EDCផ្អាក​ផ្គត់ផ្គង់​អគ្គិសនី៤ថ្ងៃ​តាម​ពេលវេលា និង​កន្លែង​ផ្សេងគ្នា​នៅ​ភ្នំពេញ​និង​ខេត្តកណ្តាល
Posted On : May, 6, 2015 | By សំឡេងទីក្រុង

ចុះ​ផ្សាយ​នៅ​ថ្ងៃ   06-05-2015, ដោយ : ខន ចំប៉ា, ថ្មីៗ

អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​មួយចំនួន តាម​ពេលវេលា​និង​ទីកន្លែង​ផ្សេងគ្នា រយៈពេល៤ថ្ងៃ ចាប់ពី​ថ្ងៃទី៧ដល់​ថ្ងៃទី១០ខែឧសភា​ឆ្នាំ២០១៥ ។ ការផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​នេះ ត្រូវបាន​ប្រកាស​នៅក្នុង​សេចក្តី ជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​EDC។

សេចក្តី​ដំណឹង​ចុះ​ថ្ងៃទី៤ខែឧសភា បាន​ឲ្យ​ដឹងថា​ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នេះ គឺ​ដើម្បី​សម្រួល​ដល់​ការអនុវត្ត​ការងារ​ជួលជុល ផ្លាស់ប្តូរ តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។

បើតាម​សេចក្តីជូនដំណឹង ចាប់ពី​ម៉ោង៩ព្រឹក ដល់​ម៉ោង៤រសៀល ថ្ងៃទី៧ខែឧសភា EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​P២៥៤ ស្ថិតនៅ​ភូមិ​រោងចក្រ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​តំបន់​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ២ ចាប់ពី​សង្កាត់​តាខ្មៅ រហូតដល់​សង្កាត់​ព្រែក​ហូរ ក្នុង​តាខ្មៅ ខេត្តកណ្តាល។

«នៅ​ថ្ងៃទី៨ខែឧសភា ចាប់ពី​ម៉ោង៩ព្រឹក​ដល់​ម៉ោង៤រសៀល EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​P១១៤៥ ស្ថិតនៅ​ភូមិ​ស្រែ​ជំរៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​រោងចក្រ ភូមិ​ច្រេស ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ភូមិ​តា​ងួន ភូមិ​គោក​ឃ្លាំង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ដោយឡែក​នៅ ថ្ងៃ​សៅរ៍​ទី៩ខែឧសភា ចាប់ពី​ម៉ោង៩ព្រឹក​ដល់​ម៉ោង៤រសៀល EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​ប.ត៥៥៨ ប.ត​៥៥៨A ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ចាប់ពី គីឡូម៉ែត្រ​លេខ៦ រហូតដល់​សង្កាត់​ច្រាំង​ចំរេះ២ ខណ្ឌឫស្សីកែវ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ចាប់ពី​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រហូតដល់​ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល»។ នេះ​បើតាម​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​ដដែល។

សេចក្តីជូនដំណឹង​បន្តថា​នៅ​ថ្ងៃអាទិត្យ​ទី១០ខែឧសភា ចាប់ពី​ម៉ោង៨ព្រឹក​ដល់​ម៉ោង៥ល្ងាច EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​D០៣ នៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន តំបន់​ភ្លើង​លេខ​ប.ត៣០៣ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ៥១ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ភ្នំពេញ​ថ្មី ភូមិ​ប៉ា​យាប ភូមិ​ពោងពាយ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ចាប់ពី​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រហូតដល់​ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល៕

Urban Voice Cambodia

Urban Voice Cambodia