ក្រុមហ៊ុន​ខ្មែរ និង​បារាំង រួមគ្នា​បោះទុន​៣​លាន​ដុល្លារ សង់រោង​ចក្រ​ផលិត​ស៊ីម៉ង់ត៍​នៅ​កម្ពុជា
Posted On : June, 12, 2017 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer.

ប្រភព ៖ ថ្មីៗ

ក្រុមហ៊ុនមួយរបស់កម្ពុជា និងក្រុមហ៊ុនបារាំង បានសហការគ្នា បោះទុនវិនិយោគប្រមាណ៣លានដុល្លារ សង់រោងចក្រផលិតស៊ីម៉ង់ត៍នៅកម្ពុជា។   គម្រោងសាងសង់នេះ នឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៧ ដោយផលិតសម្ភារសំណង់ និងឥដ្ឋធ្វើពីស៊ីម៉ង់ ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។

ក្រុមហ៊ុន CHHOR BUNSAM Investment Co, Ltd និងក្រុមហ៊ុនផលិតឥដ្ឋស៊ីម៉ង់ PLATTARD របស់បារាំង បានរួមគ្នាបើករោងចក្រផលិតឥដ្ឋស៊ីម៉ង់នៅកម្ពុជា។ គម្រោងសាងសង់នេះ នឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៧ ដោយគ្រោងចំណាយទុនវិនិយោគក្នុងទឹកប្រាក់ប្រមាណ៣លានដុល្លារ។ នេះបើតាមទីភ្នាក់ងារព័ត៌មានកម្ពុជា AKP ដែលបន្តឲ្យដឹងថា ការសម្រេចលើគម្រោងវិនិយោគនេះ ធ្វើឡើងក្នុងដំណើរដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនបារាំងនេះ ដើម្បីស្វែងយល់ពីវិស័យសំណង់នៅកម្ពុជា កាលពីថ្ងៃទី៧ ខែមិថុនា។

AKP បានស្រង់សម្តីរបស់ លោក CHHOR BUNSAM នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន CHHOR BUNSAM Investment ដៃគូវិនិយោគភាគីកម្ពុជាថា នេះគឺជាក្រុមហ៊ុនបារាំងលើកដំបូង ដែលសហការបង្កើតរោងចក្រផលិតសម្ភារសំណង់ និងផលិតផលឥដ្ឋស៊ីម៉ង់ត៍នៅកម្ពុជា។ នាយកគ្រប់គ្រងទូទៅរូបនេះ អះអាងទៀតថា ក្រុមហ៊ុននឹងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីផលិតសម្ភារសំណង់ និងឥដ្ឋធ្វើពីស៊ីម៉ង់ ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យផងដែរ។

ជាមួយគ្នានោះ តំណាងក្រុមហ៊ុនបារាំង ក៏បានបញ្ជាក់នៅក្នុងដំណើរទស្សនកិច្ច និងការស្វែងយល់ពីវិស័យសំណង់នៅកម្ពុជា កាលពី ថ្ងៃទី៧ ខែមិថុនាដែរថា ការសម្រេចវិនិយោគនេះ គឺដោយសារក្រុមហ៊ុនមើលឃើញពីសក្ដានុពលវិស័យសំណង់នៅកម្ពុជា ដែលកំពុងកើនឡើង និងស្របពេលដែលការផ្គត់ផ្គង់ នៅមិនទាន់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ តំណាងក្រុមហ៊ុនដដែល ឲ្យដឹងថារោងចក្រនេះ នឹងផលិតសម្ភារសំណង់សម្រាប់ផ្គត់ផ្គង់ការសាងសង់អគារ ដែលមានស្ដង់ដារខ្ពស់ពីប្រទេសបារាំង៕

Urban Voice Cambodia

Urban Voice Cambodia