9-6-019

រដ្ឋមន្ត្រី​បរិស្ថាន​រិះគន់​សំរាម ​និង​ការ​សាងសង់​ផ្លូវ​នៅ​ភ្នំពេញ

ប្រភព ៖ VOA

លោក សាយ សំអាល់ បានលើកឡើងពីបញ្ហាគ្រប់គ្រងសំរាមទូទាំងប្រទេសតាមបណ្តាខេត្តថា មានភាពល្អប្រសើរ ប៉ុន្តែលោកថា ក្នុងរាជធានីភ្នំពេញ ការគ្រប់គ្រងសំរាមនៅមិនទាន់បានល្អនៅឡើយ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានស្តីបន្ទោសការសាងសង់ផ្លូវមានភាពយឺតយ៉ាវ និងបញ្ហាសំរាមក្នុងរាជធានីភ្នំពេញ ដែលមិនទាន់អាចដោះស្រាយបានគឺជាផ្នែកមួយ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថានដ៏ធ្ងន់ធ្ងរ។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៤ ស្តីពីសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា លោករដ្ឋមន្ត្រីរូបនេះ បានលើកឡើងថា ក្រមបរិស្ថានដែលរដ្ឋាភិបាលកំពុងព្រាង បង្កើត នឹងអាចជួយដោះស្រាយបញ្ហាទាំងនេះ ដោយថែរក្សាភាពសុខដុមរមនារបស់ពលរដ្ឋ ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាពជាដើម។ លោក សាយ សំអាល់ បន្ថែមថា ក្រមនេះមានទិសដៅជំរុញទៅដល់គ្រប់ស្ថាប័នទាំងអស់ឲ្យចូលរួមក្នុងការថែរក្សាបរិស្ថាន និងការលើកកម្ពស់ការយល់ដឹងស្តីពីបញ្ហាបរិស្ថាន។

ខណៈពន្យល់ពីក្រមបរិស្ថាន លោក សាយ សំអាល់ បានលើកឡើងពីបញ្ហាគ្រប់គ្រងសំរាមទូទាំងប្រទេសតាមបណ្តាខេត្តថា មានភាពល្អប្រសើរ ប៉ុន្តែលោកថា ក្នុងរាជធានីភ្នំពេញ ការគ្រប់គ្រងសំរាមនៅមិនទាន់បានល្អនៅឡើយ។

រដ្ឋមន្រ្តីវ័យក្មេង ដែលជាកូនប្រុសរបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា បញ្ជាក់ថា៖

«ផ្លូវជាតិលេខមួយអី តាមពិតគួរតែផាកដែរ មិនដែលផ្លូវ៤គីឡូ ធ្វើរាប់ឆ្នាំ? ទី១ហុយលើគេក៏ប៉ះពាល់សុខភាពគេ ឱកាសសេដ្ឋកិច្ចរបស់គេហ្នឹងដែលគេលក់តាមហ្នឹង លក់មិនកើត ក៏ប៉ះពាល់គេ អាស្ទះផ្លូវហ្នឹងក៏ប៉ះពាល់ដល់សេដ្ឋកិច្ច។ ខ្ញុំថាក្រុមហ៊ុនខ្លះធ្វើផ្លូវអញ្ចឹងគួរតែផាកដែរហ្នឹង។ អញ្ចឹងបានថា គួរគិតថ្ងៃក្រោយ អត់ធ្វើអីចឹងទេ។ ធ្វើរញ៉េរញ៉ៃច្រើនផាកតែអីចឹង ព្រោះវាប៉ះពាល់គេពេក»។

ទោះជាយ៉ាងណាលោកថា ក្រសួងកំពុងចាត់វិធានការពង្រឹងការគ្រប់គ្រងសំរាមបន្ថែម ដើម្បីដោះស្រាយបញ្ហានេះ។

លោក ឈិត សំអាត នាយកអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) ប្រចាំកម្ពុជា ដែលបានចូលរួមក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់នោះ ប្រាប់ VOA ថា ក្រមបរិស្ថានដែលក្រសួងបរិស្ថានកំពុងព្រាង នឹងអាចជួយឲ្យការការពារបរិស្ថាន និងធម្មជាតិនៅកម្ពុជា មានភាពប្រសើរឡើង។ លោកបន្ថែមដោយរំពឹងថា រដ្ឋាភិបាលនឹងអនុវត្តក្រមនេះឲ្យបានតឹងរ៉ឹង ដើម្បីការពារ និងទប់ស្កាត់ធនធានធម្មជាតិនៅកម្ពុជាឲ្យបានគង់វង្ស។

