2-3-cyclo1

អ្នក​ធាក់​ស៊ីក្លូ-រត់​ម៉ូតូ​​ ដែល​យក​យាន​ធ្វើ​ជា​ផ្ទះ​ស្នាក់ ចង់​ឲ្យ​រដ្ឋ​មាន​ផ្ទះ​ជួល​ថោកៗ

ប្រភព ៖ ភ្នំពេញបុស្តិ៍

ស៊ីក្លូធ្លាប់ជានិមិត្តរូបនៃសេវាដឹកជញ្ជូនសាធារណៈឯកជនជាទីពេញនិយមនៅក្នុងទីក្រុងភ្នំពេញ ចាប់តាំងពីសម័យអាណានិគមនិយមបារាំងជារហូតមកគឺលើកលែងតែក្នុងរយៈពេលជិត ៤ ឆ្នាំនៃការគ្រប់គ្រងអំណាចរបស់ខ្មែរក្រហមចន្លោះពីឆ្នាំ ១៩៧៥-៧៩ ប៉ុណ្ណោះ បន្ទាប់មកស៊ីក្លូក៏ចាប់ផ្តើមទទួលការពេញនិយមឡើងវិញជាបន្តមកទៀត។

ប៉ុន្តែបច្ចុប្បន្ននៅតាមដងផ្លូវសាធារណៈនានានៃរាជធានីភ្នំពេញ គេពុំសូវឃើញមានចំនួនស៊ីក្លូច្រើនដូចមុនទេខណៈដែលយានជំនិះដឹកជញ្ជូនគ្មានផ្សែងមួយនេះនៅសល់កាន់តែតិចវាថែមទាំងបានបន្ថែមតួនាទីថ្មីរបស់ខ្លួនម្យ៉ាងទៀតគឺដោយសារ «អ្នកធាក់ស៊ីក្លូភាគច្រើនមកពីតាមខេត្តបានយកស៊ីក្លូធ្វើជាកន្លែងសម្រាន្តរបស់ពួកគាត់នៅពេលយប់ៗ» នៅតាមទីសាធារណៈមួយចំនួននៅក្នុងទីក្រុងនេះតែម្តង។

លោក ហ៊ិន មឿន វ័យ ៥៩ ឆ្នាំជាកសិករមកពីស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានឆ្លៀតពេលទំនេរពីការងារស្រែចម្ការរួចក៏មកធ្វើជាកម្មករធាក់ស៊ីក្លូនៅទីក្រុងភ្នំពេញ ដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ដែលមានកូននៅក្នុងបន្ទុក ៥ នាក់ និងមានដីស្រែតែ ០,៥០ ហិកតាប៉ុណ្ណោះ។ គាត់បានឲ្យដឹងថាដូចៗគ្នាទៅនឹងកម្មករធាក់ស៊ីក្លូជាច្រើនរូបទៀតពួកគាត់មកភ្នំពេញមានតែសម្ពាយ «ខោអាវពីរសម្រាប់ ក្រមាមួយ និងថវិកា ២-៣ ម៉ឺនរៀល ជាប់ខ្លួនតែប៉ុណ្ណោះ»។

បុរសវ័យ ៥៩ ឆ្នាំរូបនេះបានថ្លែងថានៅភ្នំពេញកម្មករ «ធាក់ស៊ីក្លូភាគច្រើនបានចំណាយថវិកា ៣០០០ រៀលជួលស៊ីក្លូ ១ ក្នុង ១ ថ្ងៃដើម្បីបានស៊ីក្លូធាក់ដឹកម៉ូយ»។ ចំណែកប្រាក់ចំណូលវិញ «យើងអាចរកបានចន្លោះពីជាង ១ ម៉ឺនរៀលទៅ ៣ ម៉ឺនរៀល ហើយបើថ្ងៃណាហេងបានដល់ ៤ ម៉ឺនរៀលដែរ»។

លោកបានត្អូញត្អែរថាជាធម្មតាពួក «ខ្ញុំបានចំណាយប្រាក់សម្រាប់អាហារហូបចុកប្រចាំថ្ងៃម្នាក់ចន្លោះពី ៨០០០ រៀលទៅ ១២០០០ រៀលក្នុងមួយថ្ងៃ និងចំណាយលើថ្លៃប្រើប្រាស់បន្ទប់ទឹកដើម្បីបានងូតទឹក (សាធារណៈម្តុំមុខវត្តបទុម) ២ ដងក្នុង ១ ថ្ងៃ អស់ ៤០០០ រៀល និងប្រើប្រាស់បន្ទប់ទឹកបត់ជើងតូចម្តងៗអស់ ៥០០ រៀលទៀត ពីរបីដងក្នុងមួយថ្ងៃ»។ ជារៀងរាល់ថ្ងៃភាគច្រើនពួកគាត់ជាអ្នកធាក់ស៊ីក្លូបានចាប់ផ្តើមការងារតាំងពីម៉ោង ៥ ព្រឹករហូតដល់ម៉ោងជាង ៧ យប់ដើម្បីធាក់ស៊ីក្លូ និងដើម្បីស្វែងរកអតិថិជនមកជិះស៊ីក្លូរបស់ពួកខ្លួន។

