express-logo-for-hotnews

ការ​ពង្រីក​សេវា​អីុ​ន​ធើ​ណេ​ត​មិន​ពិបាក​ទេ អ្វី​ដែល​ពិបាក​នោះគឺ​…

ប្រភព ៖ កោះសន្តិភាព

កម្ពុជាមានគោលដៅពង្រីកហេដ្ឋារចនាសម្ព័ន្ធអីុនធើណេតឲ្យគ្របដណ្តប់១០០% នៅគ្រប់ទីប្រជុំជនក្នុងឆ្នាំ២០២០ និងពង្រីកការគ្របដណ្តប់រហូតដល់៧០%នៅតាមទីជនបទ ក្នុងឆ្នាំដដែលនេះ ។ ការដាក់គោលដៅនេះ ត្រូវបានសេដ្ឋវិទូយល់ឃើញថា ទោះបីជាចង់ មិនចង់ កម្ពុជាគឺត្រូវតែមានការភ្ជាប់សេវាកម្មអីុនធើរណេតបែបនេះ ហើយវាមិនពិបាកនោះទេ ប៉ុន្ដែអ្វីដែលពិបាកនោះ គឺការអប់រំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរ អាចទាញយកប្រយោជន៍ និងប្រើប្រាស់ឲ្យមានប្រសិទ្ធភាព ។

លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងកាលពីថ្ងៃទី២៨ សីហា កន្លងមកថា ជាទូទៅ នៅប្រទេសណា ក៏ដូចប្រទេសណាដែរ ដើម្បីឲ្យប្រជាពលរដ្ឋងាយទទួលបានព័ត៌មានឆាប់រហ័ស គឺត្រូវមានការតភ្ជាប់សេវាអីុនធើរណែត ប៉ុន្តែអ្វី ជាការបារម្ភថា តើមនុស្សម្នាក់ៗទទួលបាន ការអប់រំត្រឹមត្រូវឬអត់? ឬប្រើប្រាស់វាដើម្បីទាញបានផលប្រយោជន៍ដែរឬទេ ? វាអាស្រ័យលើផ្នត់គំនិត និងការទទួលបានការអប់រំរបស់មនុស្សម្នាក់ៗ ។

លោកបន្តថា ៖« ការបំពាក់សេវាកម្មអីុនធើរណេតមិនពិបាកទេ អ្វីដែលពិបាក គឺការអប់រំប្រជាពលរដ្ឋដើម្បីឲ្យពួកគេចេះប្រើប្រាស់ទាញយកផលប្រយោជន៍បានច្រើន » ។ លោកបន្តថា ៖« ខ្ញុំសង្កេតឃើញថា យុវជនក្មេងៗដែលកាន់ស្មាតហ្វូន គឺពួកគេទិញបង្អួតគ្នា ហើយលេងហ្វេសប៊ុក ស្តាប់ចម្រៀង និងលេងហ្គេមជាដើម។ ហេតុនេះ អ្វីដែលពួកគេប្រើ តើជាការបង្កើតលុយឲ្យពួកគេឬអត់ » ។

express-logo-for-hotnws

លោកបណ្ឌិតលើកឡើងបែបនេះ គឺស្របពេលដែលរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អីុវតឹក បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអន្តរជាតិ ស្តីពីហេដ្ឋារចនាសម្ព័ន្ធកម្ពុជា រៀបចំដោយក្រុមហ៊ុន អេ ដូតកូ (Edotco) នាព្រឹកថ្ងៃទី២៨ សីហា ថា មហិច្ឆតារបស់កម្ពុជា គឺការតភ្ជាប់ទំនាក់ទំនងតាមប្រព័ន្ធឌីជីថលនៅត្រឹមឆ្នាំ២០២០ ហើយបានទទួលស្គាល់ពីតួនាទីដ៏សំខាន់មិនអាចខ្វះបាននៃភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្នុងការសម្រេចបាននូវការត្រៀមខ្លួនជាស្រេចក្នុងវិស័យ ICT ។

កិច្ចប្រជុំកំពូលនេះ ជាការជួបជុំផ្លាស់ប្តូរ ចែករំលែកចំណេះដឹង បទពិសោធន៍ និងមតិ យោបល់រវាងមន្ត្រីជាន់ខ្ពស់ និងតួអង្គសំខាន់ៗក្នុងឧស្សាហកម្មទូរគមនាគមន៍ ដោយបានបង្កើតឲ្យមានជាការពិភាក្សាគ្នាដើម្បីរិះរកវិធីសាស្ត្រយ៉ាងណា សម្រេចឲ្យបាននូវចក្ខុវិស័យICTរបស់កម្ពុជា ។

លោករដ្ឋមន្ត្រីថ្លែង ៖« តាមរយៈគំនិតផ្តួចផ្តើមរបស់ អេ ដូតកូ បាននាំមកនូវការតភ្ជាប់តាមរយៈហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនេះ វាពិតជាបានបង្ហាញឲ្យឃើញកាន់តែច្បាស់ពីការគាំទ្រចំពោះចក្ខុវិស័យ ICT របស់ប្រទេសកម្ពុជា » ។

អគ្គនាយកក្រុមហ៊ុន Edotco Group លោក ស៊ូរេស ស៊ីហូ (Suresh Sidhu) បានគាំទ្រដល់ចក្ខុវិស័យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ICT ឆ្នាំ២០២០ របស់ប្រទេសកម្ពុជា តាមរយៈការផ្តល់នូវវេទិកាដ៏មានតម្លៃនាពេលនេះ សម្រាប់ការភ្ជាប់ទំនាក់ទំនងរវាងភាគីសំខាន់ៗដែលត្រូវការជាចាំបាច់ ដើម្បីបង្កើនការយល់ដឹងអំពីការតភ្ជាប់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅក្នុងប្រទេស ហើយក្រុមហ៊ុននឹងរិះរកពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនៅក្នុងវិស័យនេះ ។

លោក ភីលីប វ៉ង (Phillip Wong) នាយកគ្រប់គ្រងនៃក្រុមហ៊ុន អេ ដូតកូ ប្រចាំកម្ពុជា បានលើកឡើងដែរថា ក្រុមហ៊ុនបានឃើញពីការគាំទ្រ និងតួនាទីដ៏សំខាន់របស់ក្រុមហ៊ុនបង្គោលអង់តែនដែលមានឯករាជ្យភាព ដូចជា ក្រុមហ៊ុន អេ ដូតកូ និងភាគីពាក់ព័ន្ធសំខាន់ជាច្រើនទៀតសុទ្ធសឹងតែអាចធ្វើជាដៃគូដ៏ល្អ និងទុកចិត្តបានក្នុងការឈានទៅសម្រេចនូវមហិច្ឆតានេះ ៕

Leave a Reply