លោក ឈិត សំអាត មានប្រសាសន៍ថា៖

«បរិស្ថានហ្នឹងគឺមិនមែនតែរឿងសំរាម លូទឹកស្អុយប៉ុណ្ណោះទេ បរិស្ថានហ្នឹងគឺគ្រប់គ្រងទាំងធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃ ជីវចម្រុះគ្រប់បែបយ៉ាងហ្នឹង ត្រូវបានការពារ។ អញ្ចឹងច្បាប់នេះខ្ញុំថា ដល់ពេលហើយ មិនទាន់យឺតពេលទេ គឺថាត្រូវពេលហើយដែលយើងត្រូវមានច្បាប់ ហើយយើងត្រូវអនុវត្តឲ្យបានហ្មត់ចត់បំផុត ដើម្បីការពារធនធានធម្មជាតិ បរិស្ថាន សម្រាប់កូនចៅយើងជំនាន់ក្រោយ បើមិនដូច្នោះទេគឺថា គឺអាចយឺតពេលហើយ»។

កន្លងមកប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ តែងរិះគន់ការស្ថាបនាផ្លូវថ្នល់ថា ប្រើរយៈពេលយូរ ដែលបណ្តាលឲ្យមានបញ្ហាកកស្ទះចរាចរណ៍ ខាតបង់ពេលវេលាក្នុងការប្រកបមុខរបរជាដើម។

ចំណែកបញ្ហានៃការប្រមូលសំរាម និងការចោលសំរាមពាសវាលពាសកាល ក៏ជាមូលហេតុចម្បងធ្វើឲ្យរាជធានីភ្នំពេញបាត់បង់សោភ័ណភាព និងខូចបរិស្ថានផងដែរ។

លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លើកឡើងថា លោកយល់ស្របចំពោះការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ពីបញ្ហាដែលកំពុងកើតមានក្នុងរាជធានីភ្នំពេញថា ជាបញ្ហាប្រឈមដែលមិនទាន់មានការដោះស្រាយឲ្យមានប្រសិទ្ធភាពនៅឡើយ។ លោកបន្ថែមថា ក្រមបរិស្ថានដែលក្រសួងកំពុងព្រាងអាចនឹងជួយដោះស្រាយបញ្ហាទាំងនោះបានលុះត្រាតែរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ មានឆន្ទៈក្នុងការអនុវត្តច្បាប់នោះ។

លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បញ្ជាក់ថា៖

«បើមិនមានការតាំងចិត្តអនុវត្ត ប្តេជ្ញាក្នុងការអនុវត្តឲ្យបានត្រឹមត្រូវទេ គឺបញ្ហាអត់អាចហ្នឹងដោះស្រាយបានទេ នៅតែដដែលៗហ្នឹង។ ហ្នឹងជាបញ្ហា។ ហើយច្បាប់យើងត្រូវតែធ្វើ ប៉ុន្តែទន្ទឹមនឹងច្បាប់ចេញ ត្រូវតែអនុវត្តច្បាប់ បើសិនជាច្បាប់ចេញហើយឲ្យមានតែជាច្បាប់ៗ អាហ្នឹងគឺ មិនអាចនឹងធ្វើការកែលម្អបានទេ ជាពិសេសនៅក្នុងរាជធានីភ្នំពេញហ្នឹង»។

សេចក្តីព្រាងក្រមបរិស្ថានដែលក្រសួងបរិស្ថានសហការជាមួយក្រសួងពាក់ព័ន្ធផ្សេងទៀត ចាប់ផ្តើមព្រាងតាំងពីដើមឆ្នាំ២០១៥ ដែលមាន១២៣៥មាត្រា។ ក្រមនេះចែងពីការអង្កេត តាមដាន វាយតម្លៃនិងគ្រប់គ្រងបរិស្ថាន ការគ្រប់គ្រងប្រតិបត្តិការធនធានធម្មជាតិ ការអភិរក្ស និងការគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ ការគ្រប់គ្រងសំណល់ និងការបំពុល ការអប់រំជាដើម។ ក្នុងសេចក្តីព្រាងក្រមបរិស្ថានដែលលើកយកមកពិភាក្សាថ្ងៃព្រហស្បតិ៍នេះក៏រួមបញ្ចូល ការផ្តន្ទាទោសលើការប្រព្រឹត្តបទល្មើសនេះផងដែរ៕

Leave a Reply