container-market-tuol-kok-01

សំណង់​ទីផ្សារ​កុងតឺន័រ កំពុង​ពេញ​និយម​សម្រាប់​កម្ពុជា

ប្រភព ៖ ភ្នំពេញបុស្តិ៍

នៅពេលបច្ចុប្បន្ន ប្រភេទផ្សារដែលសាងសង់ និងឌីហ្សាញពីកុងតឺន័រ ជាប្រភេទផ្សារដែលពេញនិយម និងមានស្តង់ដារបច្ចេកវិទ្យាខ្ពស់សម្រាប់តម្រូវការរបស់អតិថិជន។

សំណង់ផ្សារកុងតឺន័រជាច្រើនបានលេចរូបរាងក្នុងប្រទេសកម្ពុជា ដែលការតុបតែងរបស់ហាងកុងតឺន័រនីមួយៗមានរូបសណ្ឋាន និងរចនាបទកែច្នៃផ្សេងៗគ្នា។ នៅភ្នំពេញ នឹងមានផ្សារកុងតឺន័រមួយថ្មីទៀត ឈ្មោះ Art’s Container Market ដែលសាងសង់លើដីតំបន់បឹងកក់។

យោងតាមម្ចាស់អាជីវកម្មវ័យ ២៧ឆ្នាំ លោក ប៊ុន សេង បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា គំនិតនៃការបង្កើតអាជីវកម្មនេះ (Art’s Container Market) គឺដើម្បីគាំទ្រទាំងអាជីវកម្មដែលបង្កើតថ្មីក្នុងស្រុក និងក្រៅស្រុកក្នុងការបំពេញតម្រូវការដល់អតិថិជន។

លោកបានឲ្យដឹងថា Art’s Container Market គឺជាអាជីវកម្មទី១ របស់លោកបន្ទាប់ពីការបើកភោជនីយដ្ឋានរួចមក ផ្សារនេះនឹងមានការផ្គត់ផ្គង់តែសេវាកម្មភោជនាហារ និងភេសជ្ជៈ ដោយមិនមានការលក់សម្លៀក បំពាក់ ឬសម្ភារប្រើប្រាស់ដូចផ្សាររាត្រីដទៃឡើយ។

ដោយការបង្កើតកន្លែងអាជីវកម្មនេះមិនមែនជាលើកដំបូង សំណង់ផ្សារកុងតឺន័រជិត ៨០ តូប ដែលស្ថិតក្នុងផ្ទៃដីជិត៣ពាន់ម៉ែត្រការ៉េ បានខិតខំធ្វើការឌីហ្សាញជាលក្ខណៈស្តង់ដារថ្មី ដោយ ផ្តោតសំខាន់ទៅលើទម្រង់សិល្បៈ ដែលកំពុងពេញនិយមសម្រាប់ប្រជាជនកម្ពុជា។

ជាមួយនឹងហាងដែលឌីហ្សាញជាលក្ខណៈសិល្បៈ និងការទស្សនាតន្ត្រីពីក្រុមអ្នកចម្រៀងនិពន្ធដោយខ្លួនឯង លោក សេង បន្តថា ៖ «អតិថិជន នឹងមានការចាប់អាម្មរណ៍ខ្លាំងលើការតុបតែងរចនាផ្នែកខាងក្នុងរបស់ហាងនីមួយៗនៅក្នុងផ្សាររបស់យើង»។

container-market-tuol-kok

លោកបានពន្យល់ពីការបើកអាជីវកម្មនៅទីតាំងបឹងកក់ថា ៖ «ខ្ញុំនឹងកំណត់តម្លៃមួយសមរម្យសម្រាប់ប្រជាជនគ្រប់ថ្នាក់ ហើយខ្ញុំជឿថា ទីតាំងនេះជាទីតាំងគោលដែលជាទីក្រុងគជ់ដូចតំបន់កោះពេជ្រ ហើយភ្ញៀវនៅក្បែរទីតាំងនេះរស់នៅតំបន់ទួលគោកជាដើម»។

លោក ប៉ែន វឌ្ឍនៈយុត្តិ វ័យ ២៣ឆ្នាំ មានបើកអាជីវកម្មមួយនៅក្នុង Art’s Container Market បានប្រាប់ថា៖ «យើងបាននាំយកហាងមកពីស្រុកក្រៅដែល មានលក់ប្រភេទជា Burger ដែល មានរូបស្អាត។ អ្វីដែលសំខាន់ គឺជាប្រភេទម្ហូបមកពីប្រទេសហុងកុង ដែលមានឈ្មោះថា «Bear Bread»។

លោកបានឲ្យដឹងថា ទីតាំងហាងក្នុងតំបន់នេះជាតំបន់ទីប្រជុំជន នៅចំកណ្តាលរាជធានីភ្នំពេញ ហើយផ្សារកុងតឺន័រនេះមានលក្ខណៈខុសពីផ្សាររាត្រីផ្សេងៗ ដែលមានលក់ចម្រុះច្រើនមុខ។

លោកបន្តថា ៖ «ម្ហូបដែលយើងបាននាំចូលមកជាប្រភេទមុខម្ហូបថ្មី សង្ឃឹមថាប្រជាជនទូទៅ ជាពិសេសយុវវ័យ នឹងពេញចិត្តជាមួយនឹងរសជាតិ និងរូបរាងស្រស់ស្អាតខុសពី Burger ដែលមានលក់នៅក្នុងប្រទេសនេះពីព្រោះគ្រឿងផ្សំបាននាំយកមកពីខាងក្រៅទាំងអស់»។

ផ្សារ Art’s Container Market ដែលមានទីតាំងនៅសង្កាត់បឹងកក់ នឹងចាប់ផ្តើមបើកលក់នៅថ្ងៃទី៥ ខែសីហា ខាងមុខ នេះ គឺចាប់ពីម៉ោង ៤ល្ងាចរហូត ទល់ភ្លឺ៕

Leave a Reply