្ចុះថ្លៃអគ្គិសនី ការវិនិយោគលើវិស័យកសិឧស្សាហកម្ម ដោយធ្វើទំនើបកម្មដំណាំកៅស៊ូ ដំឡូងមី ការចិញ្ចឹមសត្វ និងនេសាទ ការវិនិយោគវិស័យដឹកជញ្ជូន និងហិរញ្ញវត្ថុ ហើយនិងការជំរុញកំណើនទេសចរចិន នៅកម្ពុជា ឲ្យបាន ២លាននាក់នៅឆ្នាំ២០២០។

លោកបន្ថែមថា គម្រោងវិនិយោគរបស់ចិន ក៏ជំរុញការសាងសង់កំពង់ផែនៅតាមខេត្តជាប់មាត់សមុទ្រ និងជំរុញការសាងសង់ផ្លូវថ្នល់នៅតាមព្រំដែន។ លោកថា កម្ពុជា និងចិន ពិគ្រោះយោបល់គ្នាលើគំនិតផ្ដួចផ្ដើមនេះ ដោយបើកចំហផ្តល់ការទុកចិត្តគ្នា និងចែករំលែកផលប្រយោជន៍គ្នា។ វាជាសហប្រតិបត្តិការឈ្នះឈ្នះ ហើយវានឹងជួយលើកកម្ពស់អធិបតីភាព ឯករាជភាពរបស់កម្ពុជា លើឆាកអន្តរជាតិ។

ក៏ប៉ុន្តែមកដល់ពេលនេះមិនទាន់មានតួលេខបញ្ជាក់ពីកញ្ចប់ប្រាក់វិនិយោគរបស់ចិន សម្រាប់អនុវត្តគម្រោងទាំងនេះនៅប្រទេសកម្ពុជា ឡើយ។

លោក លឹម ស៊ីដេនីន បញ្ជាក់ថា ការអនុវត្តគម្រោងរបស់ចិន នេះ ធ្វើតាមយន្តការទីផ្សារដែលជាការសហការរវាងរដ្ឋាភិបាល និងវិស័យឯកជន ដោយផ្អែកលើគោលការណ៍ និងវិជ្ជាជីវៈ។ មន្ត្រីរដ្ឋាភិបាលរូបនេះសង្កេតថា ផែនការអភិវឌ្ឍន៍ឧស្សាហកម្មរបស់កម្ពុជា ស្រដៀងនឹងគោលដៅរបស់ផែនការវិនិយោគរបស់ចិន នេះ។

ស្រដៀងនឹងការលើកឡើងរបស់ក្រសួងសាធារណការ អ្នកស្រី ឯត សោភា អនុរដ្ឋលេខាធិការក្រសួងការបរទេស អះអាងថា រដ្ឋាភិបាលកម្ពុជា គាំទ្រគម្រោងនេះពេញទំហឹង ហើយថាប្រាក់របស់រដ្ឋាភិបាលកម្ពុជា តែមុខ មិនអាចបំពេញនូវក្តីសុបិនក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូនថាមពល និងការពង្រឹងសេវាសង្គមនោះទេ។

អ្នកស្រីថារដ្ឋាភិបាលមានសុទិដ្ឋិនិយមថាគំនិតផ្ដួចផ្ដើមនេះ នឹងផ្តល់នូវសេចក្តីចម្រើនរុងរឿង ហើយខ្សែក្រវាត់មួយផ្លូវមួយ ជួយបំពេញបន្ថែមលើយន្តការដែលមានរួចហើយ។ អ្នកស្រីបន្តថា យន្តការដែលមានស្រាប់នោះ គឺគម្រោងវិនិយោគដែលផ្តល់ប្រាក់ដោយធនាគារពិភពលោក (World Bank) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាដើម។ អ្នកស្រីឲ្យដឹងថា កាលពីខែឧសភា ក្រុមការងារបានចុះហត្ថលេខាលើផែនការលម្អិតសម្រាប់អនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគីលើគម្រោងចិន នៅកម្ពុជា នេះ។

ចំណែកនាយកប្រតិបត្តិនៃវិទ្យាស្ថានកម្ពុជា សម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក ពូ សុធារៈ ក៏ថ្លែងថា គំនិតផ្ដួចផ្ដើមនេះផ្តល់ប្រយោជន៍ដល់កម្ពុជា ដោយថាប្រាក់វិនិយោគនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយ នឹងជួយប្រទេសកម្ពុជា តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាមួយប្រទេសក្នុងតំបន់។ លោកថា ចិន គឺសំខាន់ចំពោះសន្តិភាព និងស្ថិរភាពកម្ពុជា។

