EDC ចាប់ផ្តើមតបណ្តាញ អគ្គិសនីតម្លៃ ៦១០រៀល ជូនកម្មករ-កម្មការិនី ជំហ៊ានទី៣ នៅថ្ងៃនេះ
Posted On : July, 21, 2015 | By សំឡេងទីក្រុង

ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានប្រកាសបន្តប្រតិបត្តិការតបណ្តាញអគ្គិសនីតម្លៃ ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ជូនកម្មករ និយោជិត ក៏ដូចជាអ្នកជួលផ្ទះ ជួលបន្ទប់ ក្នុងជំហ៊ានទី៣ ចាប់ពីថ្ងៃអង្គារ ទី២១ ខែកក្កដា នេះតទៅ។ បន្ទប់ជួល ដែលនឹងត្រូវតចរន្តអគ្គិសនីតម្លៃ ៦១០រៀល ក្នុងជំហ៊ានទី៣នេះ មានចំនួនជាង ៣ម៉ឺនបន្ទប់។

យោងតាមលិខិតរបស់ EDC ផ្ញើជូនទៅអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ដើម្បីសុំកិច្ចអន្តរាគមន៍ក្នុងការតបណ្តាញអគ្គិសនីនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា បន្ទប់ជួល ដែលនឹងត្រូវចុះតបណ្តាញអគ្គិសនីក្នុងជំហ៊ានទី៣ មានចំនួនសរុប ៣៣.៥០០បន្ទប់ ស្ថិតនៅក្នុងខណ្ឌដូនពេញ ៧មករា ពោធិ៍សែនជ័យ ព្រែកព្នៅ ទួលគោក មានជ័យ ចំការមន និងស្រុកអង្គស្នួល។ ដោយឡែកខណ្ឌឬស្សីកែវ ជ្រោយចង្វា និងខណ្ឌដង្កោ មានបន្ទប់តិចតួចប៉ុណ្ណោះ មិនទាន់បានតចរន្ត។

ក្នុងលិខិតដដែលបានឲ្យដឹងផងដែរថា បន្ទប់ប្រមាណ ១២២.២៥២បន្ទប់ហើយ ត្រូវបានតភ្ជាប់ចរន្តតម្លៃ ៦១០រៀល ចាប់ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥។

និយោជិតអគ្គិសនីកម្ពុជា នឹងចុះតបណ្តាញអគ្គីសនី ចាប់ពីម៉ោង ៤៖៣០នាទីល្ងាច ដល់ម៉ោង ៨៖៣០នាទីយប់ សម្រាប់ថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍។ សម្រាប់ថ្ងៃអាទិត្យ វិញ ធ្វើឡើងពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។
លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានឲ្យដឹងថា ការតបណ្តាញអគ្គិសនីដល់បន្ទប់ និងផ្ទះជួល របស់កម្មករ និយោជិតនេះ គ្រោងចំណាយថវិកាប្រមាណ ២លានដុល្លារអាម៉េរិក។

Urban Voice Cambodia

Urban Voice Cambodia