6-6-004

កុំភ្លេច «តំបន់ត្រពាំងឈូក» ណា…

ប្រភព ៖ កោះសន្តិភាព

ការអភិវឌ្ឍតំបន់ត្រពាំងឈូក ដែលបានចាត់ទុកថា ជាសម្បុកគ្រឿងញៀនបានស្ងប់ស្ងាត់ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នៅនោះទន្ទឹងរង់ចាំ ព្រោះពួកគាត់មិនចង់រស់នៅក្នុងស្ថានភាពមិនល្អបែបនេះទេ ។ ប៉ុន្តែខណៈតំបន់នោះ ត្រូវបានអាជ្ញាធរនគម្រោងអភិវឌ្ឈន៍នោះ ពេលនេះ គេឃើញសំណង់រឹងមាំចំនួន២ល្វែងកំពុងសាងសង់ឡើង ដោយអត់ច្បាប់នៅក្បែរផ្សារក្នុងភូមិហើយពុំត្រូវបានអាជ្ញាធរខណ្ឌសែនសុខ ធ្វើការហាមឃាត់ឡើយ ។

តំបន់ត្រពាំងឈូក ត្រូវបានអាជ្ញាធរចាត់ទុកថា ជាតំបន់ដ៏ស្មុគស្មាញ ជាកន្លែងប្រើប្រាស់និងជួញដូរគ្រឿងញៀនមួយយ៉ាងធំក្នុងរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ដោយសារតែតំបន់នេះ ជាកន្លែងចរាចរណ៍គ្រឿងញៀន ក្រសួង មហាផ្ទៃបានណែនាំដល់សាលារាជធានីភ្នំពេញ ឲ្យចាត់វិធានការលុបបំបាត់ឱ្យទាល់តែបាន ។

ទន្ទឹមនឹងវិធានការក្តៅ អាជ្ញាធរខណ្ឌសែនសុខ ក៏បានប្រើវិធានការរដ្ឋបាល ចុះរុះរើបន្ទប់ ជួលចំនួន១០៩បន្ទប់ ដែលជាទីតាំងប្រើប្រាស់ និងជួញដូរគ្រឿងញៀន កាលពីថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០១៧ ។ លុះនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៧ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យស្ថានភាពតំបន់ត្រពាំងឈូក ហើយមានគម្រោងការស្តារ និងអភិវឌ្ឍន៍តំបន់នេះឲ្យមានរបៀបរៀបរយឡើងវិញ ។ ដោយឡែក លំនៅឋានប្រជាពលរដ្ឋរឹងមាំដែលរស់នៅជុំវិញបឹង លោកអភិបាលរាជធានីភ្នំពេញសន្យាថានឹងផ្តល់កម្មសិទ្ធិជូន តែរហូតមកដល់ពេលនេះមានរយៈពេលប្រមាណ៣ខែ មកហើយ គម្រោងនានាហាក់ដូចជាស្ងប់ស្ងាត់នៅឡើយ។

តាមប្រជាពលរដ្ឋរស់នៅតំបន់ត្រពាំង ឈូកបានត្អូញត្អែរថា  បន្ទាប់ពីអាជ្ញាធរប្រើវិធានការរុះរើបន្ទប់ជួល ការរកស៊ីលក់ដូរកំប៉ិកកំប៉ុកនៅតាមផ្ទះស្ងាត់ណាស់ លក់ពុំដាច់នោះទេ ។ ដោយឡែក ចំពោះចរាចរណ៍គ្រឿងញៀន នៅតែមានដដែល គ្រាន់តែកាត់បន្ថយខ្លះៗប៉ុណ្ណោះ។

គួរបញ្ជាក់ថា តំបន់ត្រពាំងឈូកនេះកាលដើមឡើយជាដីទំនប់ បឹង ត្រពាំងដែលគេដាំឈូក មានផ្ទៃដីប្រមាណ៣ហិកតា ។ នៅឆ្នាំ១៩៩២ ប្រជាពលរដ្ឋដែលភាគច្រើនមកពីជំរំ បានមកតាំងទីលំនៅដោយនាំគ្នាសង់លំនៅឋានធ្វើពីឈើនៅលើទឹក ហើយមួយចំនួន ដែលមានលទ្ធភាពក៏បានចាក់ដីធ្វើផ្ទះថ្ម ។ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០០៨ លំនៅឋានរាបរយខ្នងនៅក្នុងតំបន់ត្រពាំងឈូក ត្រូវបានអគ្គិភ័យលេបត្របាក់ ។

បន្ទាប់មក សាលារាជធានីភ្នំពេញមានគម្រោងអភិវឌ្ឍន៍តំបន់នោះម្តងមកហើយ តែពុំបានសម្រេចដោយប្រជាពលរដ្ឋជំទាស់ ហើយបណ្តោយឱ្យប្រជាពលរដ្ឋនាំគ្នាចូលទៅស្នាក់នៅនិងសង់ផ្ទះឡើងវិញ ។ លុះលើកនេះ ព្រោះតែឥទ្ធិពលគ្រឿងញៀនអាជ្ញាធរបង្ក្រាបមិនចេះអស់ក៏ចុះទៅរុះរើផ្ទះចោល ហើយមានគម្រោងយកទីតាំងនេះធ្វើការអភិវឌ្ឍជាថ្មីឡើងវិញ តែក៏បានស្ងប់ស្ងាត់ជាថ្មីទៀត ព្រោះមិនឃើញមានការអភិវឌ្ឍន៍អ្វីនៅឡើយ ៕

6-6-006

6-6-007

6-6-008

Leave a Reply