អ្នកតាមដានកិច្ចការងារការបទេសមួយចំនួន ធ្លាប់លើកឡើងថា កម្ពុជា ពឹងផ្អែកលើប្រាក់ចិន ខ្លាំងពេក ធ្វើឲ្យកម្ពុជា លម្អៀងទៅរកចិន ដែលនាំឲ្យបាត់តុល្យភាពគោលនយោបាយបរទេសខ្លួន ហើយស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពិនិត្យមើលឡើងវិញចំពោះរឿងនេះ។

ការលើកឡើងនេះ ត្រូវបានក្រសួងការបរទេស បដិសេធជារឿយៗ។

កិច្ចពិភាក្សាក្នុងសិក្ខាសាលាមួយកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ក៏ស្នើឲ្យពិនិត្យមើលពីគម្លាតនៃការអនុវត្តជាក់ស្តែង និងគោលនយោបាយដែលបានចែង ដើម្បីធានាពីប្រសិទ្ធភាពនៃគំនិតផ្ដួចផ្ដើមនេះ ពិសេសការរៀបចំផែនការដើម្បីទទួលបានប្រាក់វិនិយោគចិន។

ក៏មានការលើកឡើងថា លំហូរចូលនៃប្រាក់វិនិយោគ វិនិយោគិនចិន និងពលករចិន មកប្រទេសកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ នឹងអាចប្រែក្លាយខេត្តនេះជាខេត្តចិន។

កន្លងទៅ ក៏មានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋាន ពីសំណាក់អង្គការសង្គមស៊ីវិល និងអ្នកវិភាគ ថាគម្រោងវិនិយោគចិន មើលរំលងពីផលប៉ះពាល់ផ្នែកបរិស្ថាន និងសង្គម ព្រមទាំងបានរំលោភសិទ្ធិមនុស្ស ដូចជាការបង្ខំប្រជាជនចេញពីលំនៅឋានដោយមិនផ្តល់សំណងសមរម្យ ជាដើម។

ឆ្លើយតបនឹងការលើកឡើងនេះ លោកបណ្ឌិត សុង (Song) ប្រធានផ្នែកការទូតសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ ហ្វុដាន់ សៀងហៃ នៃប្រទេសចិន (Fudan University Shanghai) ថ្លែងថា ប្រសិនបើចង់បានការអភិវឌ្ឍដូចជាថាមពលអគ្គិសនីដែលមានតម្លៃថោក ត្រូវតែមានការលះបង់។

កុងស៊ុលផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិន ប្រចាំកម្ពុជា លោក លី អាន (Li An) មានប្រសាសន៍ថា កម្ពុជា និងចិន ជាសម្ព័ន្ធមិត្តស្អិតល្មួតក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយ ហើយវានឹងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។ លោកបន្តថា រដ្ឋាភិបាល និងអ្នកដែលពាក់ព័ន្ធ ត្រូវសិក្សារួមគ្នាដើម្បីបង្កើតគោលនយោបាយក្នុងការអនុវត្តគម្រោងវិនិយោគនេះឲ្យមានប្រសិទ្ធភាព។ លោកថា ដូច្នេះខ្សែក្រវាត់មួយផ្លូវមួយ អាចធ្វើឲ្យប្រទេសចិន និងកម្ពុជា ឈ្នះឈ្នះរួមគ្នា ហើយអាចបង្កើតផលប្រយោជន៍ឲ្យប្រទេសកម្ពុជា។

ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ ស្ថាបនិកនៃវិទ្យាស្ថានកម្ពុជា សម្រាប់សហប្រតិបត្តិការ និងសន្តិភាព គូសបញ្ជាក់ថា កម្ពុជា ចាប់អារម្មណ៍នឹងគំនិតផ្ដួចផ្ដើមរបស់រដ្ឋាភិបាលចិន នេះ ហើយប្រទេសដែលចូលរួមអនុវត្ត នឹងទទួលបានប្រយោជន៍ពីនេះ។ ព្រះអង្គឲ្យដឹងថា កម្ពុជា ត្រូវការប្រាក់ ៦០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ បន្ថែមពីនេះ ព្រះអង្គយល់ថា ការអនុវត្តដោយគ្មានអភិបាលកិច្ចល្អ គណនេយ្យភាព និងតម្លាភាព នឹងនាំឲ្យគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយបរាជ័យ៕

Leave a Reply