2-6-001

ខូច​​ដោយសារតែ​ពួក​គាត់​នេះហើយ

ប្រភព ៖ កោះសន្តិភាព

រថយន្តក្រឡុកស៊ីម៉ង់ត៍ជាច្រើនគ្រឿង កំពុងតម្រៀបជួរគ្នាដើម្បីចូលទៅចាក់បេតុងនៅការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅតាមមហាវិថីព្រះនរោត្តមភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងធ្វើឱ្យដីភក់ធ្លាក់ប្រឡាក់ពេញដងផ្លូវមានប្រវែងរាប់ពាន់ម៉ែត្រ ចាប់តាំងពីមុខការដ្ឋានខាងលើ រហូតទៅដល់ផ្លូវលេខ២៩៤ និងផ្លូវសុធារស នាព្រឹកថ្ងៃទី៣១ ខែឧសភា តែពុំមានមន្ត្រីអាជ្ញាធរមូលដ្ឋានណាម្នាក់ចុះទៅមើលឡើយ។

អ្នករត់រ៉ឺម៉កម៉ូតូម្នាក់ ឮនិយាយថា ចាប់តាំងពីម៉ោងប្រមាណ៨ព្រឹកថ្ងៃទី៣១ ខែឧសភាមក គាត់ឃើញមានរថយន្តក្រឡុកស៊ីម៉ង់ត៍ជាច្រើនគ្រឿងតម្រៀបគ្នាជាជួរ ដើម្បីរង់ចាំចូលទៅចាក់បេតុងនៅក្នុងការដ្ឋានសំណង់ក្នុងដីឡូត៍មួយកន្លែងនោះ។ ដោយសារមានរថយន្តចេញចូលទៅចាក់បេតុងយ៉ាងច្រើននោះ ធ្វើឱ្យបែកភក់ជ្រាំយ៉ាងខ្លាំងជាប់កង់រថយន្ត ហើយពេលចេញមកវិញធ្លាក់ដីប្រឡាក់ពេញផ្លូវតែម្តង តែគាត់មិនឃើញមានវត្តមានអាជ្ញាធរមូលដ្ឋានណាម្នាក់ចុះមកធ្វើការណែនាំឡើយ ។

ប្រភពដដែលបន្តថា គាត់សូមអំពាវនាវទៅដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រសួង មន្ទីរ ជាពិសេសទៅដល់សាលារាជធានីភ្នំពេញ មេត្តាមកមើលមហាវិថីព្រះនរោត្តមដែលជាផ្លូវដ៏សំខាន់មួយ កំពុងតែប្រឡាក់ទៅដោយដីភក់ ដោយសារតែរថយន្តក្រឡុកបេតុងចេញចូលក្នុងការដ្ឋានខាងលើនោះ។

លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់បានប្រាប់តាមទូរស័ព្ទថា ការធ្លាក់ដីភក់លើមហាវិថីព្រះនរោត្តម ដោយសារតែរថយន្តដឹកដី ឬក៏រថយន្តក្រឡុកស៊ីម៉ង់ត៍របស់ការដ្ឋានសំណង់ខាងលើនេះ រូបលោកមិនបានដឹងឡើយ តែលោកនឹងចុះទៅធ្វើការណែនាំម្ចាស់ការដ្ឋានខាងលើ ឱ្យលាងសម្អាតផ្លូវឱ្យបានស្អាតឡើងវិញ ៕

2-6-009

2-6-010

2-6-011

Leave a Reply