«ចាប់តាំងពីម៉ោងជិត ៥ ទៀបភ្លឺពួកខ្ញុំភ្ញាក់ពីដំណេកនៅលើស៊ីក្លូរៀងៗខ្លួន ហើយរូតរះទៅដឹកអីវ៉ាន់ឲ្យម៉ូយយកទៅលក់នៅដូរតាមផ្សារ ឬនៅតាមតូបក្បែរចិញ្ចើមផ្លូវនានា។ មួយម៉ូយពេលព្រឹកយើងអាចរកបានប្រាក់ ២០០០ ទៅ ៣០០០ រៀលដែរគឺមិនទៀងទេ ទៅតាមទីជិតទីឆ្ងាយ»។ នេះបើតាមសម្តីរបស់លោក មឿន។ «ដល់ពេលភ្លឺឡើង យើងចាប់ផ្តើមធាក់ស៊ីក្លូទៅតាមផ្លូវនានាដើម្បីស្វែងរកអ្នកដំណើរដែលត្រូវការជិះស៊ីក្លូទៅផ្សារ ឬទៅនេះទៅនោះជិតៗ និងពេលខ្លះក៏បានដឹកអ្នកទៅធ្វើការអ៊ីចឹងដែរទៅអាចបានលុយច្រើនបន្តិច»។

នៅទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ននេះការធ្វើដំណើរដោយស៊ីក្លូគឺបានតែក្នុងរង្វង់ចម្ងាយផ្លូវជិតៗប៉ុណ្ណោះ ព្រោះបើទៅឆ្ងាយបន្តិចអ្នកជិះគេងាកទៅរកជិះម៉ូតូរ៉ឺម៉កកង់ ៣ វិញហើយ។

កម្មករធាក់ស៊ីក្លូរូបនេះបន្តថា៖ «ពួកយើងយកថ្លៃជិះស៊ីក្លូគឺចាប់ពី ១០០០ រៀលរហូតដល់ ៤០០០ រៀលប៉ុណ្ណឹងឯង ហើយភាគច្រើនម៉ូយជិះម្តងបាន ២០០០ រៀលទៅមកផ្សារកណ្តាល ឬផ្សារចាស់នៅជិតៗនេះឯង»។

លោក យ៉ាន់ សារិន វ័យ ៧៨ ឆ្នាំមានទីលំនៅនៅស្រុកកោះធំ ខេត្តកណ្តាល បានចំណាយពេលជាង ២០ ឆ្នាំចុងក្រោយនេះជាមួយនឹងមុខរបរធាក់ស៊ីក្លូ។ គាត់បានរំឭកថា៖ «គ្រួសាររបស់យើងបានចំណាយប្រាក់ប្រហែលជាង ១០០០ ដុល្លារទិញបានស៊ីក្លូថ្មីមួយកាលពីឆ្នាំ ១៩៩០ ហើយក៏បន្តប្រកបរបរនេះជារហូតមក»។

លោកបានបន្តថា៖ «ឥឡូវនេះស៊ីក្លូរបស់ខ្ញុំចាស់ហើយ តែបើចង់ធ្វើថ្មីក៏ខាងអាជ្ញាធរក្រុងគេអត់ឲ្យមានធ្វើស៊ីក្លូថ្មីបន្ថែមទៀតដែរ»។

ដោយវ័យកាន់តែចាស់គាត់អាចធាក់ស៊ីក្លូរបស់ខ្លួនបានយឺតៗ និងជិតៗតែប៉ុណ្ណោះ។ «រាល់ថ្ងៃហ្នឹងក្រោយពីផាត់ហូបចុកហើយ ខ្ញុំអាចនៅសល់ប្រាក់បានពី ១ ម៉ឺន ទៅជិត ២ ម៉ឺនរៀលប៉ុណ្ណោះ»។ នេះបើតាមប្រសាសន៍របស់លោក សារិន។ ទោះជាយ៉ាងណាលោក និងក្រុមគ្រួសារមានកូនផ្ទះតូចមួយផ្ទាល់ខ្លួនសម្រាប់រស់នៅនៅម្តុំស្ទឹងមានជ័យ និងពុំបាច់ចំណាយប្រាក់ជួលស៊ីក្លូដូចគេទេ។

លោក ព្រំ ឌាន វ័យ ៧១ ឆ្នាំមកពីខេត្តស្វាយរៀងក៏បានចំណាយពេលនៅលើស៊ីក្លូច្រើនឆ្នាំដូចលោក យ៉ាន់ សារិន ដែរ។

លោកបានពោលថា៖ «ជំនាន់ខ្ញុំធាក់ស៊ីក្លូអាចចិញ្ចឹមកូនប្រពន្ធបាន។ ប៉ុន្តែសព្វថ្ងៃរកបានតែរស់ម្នាក់ឯងទេ គឺក្រោយពីកាត់ហូបចុក និងប្រើប្រាស់បន្ទប់អនាម័យហើយគឺនៅសល់ប្រាក់ប្រហែលជាង ១ ម៉ឺនរៀលក្នុងមួយថ្ងៃនេះគឺអត់ផ្លូវទេ»។

Leave a Reply